ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការអំពាវនាវដោយទទូច ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប អោយបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតជាពិសេសរាល់ពេល ចតម៉ូតូទុកនៅតាមទីសាធារណ:។ អធិការនគរបាលថាសូមធ្វើការចាក់សោរកងឬច្រវ៉ាក់ និងបិទសន្ទះសោរ អោយបានត្រឹមត្រូវ ដើម្បីរក្សាសុវត្តិភាពចៀសវាង មានការធ្វេសប្រហែស ផ្តល់ឱកាសអោយជនសង្ស័យ ងាយស្រួលធ្វើសកម្មភាពលួច។
អធិការនគរបាលក្រុងសៀមរាបបញ្ជាក់នៅថ្ងៃទី១១ខែសីហាឆ្មាំ២០២០នេះថាគិតចាប់ ពីខែមករា ដល់ខែ កក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាល ចំណុះអោយ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការស្រាវជ្រាវ បង្ក្រាប និងឃាត់បានមុខសញ្ញាជនសង្ស័យ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ និងលួចកាច់សោរកយកម៉ូតូមានស្ថានទម្ងន់ទោស បានសរុបចំនួន១១ នាក់ ស្រី០១(ពាក់ព័ន្ទអំពើសមគំនិត) ក្នុងនោះដកហូតម៉ូតូ បានចំនួន១៦គ្រឿង ដោយម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព២គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ មានចំនួន១៤គ្រឿង។ ជជាមួយគ្នានេះនគរបាលបានធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់វិញបានចំនួន១៤គ្រឿងផងដែរ។
ដោយឡែកបក្ខពួករបស់ជនសង្ស័យ ខាងលើបានកំណត់អត្តសញ្ញាណ ដើម្បីធ្វើការស្វែងរកចាប់ខ្លួនជាបន្តបន្ទាប់ទៀត។
បើតាមនគរបាលថាទោះបីជាជនសង្ស័យពាក់ព័ន្ធនឹងករណីនេះទាំង ត្រូវបានធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលការផ្តន្ទាទោសតាមផ្លូវច្បាប់ ជាបន្តបន្ទាប់យ៉ាងណាក្តី សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕SRP