ខេត្តព្រៃវែង៖អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថារថយន្តដឹកអេតចាយមួយគ្រឿង ត្រូវបានឆ្លង ចរន្តភ្លើងអាគុយបណ្តាលអោយឆាបឆេះអេតចាយមួយចំនួន។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងចំងាយ១០០ម៉ែត្រពីរង្វង់មូលស្វាយអន្ទរ។
លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបានបញ្ជាក់ថា រថយន្តដឹកអេតចាយខាងលើនេះ ម៉ាកហ៉ីយ៉ុនដាយ ចំណុះ២៥ តោន អ្នកបើកបរឈ្មោះ ថេត ចាន់ធា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសុក្រំជ្រុំ ឃំុគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ក្នុងទិសដៅពី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឆ្លងកាត់ ឃុំព្រៃព្នៅ ទៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
មូលហេតុដោយសារឆ្លងចរន្តអាគុយអេតចាយចាស់ៗ ដាក់ក្នុងទ្រុងរថយន្ត មិនមានការប្រុងប្រយ័ត្ន។
បើតាមអធិការករណីនេះបានរងការខូចខាត សម្ភារលើរថយន្ត មានដូចជា អាគុយចាស់ៗ សំបកដបជ័រ កំប៉ុង ដែក ។ សរុបការខូចខាតសម្ភារអេតចាយមួយចំនួន ប្រហែល ៣០%។ ក្នុងនោះរថយន្តអគ្គិភ័យស្រុកស្វាយអន្ទរ ប្រើប្រាស់អស់ទឹកចំនួន០៣ឡាន។
ម្ចាស់រថយន្តបានកើតសរសើរនឹងថ្លែងអំណរគុណដល់សមត្ថកិច្ចស្រុកស្វាយអន្ទរជាពិសេសលោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបន្ទាប់ពីបានដឹងថាមានករណីនេះភ្លាមក៏បានដឹកនាំកម្លាំងចុះជួយពន្លត់ដោយផ្ទាល់តែម្តង។ ម្ចាស់រថយន្តបានបន្តទៀតថាបើកុំតែបានសមត្ថកិច្ចមកជួយទាន់ពេលវេលាម្ល៉េះរថយន្តរបស់គាត់ត្រូវអស់ទាំងស្រុងហើយ៕SRP

