លោកគង់ យន្ត ក្រុមប្រឹក្សាឃុំអង្កោល ប្រើអំណាចចាក់ដីលុបសមុទ្រទាំងកំរោល

ខេត្តកែប៖អ្នកភូមិបានរាយការណ៍ថានៅថ្ងៃទី ១៥ខែតុលាឆ្នាំ២០២០ នៅវេលាម៉ោង ០៤និង៤០នាទី នៅចំណុចភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ មានបុគ្គលឈ្មោះ គង់ យន្ត ដែលមានងារជាក្រុមប្រឹក្សាឃុំអង្កោល បានចាក់ដីលុបសមុទ្រ ទាំងបំពាន ខណៈដែលខ្លួនឯងគឺជាមន្ត្រីអនុវត្តច្បាប់។

ពលរដ្ឋរស់នៅភូមិអំពែង ឃុំអង្កោល បានសម្ដែងការ ហួសចិត្តយ៉ាងខ្លាំង ចំពោះ លោកគង់ យន្តដែលខ្លួនឯងជាមន្ត្រី បែជាធ្វើជាគំរូអាក្រក់ដល់ពលរដ្ឋទៅវិញ។

ពលរដ្ឋបានឲ្យដឹងថា បើជាពួកគាត់សាងសង់តូប ឬក៏ ធ្វើអ្វីមួយនៅមាត់សមុទ្រ ត្រូវតែសុំច្បាប់ ឬសុំច្បាប់ហើយ គេមិនអនុញ្ញាតឲ្យផង ចុះហេតុអ្វីបានជា លោកក្រុមប្រឹក្សាឃុំម្នាក់នេះ ហ៊ានដល់ចាក់ដីលុបសមុទ្រ មិនមានអ្នកណាមកហាមឃាត់បែបនេះ ឬមួយច្បាប់គេអនុវត្តបានតែជាមួយប្រជាពលរដ្ឋទេ ?  ពាក់ព័ន្ធការចាក់លុបមាត់សមុទ្រពីសំណាក់ លោកគង់ យន្ត នេះ លោកម៉ី ជី មេឃុំអង្កោលបានឲ្យដឹងថា មួយរយៈនេះគាត់ឈឺ គាត់បានប្រគល់ការងារឲ្យទៅ ជុំទប់ទី១ ឯរឿងលោកក្រុមប្រឹក្សាឃុំចាក់ដីលុបសមុទ្រនេះ លោកមិនគាំទ្រនោះទេ ក្នុងនាម ខ្លួនគឺជាមន្ត្រី ធ្វើអ្វី តាមតែទំនើងចិត្ត ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ និងជាគំរូអាក្រក់មួយ ដែលមិនអាចទទួលយកបាន។

ជុំវិញការចោទប្រកាន់នេះបណ្ដាញសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកគង់យន្ត នៅឡើយទេ។
ទោះយ៉ាងណា ពលរដ្ឋ កំពុងតែរង់ចាំចំណាត់ការរបស់អ្នកស្រីគឹមចាន្នី អភិបាលស្រុកដំណាក់ចង្អើរនិង លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប ទើបតែឡើងកាន់តំណែងថ្មីថ្មោង តើមានចំណាត់ការយ៉ាងណាចំពោះក្រុមប្រឹក្សាឃុំអង្កោលម្នាក់នេះ៕SRP