ខេត្តព្រៃវែង៖នគរបាលស្រុកបាភ្នំ បានសម្រេចឃាត់ខ្លួនម្ចាស់ផ្ទះ ក្រោយពីមានជនសង្ស័យម្នាក់ បានចូលទៅក្នុងផ្ទះហើយត្រូចបានខ្សែភ្លើងឆក់ស្លាប់។
ហេតុការណ៍នេះ កើតឡើង វេលាម៉ោងជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនសង្ស័យដែលបានចូលផ្ទះគេហើយត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ។ ជុំវិញករណីនេះ សមត្ថកិច្ចបានបង្កើតគណៈកម្មការ និងពិនិត្យឃើញថា ឈ្មោះ យឹម សំអាត មានស្នាមដាច់ឆេះខ្លោច បាតដៃខាងឆ្វេង មួយកន្លែង បណ្តាលមកពីឆក់ ខ្សែភ្លើង ស្លាប់ពិតប្រាកដមែន។
លោកវរសេនីយ៍ទោ មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ ថ្លែងប្រាប់នៅរសៀលថ្ងៃទី១២ ខែតុលានេះ ថាករណីនេះកម្លាំងនគរបាលបានឃាត់ខ្លួនម្ចាស់ផ្ទះនិងត្រូវបញ្ជូនទៅ តុលាការ។
បើតាមលោកអធិការបញ្ជាក់ថា ការសម្រេចយ៉ាងណានោះ គឺ ជាសមត្ថកិច្ចរបស់តុលាការ។ ពលរដ្ឋបានលើកឡើងថា ដោយសារក្នុងមូលដ្ឋានរបស់ពួកគាត់ ឧស្សាហ៍កើតមានករណីចោរកម្មពេក ទើបម្ចាស់ផ្ទះ ស្ទើរគ្រប់គ្នា បានរាយខ្សែភ្លើងដើម្បីការពារ។ ទោះយ៉ាងណាករណីខាងលើនេះធ្វើអោយម្ចាស់ផ្ទះ មានទោសទៅវិញ៕SRP