ខេត្តព្រះវិហារ៖ស្ពានស្ទឹងស្ដៅ ទៅផ្ទះលោកបេន ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃអាទិត្យទី០៥ខែកក្កដានេះ។ស្ពានស្ទឹងស្ដៅនេះ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោតភ្នំពកឬដែលគេស្គាល់ថាឆ្ពោះទៅផ្ទះលោកបេន។
បើតាមមន្ត្រីសាលាខេត្តព្រះវិហារបានឲ្យបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ដឹងនៅព្រឹកនេះថាបន្ទាប់ពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារស្ថាបនារួចរាល់១០០ភាគរយនិងបានដាក់ឱ្យប្រជាពលរដ្ឋបានឆ្លងជាបណ្ដោះអាសន្នកាលពីដើមខែមិថុនាកន្លងមកនេះ នឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥កក្កដា២០២០នេះ ក្រោមវត្តមានលោកមាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។
មន្ត្រីសាលាខេត្តបានបញ្ជាក់ថាស្ពានដែកបេឡេត៍ថ្មីឆ្លងស្ទឹងស្តៅនេះមានប្រវែង៤៨ម៉ែត្រគុណ៤,២០ម៉ែត្រគឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេត៍ ពីលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ ចំណែការឧបត្ថម្ភឈើក្រាលស្ពាន ដោយលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ឧបត្ថម្ភសរសរដែកស្ពាន ដោយលោកមាស សុភានិងលោកប្រាក់សុវណ្ណ។ ការអនុវត្តការងារសាងសង់ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ មិនមានថវិការបស់សប្បុរសជនណាផ្សេងនោះទេ៕SRP