ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែសីហានេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងធ្វើការសិក្សាអំពីស្ថានភាពផ្លូវថ្នល់មួយចំនួន ដែលមិនទាន់ប្រែក្លាយទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីលើកគម្រោងក្នុងការស្ថាបនា ជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់ពលរដ្ឋ។
អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនេះដែរ លោកអ៊ុន ចាន់ដា បានប្រាប់មន្ត្រីជំនាញធ្វើការសិក្សាឲ្យបានច្បាស់លាស់ លើគម្រោងស្ថាបនា ពីផ្លូវដីទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ ដោយប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលខេត្តកំពង់ចាមក្នុងឆ្នាំ២០២១។
ផ្លូវទី០១ ជាប្រភេទផ្លូវបេតុង០១ខ្សែ ដែលមានប្រវែង១៣៥០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម និងផ្លូវទី០២ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ០១ខ្សែ ដែលមានប្រវែង៦៥៤ម៉ែត្រ លើកំណាត់ផ្លូវសុរិយាវរ្ម័នទី០២ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕SRP

