ស្នងការខេត្តសៀមរាប អញ្ជេីញប្រគល់ថវិកា ដល់នគរបាលចូលនិវត្តន៍ និងគ្រួសារមន្ត្រីមរណ:

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃច័ន្ទទី១២ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងក្រុមគ្រួសារមន្ត្រីមរណៈ សរុបចំនួន ៤៩ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៤៩៣,៨២៣,២៨០ រៀល ( បួនរយកៅសិបបីលានប្រាំបីសែនពីរម៉ឺនបីពាន់ពីររយប៉ែតសិបរៀល)។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនេះ លោកស្នងការ បានរំលឹកពីអនុស្សាវរីយ៍ចាស់ៗ ស្នាដៃ និងការបូជាកម្លាំងកាយចិត្ត ពេលវេលារបស់កងកម្លាំងក្នុងកិច្ចការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបតាំងពីសម័យសង្គ្រាមស៊ីវិលរហូតដល់ប្រទេសជាតិមានសុខសន្តិភាព។

ជួសមុខអោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គរស្នងការនគរបាលជាតិ លោកស្នងការបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ និងក្រុមគ្រួសារមន្ត្រីមរណ: ចំពោះការលះបង់គ្រប់យ៉ាងរបស់មន្ត្រីនគរបាលទាំងអស់នាពេលកន្លងមកចំពោះជាតិមាតុភូមិ។

ថវិកាដែលត្រូវផ្ដល់គោលនយោបាយដល់មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ៣៨ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ២៩៥,១៧៦,០០០រៀល (ពីររយកៅសិបប្រាំលានមួយសែនប្រាំពីរម៉ឺប្រាំមួយពាន់រៀលគត់) ។
-មន្ត្រីនគរបាលមរណៈចំនួន ១១ នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ១៩៨,៦៤៧,២៨០ រៀល (មួយរយកៅសិបប្រាំបីលានប្រាំមួយសែនបួនម៉ឺនប្រាំពីរពាន់ពីរយប៉ែតសិបរៀល)៕SRP