ផ្សារចុងសប្តាហ៍ ត្រូវ​បាន​ អាជ្ញាធរខេត្តកំពង់ចាម រៀបចំ​ឡើង​ ដើម្បី​លើកស្ទួយផលិតផល របស់កសិករខ្មែរ

0

ខេត្តកំពង់ចាម៖ដេីម្បីលើកស្ទួយដល់ផលិតផលរបស់​ប្រជាកសិករខ្មែរយើង អាជ្ញាធរ​ខេត្តកំពង់ចាម​ បាន​រៀបចំ​ផ្សារ​ចុង​សប្ដាហ៍​ឡើង​ ក្នុង​គោលបំណង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម​ ដេីម្បី​​លើក​កម្ពស់​ជីវភាព​គ្រួសារ​ប្រជាកសិករ​​ ក្នុង​ដំណាក់កាល​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ផងដែរ​។

ក្នុង​ឱកាស​ដែល​លោក​ អ៊ុន​ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​អញ្ជើញ​​ចុះ​ពិនិត្យ​ ​តាម​ស្តង់​ដែល​បាន​រៀបចំ​ឡើង​នៅ​មុខ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម​ នាល្ងាច​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ​ លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានឲ្យដឹងថា ផ្សារចុងសប្តាហ៍ ដែល​មន្ទីរពាណិជ្ជកម្មខេត្ត​ បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​សៅរិ៍​ ដល់​ថ្ងៃ​អាទិត្យ​ ទី​២៧-២៨​ ខែមិថុនា​ ឆ្នាំ​២០២០​ នៅ​មុខ​មន្ទីរ​ពាណិជ្ជកម្ម​ ស្រប​តាម​ដង​ផ្លូវ​មាត់​ទន្លេ​ ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម​​ ជាគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ។

លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ បាន​បន្តថា ផ្សារចុងសប្ដាហ៍ គម្រោង អេម ខេត្តកំពង់ចាម​ បានចាប់ផ្តើមដំណើរការ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ពីម៉ោង ៣​ រសៀល រហូតដល់ម៉ោង ៨យប់​ ដែល​ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់​សប្តាហ៍​ ដោយ​ដំបូង​មានចំនួន​១១តូប និងមានមុខទំនិញប្រមាណជា៤០មុខ/ប្រភេទ រួមមានបន្លែ​ ផ្លែឈើ​ ពងមាន់ សាច់មាន់ មាន់អាំង អង្ករ ផលិតផលដំឡូងមី រួមទាំងផលិតផលកែច្នៃ ជាច្រើនមុខទៀត​ ដែល​ជា​ផលិតផល​ខ្មែរ​ក្នុង​ខេត្ត​កំពង់ចាម​។ លោក​បន្តថា​ តាមការប៉ាន់ប្រមាណចំពោះការលក់ដាច់ ប្រមាណ ១,៦៩២ គ.ក នៃផលិតផលដែលបានយកមកលក់ សរុបប្រមាណ ២,២៥២ គ.ក​ ដែល​មានអតិថិជន ទិញមុខទំនិញទាំងនោះ ប្រមាណ ៧០០ នាក់។

លោក ឈាង បូរិន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សាធារណៈជន​ ឲ្យ​ចូលរួម​គាំទ្រ​ដល់គម្រោង​ផ្សារចុងសប្ដាហ៍ ដេីម្បី​លើកស្ទួយ​កម្រិត​ជីវភាព​​ ក៏​ដូចជា​ផលិតផលរបស់​ប្រជាកសិករខ្មែរយើង​ផងដែរ​៕SRP