ខេត្តព្រៃវែង៖អាជ្ញាធរខេត្តព្រៃវែងនៅ
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាក
បណ្តោះអាសន្នយានយន្តដឹកទំនិញធុនធំ ដែលចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ៣១៣ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ដោយសារនៅត្រង់ចំណុចទំនប់បង្ហៀរបឹងស្នេហ៍(កម្រាលផ្លូវបេតុងសរសៃដែក) កំពុងទទួលរងនូវផលប៉ះពាល់ជំនន់ទឹកភ្លៀងជន់លិច និងហូរកាត់ខ្លាំងផ្លូវជម្រៅចង់ត្រឹមចង្គង់ ចម្ងាយប្រវែងប្រហែលជាង២០០ម៉ែត្រ។
គួរបញ្ជាក់ថា ផ្លូវខេត្តលេខ៣១៣នេះ គឺជាផ្លូវសំខាន់មួយដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ចូលតាមផ្សារកអណ្តើក ឬតាមផ្សារកំពង់សឹងស្រុកបាភ្នំ កាត់មកផ្លូវជាតិលេខ១១ ស្រុកពាមរក៍ ខេត្តព្រៃវែង។ អាជ្ញាធរស្រុកទាំងពីរខាងលើបានអោយដឹងថា ដោយប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលព្យុះនិងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលអោយប៉ះពាល់ខេត្តមួយចំនួន ក្នុងនោះភូមិសាស្ត្រមួយចំនួននៃខេត្តព្រៃវែង ក៏បានទទួលរងផលប៉ះពាល់ផងដែរ។
ជាក់ស្តែងទំនប់បង្ហៀរបឹងស្នេហ៍នេះត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្លូវរយៈពេល៣ទៅ៤ថ្ងៃមកហើយ។ហេតុដូច្នេះទើបអាជ្ញាធរខេត្តសម្រេចបិទផ្លូវខេត្តលេខ៣១៣នេះជាបណ្តោះអាសន្នតែម្តង។
អាជ្ញាធរបញ្ជាក់បន្ថែមថា ផ្លូវខេត្តលេខ៣១៣នេះមិនបានបិទទាំងស្រុងនោះទេ គឺបិទមិនអោយធ្វើចរាចរណ៍តែរថយន្តធុនធំៗតែប៉ុណ្ណោះ ដោយតម្រូវអោយបើកវាងចូលមកពីផ្លូវជាតិលេខ១(ផ្សារកអណ្តើកឬផ្សារកំពង់សឹង)ត្រូវកាត់តាមផ្លូវកែងតាសូរទៅឃុំទឹកថ្លាឡើងទៅផ្លូវជាតិលេខ៨អាវិញ។ហើយបើបើកបរមកពីខេត្តព្រៃវែងតាមផ្លូវលេខ១១ឡើងទៅផ្សារអ្នកលឿងកាត់ទៅរកផ្លូវជាតិលេខ១វិញ។
ចំណែករថយន្តតូចៗនិងរ៉ឺម៉កម៉ូតូអនុញាតអោយនៅធ្វើដំណើរឆ្លងកាត់តាមផ្លូវខេត្តលេខ៣១៣នេះជាធម្មតា ក្រោមការដាក់កម្លាំងការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាជនអ្នកធ្វើដំណើរ២៤លើ២៤ម៉ោង រហូតដល់មានការណែនាំជាថ្មីពីមន្ត្រីជំនាញនិងអាជ្ញាធរខេត្តនាពេលខាងមុខ៕SRP
អាជ្ញាធរខេត្តព្រៃវែង ប្រកាសផ្អាកបណ្តោះអាសន្ន យានយន្តដឹកទំនិញ ធុនធំ ឆ្លងកាត់ផ្លូវលេខ៣១៣