អាជ្ញាធរថៃអនុញ្ញាត ឱ្យអាជីវករខ្មែរ បើករថយន្តចូល៥០គ្រឿង ដើម្បីដឹកទំនិញចេញ ​

ខេត្តបន្ទាយមានជ័យ៖អភិបាលរងខេត្តបន្ទាយមានជ័យ​ លោក ង៉ោ ម៉េងជ្រួន បានប្រាប់​ឱ្យដឹងថា ដោយមាន ការព្រមព្រៀងគ្នាភាគីថៃ បានអនុញ្ញាតឱ្យអាជីវករខ្មែរបើករថយន្តចូលទៅដឹកទំនិញចំនួន៥០គ្រឿង ចាប់ពីថ្ងៃទី១៥ ខែកកដ្កា ឆ្នាំ២០២០ ហើយក្នុងរថយន្ត១គ្រឿង មានមនុស្ស តែ២នាក់ ក្នុងនោះមានអ្នកបើកបររថយន្តម្នាក់ និងអ្នករួមដំណើរម្នាក់។

លោក ង៉ោ ម៉េងជ្រូន បានឱ្យដឹងទៀតថា អ្នកបើកបររថយន្ត និងអ្នករួមដំណើរសូម អនុវត្តន៍តាមច្បាប់ឆ្លងដែន ពោលគឺត្រូវតែបង្ហាញនូវរាល់ឯកសារចេញ និងចូលប្រទេស រហូតទាល់ តែបានធ្វើលិខិតបញ្ជាក់ពីទំនិញ និងបញ្ជាក់ពីកន្លែងចំណត និងទីតាំងបញ្ជូន ទំនិញឱ្យបានជាក់លាក់។

លោកបានបញ្ជាក់ថា ចំពោះអ្នកធ្វើដំណើរចូលមកដឹកទំនិញត្រូវមានអ្នកបើកម្នាក់ និងអ្នករួមដំណើរម្នាក់ ហើយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរួមមាន ត្រូវតែពាក់ម៉ាស់ឱ្យបានជាប្រចាំ វាស់កំដៅសិនទើបអនុញ្ញាតឱ្យធ្វើដំណើរឆ្លង​​កាត់។ រាយនាមអ្នកបើកយានយន្ត លិខិតបញ្ជាក់ពីការបញ្ជូនទំនិញ ឯកសារឆ្លងដែន មានលិខិតឆ្លងដែនប័ណ្ណព្រំដែន និងប័ណ្ណឆ្លងដែនបណ្ណោះអាសន្ន។

លោក ង៉ោ ម៉េងជ្រួន បន្តថា រថយន្តទាំង៥០គ្រឿងនោះត្រូវគោរពតាម ពេល វេលាដែលត្រូវឆ្លងកាត់ ចាប់ពីម៉ោង ៨ព្រឹក ហើយធ្វើដំណើរត្រឡប់មកវិញនៅ វេលា ម៉ោង១ថ្ងៃត្រង់ ក្នុងមួយថ្ងៃជាកំហិត យានយន្តចេញចូលមិនលើសពី៥០គ្រឿង ជាដាច់ខាត។

ចំពោះប្រជាជនកម្ពុជាដែលចូលមកដឹកទំនិញក្នុងមួយថ្ងៃៗសូមចូលតាមផ្លូវដែលបានកំណត់ជូននិងអនុញ្ញាតឱ្យស្ថិតក្នុងបរិ​វេនរបស់ខ្លួនប៉ុណ្ណោះ ព្រមទាំងមានការកំណត់ ពេលវេលាជាក់លាក់ សម្រាប់ដឹកជញ្ជូនទំនិញឱ្យទាន់តាមពេលវេលាកំណត់។

លោកបន្តទៀតថា ចំពោះម្ចាស់តូបទំនិញ មុននឹងធ្វើដំណើរត្រឡប់ទៅ វិញសូមពិនិត្យ និងបិទប្រព័ន្ធភ្លើងឱ្យបានត្រឹមត្រូវ មុននឹងចាកចេញខ្លាចមានអគ្គិភ័យឆាបឆេះ ប្រសិនបើមាន ការល្មើសនឹងច្បាប់ ឬបទបញ្ជាភ្នាក់ងារប្រតិបត្តិមានតួនាទីប្រចាំការ និងធ្វើការបញ្ឈប់ សកម្មភាពនេះភ្លាមៗ៕SRP