ខេត្តស្វាយរៀង៖លោក ម៉ែន វិបុល អភិបាលខេត្ត នៅរសៀលថ្ងៃទី១៤ខែតុលានេះ បានដឹកនាំកម្លាំងមន្ត្រីរាជការ ប្រមាណជាង៣០០នាក់ចូលរួមដើម្បីទប់ទំនប់វៀងក្រុងត្រង់ចំណុចសង្កាត់គយត្របែកនិងសង្កាត់ពោធិ៍ធិហោ ដែលបច្ចុប្បន្នទឹកជំនន់ទឹកភ្លៀងកំពុងវាយលុកនិងគំរាមកំហែង។
ក្នុងឱកាសនោះដែរ លោកម៉ែន វិបុល បានថ្លែងថាទឹកជំនន់ដោយសារទឹកភ្លៀងពីមួយថ្ងៃ ទៅមួយថ្ងៃកើនឡើងជាលំដាប់ ហើយត្រង់ចំណុចដែលសមត្ថកិច្ចនិងក្រុមការងារ ចូលរួមទប់ថ្ងៃនេះឃើញថាទឹកឡើងខ្លាំងអាចនឹងឈានដល់ដាច់ទំនប់ប្រសិនបើយើងមិនបានទុបបង្ការទុកជាមុន។ ដោយក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ ឃើញថា មានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើអោយទឹកនៅក្នុងទន្លេវ៉ៃគោ ហក់ឡើងរហូតបណ្ដាលឱ្យលិចភូមិដ្ឋាន បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងស្វាយរៀងចំនួន២៨គ្រួសារផងដែរ។
លោកបានបញ្ជាក់ថាបច្ចុប្បន្នកងកម្លាំងទាំងបីប្រភេទនិងមន្ត្រីរាជការ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាកំពុងត្រៀមលក្ខណៈ ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះដោយសារទឹកជំនន់នេះ។
ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមដងទន្លេវ៉ៃគោ នឹងតាមក្រុងស្រុកទាំងអស់ត្រៀមបង្ការនិងប្រុងប្រយ័ត្ននូវគ្រោះមហន្តរាយ ដោយសារទឹកជំនន់ ព្រោះប្រទេសយើងទទួលសម្ពាធខ្យល់មូសុងវស្សាក៏ដូចជាព្យុះភ្លៀងធ្លាក់លាយឡំនៅប៉ុន្មានថ្ងៃខាងមុខនេះបន្តទៀត៕SRP