អាជ្ញាធរ​ខេត្តកំពង់ចាម​ បេីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ការពារជំងឺដល់សត្វគោក្របី ជូនប្រជាពលរដ្ឋ

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ ​​អភិបាលខេត្តកំពង់ចាម​​ និងប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកមិញនេះបានអញ្ជើញបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងទប់ស្កាត់​ជំងឺឆ្លងផ្សេងៗ ដល់​សត្វ​គោក្រ​បី​ នៅ​ឃុំ​តុងរុង ស្រុកព្រៃឈរ។
ការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក ជំងឺអ៊ុចក្តាម ​​​លេីសត្វគោក្របីនេះ ក្រោមការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ។
លោក​​ អ៊ុន​ ចាន់ដា​ ​​បានធ្វេីការណែនាំ​ដល់​អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ​ត្រូវ​ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ​ ឲ្យ​បានចូលរួមជាមួយជំនាញ​ ដើម្បីចាក់ថ្នាំការពារទប់ស្កាត់នូវជំងឺឆ្លងដល់សត្វ និងជួយរាយការណ៍​ អំពីស្ថានភាពជំងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ដោយត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឲ្យបានទាន់​ពេលវេលា​ ​ចៀសវាង​បង្ក​ឲ្យ​មាន​ការ​​ឆ្លង​ជំងឺរីករាលដាលធ្ងន់ធ្ងរ ។
លោក​អភិបាលខេត្ត​ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​​ ឲ្យ​ធ្វេី​ការ​សំអាត​​ថែរក្សា​បរិវេណ​ជុំវិញ​លំនៅឋាន​របស់ខ្លួន​​​ ដែល​ជា​កន្លែង​សត្វ​មូសបង្កាត់ពូជ​ ដេីម្បី​ការពារ​ជំងឺ​ឆ្លង​ផ្សេងៗ​​បេី​មាន​ជំងឺ​អ្វី​​កេីនឡេីង​ សូម​ប្រញាប់​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​។ ​

បេីយោងតាម​​លោក​ស៊ីម​ ថាវីរះ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តកំពង់ចាម​ បានឲ្យដឹងថា​ សម្រាប់​ខេត្ត​កំពង់ចាម​ មាន​សត្វ​គោក្របី​សរុប​ចំនួន​២០៤.៨៦០ក្បាល​ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺហើយ ចំនួន១.០៨៧​ក្បាល​ ដោយឡែក​នៅ​ក្នុង​ស្រុកព្រៃឈរ​ មាន​សត្វ​គោក្របីចំនួន៤៨​.៣៩៥ក្បាល ចំពោះ​ឃុំ​តុងរ៉ុង​មាន​គោក្របី​ចំនួន​១២៣៧​ក្បាល​ ហើយត្រូវបានចាក់វ៉ាក់សាំងការពារ​ជំងឺចំនួន៧៣៩ក្បាល ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ តែងតែធ្វើឡេីងជាប្រចាំនារដូវទឹកឡើង​ ដោយ​មិន​មាន​ការ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​​ឡេីយ​៕SRP