ខេត្តមណ្ឌលគិរី៖លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ថា បញ្ហាបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធ គឺជាបញ្ហាដ៏ស្មុគស្មាញ ដូច្នេះ បញ្ហាទាំងនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់អង្គភាពជំនាញ និងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋទាំងអស់ ដើម្បីធ្វើយ៉ាងណា រួមគ្នាថែរក្សា ការពារធនធានធម្មជាតិ ឱ្យបានស្ថិតស្ថេរគង់វង្ស។
អភិបាលខេត្ត បានណែនាំដល់សមត្ថកិច្ចជំនាញ ត្រូវចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន និងថែរក្សាការពារបង្គោលព្រំដែន។ ម្យ៉ាងទៀត ក៏ស្នើដល់សមត្ថកិច្ច និងមន្រ្តីជំនាញ ត្រូវសហការគ្នា យកចិតទុកដាក់រៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមទីវត្តអាមនានា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីធ្វើយ៉ាងណា ឲ្យអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ៕SRP

