ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាដើមឈើគ្រញូងមួយដើមដែលដុះនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាត្រូវបានជនមិនស្គាល់អត្តសញ្ញាណរួចកាត់យកបាត់ដោយសុវត្ថិភាព។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២០ចំណុចគោកបាខែង ក្រុមទី៦ភូមិត្រពាំងសេះ សង្កាត់កោកចក ក្រុងសៀមរាប។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថាស្តីពីការចុះត្រួតពិនិត្យករណីកាប់ឈើគ្រញូង។ ការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថាពិតជាមានការលួចកាត់ឈើគ្រញូងដែលមានមុខកាត់ ០.២ម៉ែត្រពិតប្រាកដមែន ដោយជនមិនស្គាល់មុខ ហើយដើមគ្រញូងនេះត្រូវជនមិនស្គាល់មុខនោះលួចយកកំណាត់ពាក់កណ្ដាលអស់ប្រវែងប្រមាណ៣ម៉ែត្រ ដោយបន្សល់ទុកគល់នឹងចុងប៉ុណ្ណោះ។
បើយោងតាមរបាយការណ៍ដដែលបញ្ជាក់ថាករណីនេះក្រុមការងារនឹងបន្តស្រាវជ្រាវរកជនប្រព្រឹត្តមកផ្តន្ទាទោសតាមផ្លូវច្បាប់។
សូមរំលឹកថាកាលនៅវលាម៉ោង១៤និង០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ចំណុច
ព្រៃឧទ្យានអង្គរភូមិក្រវ៉ាន់ សង្កាត់នគរធំក្រុងសៀមរាប មានជនសង្ស័យពុំស្គាល់មុខបានលួចកាប់ឈេីគ្រញូងអស់ចំនួន៤ដេីម ផងដែរ។
ទោះយ៉ាងណាពាក់ព័ន្ធទៅនឹងករណីលួចកាប់ឈើគ្រញូងនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាបន្តបន្ទាប់ បែបនេះ គេនៅមិនទាន់ឃើញអាជ្ញាធរជាតិអប្សរាចាប់បានជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ ខណៈនៅក្នុងតំបន់ឧទ្យានអង្គរគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានកម្លាំងការពារយ៉ាងរឹងតឹងពីសំណាក់មន្ត្រីអាជ្ញាធរជាតិអប្សរា សូម្បីប្រជាពលរដ្ឋជួសជុលលំនៅដ្ឋានបន្តិចបន្តួចត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរាចុះទៅដល់ភ្លាមនឹងវាកម្ទេចចោលទៀតផង។
ជាការកត់សម្គាល់បើទោះបីជានៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានហាមឃាត់មិនឲ្យមានការសាងសង់សំណង់យ៉ាងណាក៏ដោយក៏ប៉ុន្តែគេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋានឧទ្យានអង្គរ មានផ្ទះសាងសង់ជាច្រើនផងដែរ មិនដឹងថាមានលិខិតអនុញាតឬយ៉ាងណានោះទេ។
ជុំវិញករណីនេះមជ្ឈដ្ឋាននានាកំពុងរង់ចាំមើលអាជ្ញាធរជាតិអប្សរាតើអាចមានសមត្ថភាពចាប់ជនសង្ស័យដែលលួចកាប់ឈើគ្រញូងបានដែរឬយ៉ាងណា៕SRP
ទៀតហើយ កាប់ឈើគ្រញូង នៅក្នុងតំបន់គ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា បានដោយសុវត្ថិភាព