ខេត្តសៀមរាប៖ជីក្រែងគឺជាស្រុកមួយរបស់ខេត្តសៀបរាប ដែលមានចម្ងាយពីទីរួមក្រុងសៀមរាបជាង៦០គីឡូ
ត្រូវបានបង្កើតតំបន់ទេសចរណ៍ថ្មីពីរកន្លែងផ្សេងទៀតគឺរមណីយដ្ឋាន ទឹកធ្លាក់ចំកាដូងអូររមាសនិង រមណីយដ្ឋានទំនប់ខ្សាកបន្ទាប់ពីរមណីយដ្ឋានទំនប់ម្កាក់ ។
ថ្វីត្បិតរមណីយដ្ឋានទឹកធ្លាក់ចំការដូងអូររមា សនិងទំនប់ខ្សាក ជាតំបន់អភិវឧ្បន៍ទេសចរណ៍អេកូឡូសុីថ្មី ប៉ុន្តែគេសង្កេតឃើញថា មានភ្ញៀវទេសចរណ៍ក្នុងស្រុកជាច្រើនទៅកម្សាន្ដនៅនោះ ដោយភ្ញៀវទេសចរខ្លះបានទៅសំរាកទទួលទានអាហារថ្ងៃត្រង់នៅរមណីដ្ឋានទឹកធ្លាក់ចំការដូងអូររមាសនាពេលថ្ងៃ ឯពេលល្ងាចពួកគេប្ដូរទៅលំហែកាយនៅខ្នងទំនប់ខ្សាកជាទីដែលអាចមើលថ្ងៃលិចបាន។ ទាកទង់ទៅនឹងការអភិវឌ្បន៍តំបន់ទសចរណ៍ទាំងនេះ អភិបាលស្រុកជីក្រែង លោក ពៅ ប៊ុនធឿន បានប្រាប់បណ្ដាញសាព័ត៌មានសៀមរាបប៉ុស្ដិ៍ តាមទរស័ព្ទនៅពីថ្ងៃទី០៦ ខែសីហា ២០២០ ថាលោកនឹងបន្តគម្រោងអភិវឌ្បទេសចរណ៍៍ អេកូឡូស៊ី Ecolozi បន្ថែមមួយកន្លែងផ្សេងទៀត បន្ទាប់ពីគម្រោងចាស់ស្ថាបនារួចរាល់ជាស្ថាពរ។ ក្នុងនោះដែរ លោក ពៅ ប៊ុនធឿន ក៏សូមអោយបណ្ដាញព័ត៌មាននានាជួយផ្សព្វផ្សាយព័ត៌មានស្ដីអំពីតំបន់ទេសចរណ៍នេះផងដែរ។ លោកក៏រំពឹងថានិងមានភ្ញៀវទេសចរ កើនឡើងជាបន្តបន្ទាប់។
ដោយឡែកលោក ភឹង វិទូ ដែលជាម្ចាស់គម្រោងអភិវឌ្បន៍តំបន់ថ្មី រមណីយដ្ឋាន ទឹកធ្លាក់ចំកាដូងអូររមាស បានថ្លែងប្រាប់អ្នកយកព័ត៌មាន សៀមរាបប៉ុស្ដិ៍ ដែលកំពុងទទួលទានអាហារថ្ងៃត្រង់ក្នុងរមណីយដ្ឋានទឹកធ្លាក់ អូរមាស នៅថ្ងៃទី ០៥ខែសីហា២០២០ ថា លោកនឹងរៀបចំប្រព័ន្ធសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ អោយបានខ្ពស់ ដូចជាការមិនអោយមានទឹកច្រើនពេក ការពាក់អាវពោងសុវត្តិភាពជាប្រចាំ និងការជិះទូកមានចំនួនកំណត់ ។
បើតាម លោក ភឹង វិទូ បានផ្ដោតសំខាន់នៅរមណីយ ដ្ឋានទឹកធ្លាក់ចំការដូងអូររមាសគឺការអនាម័យ មិនអោយចោលសំរាម ពាសវាលពាសកាលឡើយ។ ជាមួយគ្នាភ្ញៀវជាតិនិងអន្តរជាតិអាចយកបាយម្ហូបស្រាទៅពីខាងក្រៅបាន ដោយម្ចាស់ទីតាំងគិតតែថ្លៃតូបនិងភេសជ្ជៈប៉ុណ្ណោះ។
សូមបញ្ជាក់ថារមណីយដ្ឋានទឹកធ្លាក់ចំការដូងអូររមាស មានកញ្ចុះជាង៤០ ដែលបានធ្វើនៅជាប់មាត់ទឹកហូរ មានលក់ម្ហូបអាហារ សម្រាប់ទទួលភ្ញៀវ។ រមណីយដ្ឋានទឹកធ្លាក់ចំការដូងអូររមាសស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំ ពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប មានចំងាយពីទីប្រជុំជនស្រុកជីក្រែងទៅជាង២០គីឡូតាមផ្លូវលេខ២៦៦។
ចំណែកទំនប់ខ្សាកស្ថិតក្នុងភូមិអូរ ឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ពីទីប្រជុំជនស្រុកជីក្រែងទៅតាមផ្លូវលេខ ២៦៦មានចម្ងាយជាង៤០គីឡូ។
សូមបញ្ជាក់ផងដែរថាក្នុងស្រុកជីក្រែងក្រៅពីមានរមណីយដ្ឋានទាំងពីរខាងលើ ក៏មានរមណីយដ្ឋានមួយកន្លែងទៀតដែលពលរដ្ឋក៏ដូចជាភ្ញៀវជាតិអន្តរជាតិនិយមចូលចិត្តមកលេងកម្សាន្តគឺរមណីយដ្ឋានទំនប់ម្កាក់ មានចំងាយពីទីរួមស្រុកជីក្រែងទៅមានចម្ងាយជាង១០គីឡូ៕SRP