ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលខេត្តសៀមរាបធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ។
ជនសង្ស័យឈ្មោះ វុធ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកំណើតនៅភូមិបុស្ស ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានថ្លែងបញ្ជាក់ប្រាប់ សៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថា ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌ ក្រុងសៀមរាបនិងនគរបាលស្រុកបន្ទាយស្រី ឃាត់ខ្លួននៅថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ ក្នុងពេលយកម៉ូតូដែលលួចបានយកទៅបញ្ចាំនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះតែម្នាក់ឯងពិតមែន។
សូមបញ្ជាក់ករណីលួចម៉ូតូបានកើតឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះចាន់ សុភាព ភេទស្រី អាយុ៤៧ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ ការបាត់ ខណ:ជនរងគ្រោះទុកម៉ូតូមុខផ្ទះមិនបានដកសោរ។ ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប១J-៥២៦៤ ខតួ.លេខ៨៤៨៤៩១៦ ៕SRP

