លោក​ ហ៊ុន ណេង ចុះពិនិត្យ ការសាងសង់ស្ពានបេតុង នៅក្នុងស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម៖លោក​ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកមិញនេះ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅក្នុងភូមិទូលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

គួររំលឹកថាស្ពានមួយកន្លែង នេះ ជាប្រភេទដែកបាឡេ បានកសាងឡើង នាឆ្នាំ១៩៩៣ មានសភាពទ្រុឌទ្រោម បានទទួលរងគ្រោះបាក់ស្រុត ដោយទឹកជំនន់ទន្លេមេគង្គ ដោយបានទឹកហូរធ្វើឲ្យរលំសរសរមួយដើម នៅត្រង់ចំណុចកណ្ដាលស្ពាន កាលពីវេលាម៉ោង ៦-៣០នាទី ថ្ងៃទី០៦កញ្ញា ឆ្នាំ២០១៩កន្លងទៅ ។ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្រោយពីស្ពានបាក់ស្រុតនោះ ក្រុមជំនាញបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សម្រេចសាងសង់បន្ថែមប៉ាណូចំនួន២ជួរ កម្ពស់មួយជាន់ទៀត លើប៉ាណូចាស់ ដែលមានស្រាប់ ដោយប្រើដែកប៉ាណូចំនួន៣៦ផ្ទាំង ដើម្បីពង្រឹងតួស្ពាន ឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន រហូតមកដល់សព្វថ្ងៃនេះ ។ ដោយឡែកនាបច្ចុប្បន្ននេះ កងវិស្វកម្មក្រសួងការពារជាតិ ក៏បានរៀបចំប៉ាណូមួយជួរ បន្ថែមទៀត ដើម្បីពង្រឹងតួស្ពានទាំងមូលឲ្យកាន់តែរឹងមាំជាងមុន សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ខណៈដែលស្ពានបេតុងថ្មី កំពុងចាប់ផ្ដើមដំណើរការស្ថាបនា។
តាមការគូសបញ្ជាក់ពី លោក សុ កុល មន្ត្រីបច្ចេកទេសគ្រប់គ្រងគម្រោងសាងសង់ ឲ្យដឹងថា ស្ពានបេតុងនេះ មានទំហំ៩០x ៨ម៉ែត្រ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ។ គម្រោងបានចាប់ផ្ដើម ដំណើរការងារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។
ដោយបច្ចុប្បន្ន ក្រុមបច្ចេកទេស កំពុងឃួងគ្រឹះ ស្ថាបនាស្ពានបេតុងថ្មី ដើម្បីពន្លឿនការងារ នៅខាងក្រោមដី ក៏ព្រោះតែ ទឹកជំនន់កំពុងហក់ឡើងបណ្ដើរៗមកហើយ។
លោក​ ហ៊ុន ណេង មានប្រសាសន៍ថា ស្ពានបេតុងថ្មីនេះ ជាអំណោយ ដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ទុកជាចំណងដៃ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ផងដែរ ដោយតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងជាស្ពាន សម្រាប់ការចរាចរណ៍ របស់ប្រជាពលរដ្ឋទូទៅ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅកាន់ ស្រុកព្រែកប្រសប់ នៃខេត្តក្រចេះ។ ដោយពេលនេះ គម្រោងកំពុងចាប់ដំណើរការស្ថាបនាហើយ សូមចណូមពរឲ្យប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរទាំងអស់ មានការយោគយល់អធ្យាស្រ័យ ពីព្រោះថា វាអាចមានការរំខានបន្តិចបន្ទួច ទៅដល់ការធ្វើចរាចរណ៍របស់បងប្អូន ។ ដូច្នេះយើងត្រូវចេះសម្រួលគ្នាទៅវិញទៅមក ធ្វើយ៉ាងណា ដើម្បី ទទួលបានស្ពានប្រើប្រាស់ទាំងអស់គ្នា នៅពេលខាងមុខ​នេះ៕SRP