ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់ថា ចំពោះការផ្សាយ ឬបង្ហោះសារ ដោយចោទប្រកាន់ថា មានការបង់ប្រាក់ដល់មន្ត្រីប៉ូលិស ឬមន្ត្រីប៉ូលិសដើរដាក់ខែ តាមកន្លែងម៉ាស្សាក្នុងខេត្ត សៀមរាប លោកសុំធ្វើការបដិសេធចោលទាំងស្រុង។ ត្បិតការផ្សាយឬបង្ហោះសារតាមបណ្តាញសង្គមរបស់បុគ្គល គ្រាន់តែជាការញុះញង់ និងបំពុលបញ្ហាសន្តិសុខសង្គមដល់ខេត្តទេសចរណ៍សៀមរាបអង្គរតែប៉ុណ្ណោះ។ ផ្ទុយទៅវិញបុគ្គលទាំងនោះ គឺផ្សាយព័ត៌មានគ្មានមូលដ្ឋានទាំងអស់។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ថ្លែងយ៉ាងដូច្នេះគឺបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានកន្លែងម៉ាស្សាច្រើនណាស់ តែប៉ូលិសមិនបង្ក្រាប ព្រោះគេបង់លុយខែអោយមេប៉ូលិស ការិយាល័យប្រឆាំងការជួញដូរមនុស្ស។
ពាក់ព័ន្ធករណីលោកវរសេនីយ៍ទោជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានថ្លែងប្រាប់ថា ចំពោះការបង្ហោះសារនេះ គឺជាការបង្ក បំពុល សង្គមរបស់បុគ្គ។ មិនមានការបង់លុយខែ ឬដើរដាក់ ខែតាមកន្លែងម៉ាស្សា ដូចការចោទប្រកាន់នោះឡើយ។
លោកជា ហេង បន្ថែមថា ថ្មីៗនេះមានអាខោនហ្វេសប៊ុឈ្មោះLee Seang បានយករូបភាពដែលការិយាល័យរបស់លោកបង្ក្រាបកន្លែងម៉ាស្សាបង្កប់សេវាផ្លូវភេទ មកបង្ហោះដោយចោទថា កន្លែងម៉ាស្សាបែប នេះមានច្រើនណាស់តែប៉ូលិសមិនបង្ក្រាប ព្រោះគេបង់លុយអោយ។ ផ្ទុយទៅវិញ សកម្មភាពទាំងនេះ ការិយាល័យរបស់លោក ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តសេនីយ៍ទោស្នងការខេត្ត គឺធ្វើការតាមដានស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់។ ក្នុងអំពើសញ្ចារកម្ម ក្រៅពីកន្លែងម៉ាស្សា យើងក៏បានឃាត់ខ្លួនជនបរទេសបញ្ជូនទៅតុលាការច្រើនករណីផងដែរ។
បើតាមលោកនាយការិយាល័យ បញ្ជាក់ថា ក្នុងខេត្តសៀមរាប មានអាជីវកម្មម៉ាស្សាគ្មានច្បាប់ប្រមាណជា៦០កន្លែង។ប៉ុន្តែយើងអាចធ្វើការបង្ក្រាប តែកន្លែងបង្កប់សេវាផ្លូវភេទ និងកន្លែងដែលមានអនីតិជន តែប៉ុណ្ណោះ។ ចឹងទេការបង្ហោះសារចោទប្រកាន់ខាងលើ គឺជាការបំពុលសង្គមរបស់បុគ្គលតែប៉ុណ្ណោះ៕SRP

