ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តបានធ្វើការត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្ត ជាង៧០គ្រឿង ក្នុងការរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍។ ជាមួយគ្នានេះដែរអ្នកបើកបរម្នាក់ ត្រូវបានរកឃើញមានសារធាតុញៀនក្នុងខ្លួនផងដែរ។
អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លោក ពិន ប្រាកដ បានថ្លែងថា ក្នុងឱកាសដែលលោកបានដឹកនាំក្រុមមន្ត្រីត្រួតពិនិត្យ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក នាព្រឹកមិញនេះយើងបានពិនិត្យរថយន្តធុនតូចចំនួន២៣គ្រឿង , រថយន្តធុនធំចំនួន៥៩គ្រឿង , ពិន័យខ្សែក្រវ៉ាត់រថយន្តតូចចំនួន១គ្រឿង , ម៉ូតូអត់ពាក់មួកសុវត្ថិភាពចំនួន១គ្រឿង និងពិនិត្យរកឃើញសារធាតុញៀនលើអ្នកបើកបរចំនួនម្នាក់។
លោកថាតាមការកត់សម្គាល់ចំពោះការត្រួតពិនិត្យយានយន្តជាច្រើនគ្រឿងរួចមកឃើញយានយន្តភាគច្រើនមានលក្ខណបច្ចេកទេសត្រឹមត្រូវច្រើនជាងមុន ។
បើតាមលោក ពិន ប្រាកដ គោលបំណងសំខាន់នៃការត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្ត និងការរឹតបណ្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់អាជ្ញាធរខេត្តសៀមរាបនៅពេលនេះ គឺផ្តោតសំខាន់ទៅលើកត្តា០៣រួមមាន៖ ទី១.ទប់ស្កាត់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរិមា ,
ទី២.រក្សាសណ្តាប់ធ្នាក់ចរាចរណ៍ឱ្យបានល្អប្រសើរឱ្យមានកិត្យានុភាពជាតិ និងមានសេចក្តីថ្លៃថ្នូលរបស់សង្គមជាតិយើង
ទី៣.ទប់ស្កាត់នូវបទល្មើសចរាចរណ៍លើដងផ្លូវសាធារណៈឱ្យបានដាច់ខាត។
លោក សូមអំពាវនាវដល់បងប្អូនអ្នកបើកបរទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីខ្លួនយើងផ្ទាល់ ដើម្បីគ្រួសារយើង និងសង្គមជាតិរបស់យើងផងដែរ។
សូមបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្រុមការងារបានចុះត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្តបានចំនួន៥លើក ក្នុងភូមិសាស្រ្ត ស្រុកប្រាសាទបាគង , ជីក្រែង , ពួក និង ស្រុកសូទ្រនិគម ដោយពិនិត្យរថយន្តបានចំនួន៦១៩គ្រឿង ក្នុងនោះរថយន្តមានលក្ខណបច្ចេកទេសត្រឹមត្រូវមានចំនួន៥៩០គ្រឿង និងខុសបច្ចេកទេសចំនួន២៩គ្រឿង៕SRP

