ទីបំផុត សាលាស្រុកសូទ្រនិគម ក្លាយជាផ្ទះល្វែងសម្រាប់លក់

ទីបំផុត សាលាស្រុកសូទ្រនិគម ក្លាយជាផ្ទះល្វែងសម្រាប់លក់

ខេត្តសៀមរាប៖នៅទីបំផុតអគាររួមទាំងបរិវេណសាលាស្រុកសូទ្រនិគមទាំងមូល ដែលជាកន្លែងផ្តល់សេវាកម្មគ្រប់ប្រភេទ ដល់ពលរដ្ឋទូទៅ ពេលនេះបានក្លាយទៅជាផ្ទះល្វែងសម្រាប់លក់ទៅវិញ។
ការប្រែប្រួលពីអគារសាលាស្រុក ទៅជាផ្ទះល្វែងយ៉ាងស្គឹមស្គៃនេះ ក៏បានក្លាយទៅជាប្រធានបទ សំណួរនិងចម្លើយ របស់មហាជនទូទាំងស្រុក។

អ្នកខ្លះលើកឡើងជាសំណួរថា ហេតុអ្វីបានជា ទីតាំងសាលាស្រុក ស្ងាត់បាត់អក្សរ សរសេរថា សាលា ស្រុកសូទ្រនិគម ហើយបែជាឃើញពាក្យថា(ផ្ទះល្វែង) សម្រាប់លក់ទៅវិញ?។ អ្នកខ្លះទៀតលើកឡើងថា កន្លងមកឃើញមានការរុះរើ និងសាងសង់ថ្មី ស្មានថា ចៅហ្វាយស្រុកជួសជុលអគារ ដឹងអីពេលកើតថ្មី ប្រែជាផ្ទះល្វែងបែបនេះ!។ ចំណែកអ្នកខ្លះទៀត ក៏បានលើកឡើងបែបដឹងល្ហៀងៗថា គេដោះដូរតើ..។
ស្ត្រីអាជីវករលក់ដូរក្នុងផ្សារដំដែក នៃស្រុកសូទ្រ និគមម្នាក់បានបរិយាយថា ចាប់តាំងរូបគាត់លក់ដូរនៅផ្សារនេះ អគារសាលាស្រុកហាក់មិនមានការប្រែប្រួលអ្វីទេ។តែឥឡូវនេះទីធ្លាសាលាស្រុកបានប្រែទៅជាផ្ទះល្វែងទៅហើយ មិនដឹងថាគេលក់ឬដោះដូរទីតាំងគ្នាឡើយ។ បើអីចឹងមែនល្អហើយ តែគួរអោយសោកស្តាយ ក្នុងនាមជាពលរដ្ឋ។
ជុំវិញករណីខាងលើនេះ អភិបាលស្រុក សូទ្រ និគម លោកម៉ក់ ប្រុស បានថ្លែងប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី៦ខែសីហា ឆ្នាំ២០២០នេះថា ទីតាំងសាលាស្រុករួមទាំងអគារផងនោះ គឺជារបស់ធនាគារជាតិ។ មិនមែនជាដីរបស់សាលាស្រុកនោះទេ។ តាមពិតសាលាស្រុកបានខ្ចីអគាររបស់ធនាគារជាតិ សម្រាប់ប្រើបាស់តែប៉ុណ្ណោះ។
ដោយឡែកលោកលី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប ក៏បានមានប្រសាសន៍នៅរសៀលថ្ងៃដដែលនេះដែរថា ទីតាំងសាលាស្រុកសូទ្រនិគម ពិតជារបស់ធនាគារជាតិមែន។ ពីមុនស្រុកខ្ចីអគារគេប្រើ តែឥឡូវគឺបានសង់សាលាស្រុកវិញហើយ នៅខាងត្បូងទីតាំងមុនបន្តិច៕SRP