ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ថ្នាក់ដឹកនាំដែលល្អ គឺត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការច្នៃប្រឌិត និងភាពប៉ុនប្រសព្វ ប៉ុន្តែមិនអាស្រ័យលើខ្លួនឯងតែម្នាក់ទេ គឺត្រូវទាមទារឲ្យមានការចូលរួមសហការពីមន្ត្រីក្រោមឱវាទផងដែរ។ ព្រោះថាការយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ គឺជាគន្លឹះដ៏សំខាន់ ដើម្បីកៀរគរប្រមែប្រមូលនូវកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជួយដោះស្រាយរបស់អង្គភាព ហើយធ្វើឲ្យមន្ត្រីរាជការយេីងគោរព និងមានស្មារតីចូលរួមបំពេញការងារប្រកបដោយឆន្ទៈខ្ពស់។
ថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមាន លោកស្រី វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយនោះ ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរជំនាញ ត្រូវតែមានការធានារ៉ាប់រងនូវតួរនាទី និងភារកិច្ចស្នូលរបស់អង្គភាព គឺជាប្រការសំខាន់ ដែលត្រូវយកចិត្តទុកដាក់ នឹងបំពេញតួនាទី ភារកិច្ច ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ គ្រប់ពេលវេលា និងហ្មត់ចត់បំផុត។
លោកស្រីប្រធានមន្ទីរ ដែលទើបទទួលបានការប្រគល់ភារកិច្ចថ្មី ត្រូវខិតខំបំពេញការងារឲ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ ការប៉ិនប្រសប់ និងគំនិតច្នៃប្រឌិតខ្ពស់រស់រវើក ក្នុងស្មារតីយកចិត្តទុកដាក់ ក្នុងការដឹកនាំ និងភាពទទួលខុសត្រូវខ្ពស់។
លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីធានានិរន្តរភាពការងារប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទឲ្យបានល្អប្រសើរ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវមានការសហការល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពនានា ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនផងដែរ៕SRP