ក្រុមមន្ត្រីចុះពិនិត្យស្ថានភាពផ្លូវ សម្រាប់ការស្ថាបនា ៣៨ខ្សែនៅក្នុងក្រុងសៀមរាប

0

ខេត្តសៀមរាប៖ក្រុមការងារគណ:កម្មការអន្តរក្រសួង ដឹកនាំដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្ដរក្រសួង និង រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្ត នៅព្រឹកមិញបានចុះពិនិត្យមើលស្ថានភាពផ្លូវនៅក្រុងសៀមរាប រួមមាន ៖ ផ្លូវហ្សាដឺហ្គោល , ផ្លូវកូម៉ៃផ្លូវ , ជាតិលេខ៦ , ផ្លូវក្រវ៉ាត់ក្រុងសៀមរាប , ផ្លូវអមមាត់ស្ទឹងសៀមរាប , ផ្លូវឆ្ពោះទៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា និងផ្លូវសំខាន់ៗជាច្រើនទៀតនៅក្នុងក្រុងសៀមរាប។

សូមរំលឹកថាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០កន្លងទៅថ្មីៗ២០នេះ លោក យិត ប៉ុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស របស់គណៈកម្មការអន្តរក្រសួង បើកកិច្ចប្រជុំពិភាក្សាលើកទី១ ជាមួយរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ទៀ សីហា ខេត្ត ស្តីពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប ដែលកិច្ចពិភាក្សានោះ បានសិក្សាលើប្រការដែលចាំបាច់បំផុតគឺ ពិនិត្យស្ថិរភាពផ្លូវថ្នល់ , រក្សាបរិស្ថានធម្មជាតិនៃទីក្រុងជាមួយស្ទឹងសៀមរាប , លើកកិត្តិយសជាទីក្រុងវប្បធម៌ ប្រវត្តិសាស្រ្ត ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបញ្ជ្រាបសុខុមាលភាពនៃតំបន់ដែលត្រូវអភិវឌ្ឍន៍ ដែលគម្រោងអភិវឌ្ឃន៍នេះ ជាចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងក្តីរំពឹងទុកជាវិជ្ជមាន សម្រាប់តំបន់អង្គរ-សៀមរាប ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ នាពេលអនាគត់ក្រោយវិបត្តិកូវីត១៩ ពិសេសនោះ ការស្ថាបនាផ្លូវ ត្រូវតែជាបណ្តាញផ្លូវប្រទាក់ក្រឡាសមាហរណកម្មជាមួយនឹងបណ្តាញផ្លូវដែលមានស្រាប់ បម្រើឲ្យការរំដោះលំហូរចរាចរណ៍នៃយានយន្ត ដែលត្រូវកើនឡើងនាពេលខាងមុខ រួមទាំងការបន្ស៊ីគ្នាជាមួយគម្រោងប្រព័ន្ធលូទឹកកខ្វក់ របស់គម្រោងដៃគូអភិវឌ្ឍ គឺគម្រោងរបស់ធនាគាពិភពលោកនិងកូរ៉េ ដើម្បីធានាបាននូវប្រព័ន្ធចែកដាច់ពីគ្នា រវាងទឹកភ្លៀងនិងទឹកកខ្វក់ ផងដែរ។

សូមជម្រាបថា កាលពីថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសពីការសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប ។
សម្តេចតេជោ បានសរសេរបញ្ជាក់បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩៕SRP