បើកម៉ូតូមិនប្រយ័ត្ន ប៉ះជាមួយរថយន្តបណ្ដាលអោយប្ដីប្រពន្ធ រងរបួសធ្ងន់ស្រាល

ខេត្តសៀមរាប៖អាជ្ញាស្រុកក្រឡាញ់ បានអោយដឹងថាប្ដីប្រពន្ធពីរនាក់បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចណ៍ រវាងម៉ូតូប៉ះជាមួយរថយន្ត។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២០លើផ្លូវជាតិលេខ០៦ ត្រង់ចំណុចផ្លូវចូលភូមិផ្លាំង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ អាជ្ញាធរបានបន្តថាករណីនេះ រថយន្តម៉ាហ៊ីយ៉ាន់ដាយពណ៌ខៀវ១តោន
ពាក់ស្លាកលេខ សៀមរាប២B.៥៧៥៤ ដឹកទឹកសុទ្ធបើកបរដោយឈ្មោះ រ៉ុត រ៉ាវីត ភេទប្រុស អាយុ២០ រស់ នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត បន្ថយល្បឿនបំរ៉ុងបទស្តាំចូលផ្លូវលំភូមិផ្លាំង។ ចំណែកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មំ១H ៤៨៣៤បើកបរដោយឈ្មោះ ឈយ ពិ ភេទប្រុសអាយុ៣៣ឆ្នាំ របួសធ្ងន់ ឌុបប្រពន្ធឈ្មោះតាំង យ៉ាត អាយុ២០ឆ្នាំ របួសស្រាល អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិនិគមលើ ឃុំស្រឡប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ក្នុងទិសដៅពីលិចទៅកើតស្របគ្នា ពីក្រោយ បានទាក់នឹងដៃចង្កូតម៉ូតូខាងឆ្វេង និងកាបាំងភ្លើងស្តុបរថយន្ត ខាងក្រោយផ្នែកខាងស្តាំ បណ្ដាលអោយគ្រោះថ្នាក់តែម្ដង។ ចំពោះម៉ូតូនិងរថយន្តខូចស្រាលយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃំុស្រណាល់រងចាំការដោះស្រាយ។

បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុអ្នកបើកបរម៉ូតូប្រើប្រាស់ចន្លោះសុវត្ថិភាពជិតហើយមិនប្រយ័ត្ន។ ទោះយ៉ាងណា
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់៕SRP