ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់ប្រជាពលរដ្ឋ ឲ្យស្រឡាញ់ និងដាំដើមឈើឲ្យបានច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាស លោក រួមជាមួយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធ ដាំដើមឈើ ប្រភេទក្ងោក ប្រមាណជា ៥០០ដើម នៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម។ រៀបចំដោយរដ្ឋបាល ខេត្តកំពង់ចាម សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងមន្ទីរបរិស្ថាន ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ថា រមណីយដ្ឋានប្រាសាទនគរបាជ័យ ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយ នៅក្បែរទីក្រុងកំពង់ចាម ត្រូវបានធ្វើអភិវឌ្ឍ ជាបន្តបន្ទាប់ ជាពិសេស ការកែប្រែនូវសោភ័ណភាព ឲ្យស្រស់បំព្រង ដើម្បី ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។
យ៉ាងណាម៉ិញ យើងបានកសាងផ្លូវបេតុង១ខ្សែ មានប្រវែងជិត២ពាន់ម៉ែត្រ ដែលជាផ្លូវក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទនគរបាជ័យ។
លោក អ៊ុន ចាន់ដា បញ្ជាក់ដែរថា ដើមក្ងោក ដែលយើងដាំនេះ ជាប្រភេទឈើលំអរ ដែលមានផ្កាពណ៌លឿង បាននាំចូលពីបរទេស តាមរយៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ក្រៅពីនោះ យើងក៏បានដាំនូវប្រភេទឈើប្រណិតផ្សេងៗទៀត នៅក្នុងបរិវេណប្រាសាទនគរបាជ័យផងដែរ។
លោកអ៊ុន ចាន់ដា ក៏រំពឹងថា រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ នឹងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត យ៉ាងច្រើនកុះករ ជាមិនខានឡើយ បន្ទាប់ពីធ្វើការអភិវឌ្ឍ។ ដូច្នេះត្រូវរួមគ្នា ដាំដើមឈើគ្រប់ប្រភេទ ឲ្យបានច្រើន ដើម្បី បង្កើតនូវគម្របបៃតង។
អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋ រួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ឲ្យបានគង់វង្ស
ដើម្បីរួមចំណែកលើកកម្ពស់ ដល់វិស័យទេសចរណ៍ នៅក្នុងខេត្តកំពង់ចាម ពោលគឺ «អេកូទេសចរណ៍ ផ្សាភ្ជាប់ជាមួយនឹងវប្បធម៌ធម្មជាតិ» ដែលជាគោលដៅសក្ដានុពល សម្រាប់ភ្ញៀវមកទស្សនា លើទឹកដីខេត្តកំពង់ចាម ម្ដងហើយ ម្ដងទៀត៕SRP

