ចងក សម្លាប់ខ្លួន ក្នុងបន្ទប់ទឹក នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់បាន ចងក សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅម៉ោង០៩ព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុងបន្ទប់ទឹក(បង្គន់) ក្រុមទី០៥ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ ពេជ ភក្ដី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយពិនិត្យសាកសពឃើញថា

– ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ
– ផ្នែកក មានស្នាមរិតកប្រវែង25 សង់ទីម៉ែ្រត
-ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ
-ផ្នែកដៃ ពុំមានស្លាកស្នាមអ្វីទេ ។
-ជនរងគ្រោះបានយកខ្សែក្រណាត់វាងនូន ពណ៌ឈាមជ្រូកលាយផ្កា មានប្រវែង១.៥០ម៉ែត្រ ទៅចងនឹងធ្នឹមផ្ទះក្នុងបន្ទប់ទឹក មានកម្ពស់ ១.៦៥ម៉ែត្រ។

សូមបញ្ជាក់ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ កាត់ខ្សែទម្លាក់មុនសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។ តាមការសាកសួរបំភ្លឺពីម្តាយបង្កើតជនរងគ្រោះបានអោយយើងដឹងថា ជនរងគ្រោះ កន្លងមកធ្លាប់មានជំងឺរាំរ៉ៃ (ជំងឺក្រពះពោះវៀន) ជាង១០ឆ្នាំមកហើយ រហូតមកដល់ព្រឹកមិញជនរងគ្រោះបានអោយម្តាយដាំបបរស អោយហូប ក្រោយពីហូបបបរសរួច ជនរងគ្រោះក៏ដើរចូលទៅក្នុងផ្ទះ លុះមកដល់ម៉ោង០៩.០០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែម្តាយបង្កើតរបស់ជនរងគ្រោះ ដើរចូលទៅក្នុងផ្ទះបំរុងនឹងចូលបន្ទប់ទឹកក្នុងផ្ទះ រួចបើកទ្វារបន្ទប់ទឹក ក៏ឃើញកូនរបស់គាត់ បានចងកស្លាប់បាត់ទៅហើយ។

តាមសន្និដ្ឋាន សាកសពជនរងគ្រោះស្លាប់ដោយសារ(ចងក)ធ្វើអត្តឃាត ប្រាកដមែនបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕SRP