ខេត្តសៀមរាប៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ បានអញ្ជើញចុះពិនិត្យពីការងាររៀបចំអភិវឌ្ឍ នានានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
បន្ត្រីអាជ្ញាធរថាការរៀបចំកែលម្អសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្តដូចជា ការរៀបចំដាំដើមឈើ ការរៀបចំផ្លូវនិងប្រព័ន្ធបង្ហូរទឹក ការរៀបចំបរិស្ថានជុំវិញត្រពាំងសេស ការរៀបចំចំណតរថយន្តនិងតូបលក់ដូរ និងកិច្ចការងារផ្សេងៗទៀតក្នុងន័យធ្វើឱ្យតំបន់នេះមានភាពទាក់ទាញ មានរបៀបរៀបរយ និងស័ក្ដិសមជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។
លោកខៀវ កាញារីទ្ធ បានសម្ដែងអារម្មណ៍រីករាយ និងគាំទ្រទៅនឹងសមិទ្ធផលដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដោយរំពឹងថា ការរៀបចំនេះនឹងក្លាយជាប្រយោជន៍ដ៏ធំរបស់ជាតិនាពេលខាងមុខ។ រដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អាជ្ញាធរ ឱ្យបន្តធ្វើកិច្ចការទាំងនេះបន្ថែមទៀត ដើម្បីជាប្រយោជន៍ និងមុខមាត់របស់ប្រទេសជាតិ ពិសេសទាក់ទាញភ្ញៀវទេសចរមកកាន់រមណីយដ្ឋានអង្គរ៕SRP