ឃាត់ខ្លួនវៀតណាម២៧នាក់ នៅក្រុងសៀមរាប ករណីលួចឆ្លងដែនខុសច្បាប់

0

ខេត្តសៀមរាប៖ជនជាតិវៀតណាមប្រុសស្រីចំនួន២៧នាក់ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅខុសច្បាប់។
ការឃាត់ខ្លួននេះនៅវេលាម៉ោង ១៤និង០០នាទីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប នៅចំណុចសណ្ឋាគារ អង្គរយៀធីម ស្ថិតនៅភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។
ប្រភពបានឲ្យដឹងថាជនជាតិវៀតណាមទាំង២៧នាក់នោះ ស្រី៩នាក់។ ក្នុងនោះក៏បាននាំខ្លួនជនជាតិចិន៥នាក់ស្រីម្នាក់ផងដែរ ដោយសារតែស្នាក់នៅសណ្ឋាគារកន្លែងតែមួយ។ ប៉ុន្តែជនជាតិចិនទាំង ៥នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថាជនបរទេសទាំងអស់ខាងលើសមត្ថកិច្ចកំពុងសាកសួរនៅស្នងការនគរបាលខេត្តសៀមរាប និងធ្វើតេសរកជំងឺកូវីដ19 ផងដែរ។ ជនជាតិវៀតណាមទាំង ២៧ នាក់ គឺបានឆ្លងដែនតាមច្រករបៀង នៃច្រកជ្រៃធំ ដោយធ្វើដំណើរតាមទូក។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍នៅឡើយទេ៕SRP