អាជ្ញាធរ ចុះពិនិត្យការសាងសង់ផ្លូវកៅស៊ូបេទីម(AC) ២ខ្សែ​ ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖លោក​ ពិន​ ប្រាកដ​ អភិបាល​រងខេត្ត​ តំណាង​ លោក ទៀ​ សីហា​ អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២០ ​ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ​ និងកំពុងសាងសង់​ផ្លូវកៅស៊ូបេទីម​(AC) ចំនួន​ ២ខ្សែ​ ក្នុងក្រុងសៀមរាប​ រួមមាន៖១-ផ្លូវកៅស៊ូបេទីម (AC) ទទឹង​ ១១ម៉ែត្រ​ បណ្ដោយ​ ២​ ១០០ម៉ែត្រ​ សម្រេចបាន​ ៤០​ ភាគរយ​ កំពុងដំណើរការសាងសង់ផ្លូវ​ និង​ចាក់គ្រឹះដើម្បីធ្វេីការចាក់កៅស៊ូបេទីម(AC)​ ហេីយការ​ចាក់កៅស៊ូបេទីម(AC)នឹងចាប់ផ្ដេីមនៅសប្ដាហ៍ក្រោយនេះ​ ស្ថិតនៅភូមិវត្តដំណាក់​ ចាប់ពីចំណុចវត្តដំណាក់​ កាត់មុខសាលាសង្កាត់កំរេីក​ ដល់ផ្លូវក្រវ៉ាត់ក្រុង​

២-ផ្លូវ​ចាក់កៅស៊ូបេទីម(AC) ទទឹង​ ៧ម៉ែត្រ ​ បណ្ដោយ​ ១​ ៦៨០ម៉ែត្រ ពីផ្លូវជាតិលេខ៦(សាខាពន្ធដារខេត្ត) ដល់ផ្លូវ៣០​ សម្រេចបាន​ ៧៥ភាគរយ​ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ​ និងភូមិត្រពាំងសេះ​ សង្កាត់គោកចក​ ក្រុងសៀមរាប។
សូមរំលឹកថាផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំ ជនបទ នៅក្នុងខេត្តសៀមរាប ត្រូវបានសាងសង់ ជួសជុល និងរៀបចំបណ្តាញលូ បានសាងសង់ជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប។ ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានគ្រោងចំណាយថវិកាសាងសង់ផ្លូវក្នុងក្រុងសៀមរាប​ ចំនួន២៨ខ្សែ រួមមានផ្លូវកៅស៊ូបេទីម(AC) និងផ្លូវបេតុង។ ដូចនេះផ្លូវទាំង២ខ្សែនេះ គឺស្ថិតនៅក្នុងចំណោមផ្លូវទាំង២៨ខ្សែ ដែលក្រុមការងារចុះពិនិត្យ ដើម្បីពង្រឹងគុណភាព តាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ផងដែរ៕SRP