សម្តេច ស្នើឱ្យអាជ្ញាធរ បង្កើតសហគមន៍ អ្នកចឹញ្ចឹមត្រី ដើម្បីងាយស្រួល តតាំងថ្លៃជាមួយឈ្មួញ ក្នុងការកំណត់តម្លៃ

ខេត្តព្រៃវែង៖នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធរួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបង ប្អូនប្រជាពលរដ្ឋបង្កើតសហគមន៍អ្នកចិញ្ចឹមត្រី ដើម្បីងាយស្រួលក្នុងការតតាំងជាមួយឈ្មួញ សម្រាប់កំណត់តម្លៃលក់ត្រី។

ថ្លែងក្នុងការអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនិងផែនការអភិវឌ្ឍន៍នៃការធ្វើវារីវប្បកម្ម នៅកម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ  និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់រដ្ឋបាល ជលផល ដែលមានទីតាំងស្ថិត នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០នេះ សម្តេច ហ៊ុន សែន បានលើកឡើងពីបញ្ហារបស់ប្រជា កសិករចិញ្ចឹមត្រីលើបញ្ហាតម្លៃត្រីថោកនៅពេលទទួលផល ត្រង់ចំណុចនេះ សម្ដេចតេជោ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធគួរបង្កើតឱ្យមានសហគមន៍អ្នកចិញ្ចឹមត្រី ដើម្បីធ្វើការតវ៉ា ជាមួយឈ្មួញទិញត្រី។

សម្ដេចតេជោបានបញ្ជាក់ថាបើសិនប្រជាកសិករលក់ត្រីដោយខ្លួនឯង នោះឈ្មួញពិបាកឱ្យតម្លៃព្រោះអ្នកខ្លះលក់ថ្លៃ អ្នកខ្លះថោកដែលធ្វើឱ្យឈ្មួញពិបាក ចូលទិញ ដូច្នេះគួរបង្កើតសហគមន៍ មួយដើម្បីលក់ត្រីមានភាពងាយស្រួល។ សម្តេចតេជោបានលើកឡើងថា ការចឹញ្ចឹមត្រីទទួលបានផលច្រើនជាងការធ្វើស្រែ ដោយមានការ ចំណេញ  ច្រើនគួរសម  ដោយធ្វើការលើផ្ទៃដីប្រហាក់ប្រហែលគ្នា។

សម្តេចនាយករដ្ឋមន្ត្រីបានស្នើឱ្យសមត្ថកិច្ចដែលចុះចាប់បង្រ្កាបបទល្មើសជលផលខុសច្បាប់ដោយប្រើប្រាស់ស្បៃ អួនដាក់ត្រី មិនត្រូវចាប់យក ស្បៃទៅ ដុតចោលដូចមុនទៀតទេ គឺត្រូវទុកស្បៃទាំងនោះឱ្យប្រជាកសិករ អ្នកចឹញ្ចឹមត្រី យកទៅ បាំងត្រីក្នុងស្រះដែលលិចទឹក។ សម្តេចតេជោបានថ្លែងថា “ពេលនេះខ្ញុំស្នើសុំឱ្យសមត្ថកិច្ច ដែលចាប់បានស្បែ អួនដែលជនល្មើសយកទៅដាក់ចាប់ត្រីខុសច្បាប់ដោយកុំ ដុតចោល ដូចមុនទៀត ដោយទុកយកមកឱ្យប្រជាកសិករអ្នកចឹញ្ចឹមត្រីនៅពេលទឹកលិចស្រះ របស់ពូកគាត់វិញ”។

សម្តេចថា ការទុកស្បៃនេះចំណេញច្រើនជាង ព្រោះនៅពេលយកស្បៃ នេះមកឱ្យប្រជាកសិករមិនសូវចំណាយលុយច្រើនក្នុងការទិញស្បៃមកបាំង ឃាត់មិនឱ្យចេញពីស្រះនៅពេលរដូវទឹកលិចស្រះ៕SRP