ចាប់បានចោរម្នាក់ លួចម៉ូតូ របស់គ្រូបង្រៀន

0

ខេត្តកំពង់ធំ៖សមត្ថកិច្ចអាវុធហត្ថស្រុកបារាយណ៍បានចាប់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ។ហេតុការណ៍បានធ្វើឡើងនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០វេលាម៉ោង៧ព្រឹកតាមបណ្តោយផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម  ចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដូង ឃុំបល្ល័ង្គស្រុកបារាយណ៍ខេត្តកំពង់ធំ។

លោកសេង សំ មេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍បានឲ្យដឹងថា ម៉ូតូដែលជនសង្ស័យលួចម៉ាកឌ្រីមសង់C125ពណ៌ខ្មៅសេរី២០០៨ស្លាកលេខកំពង់ធំ 1A.7943។ម្ចាស់ម៉ូតូឈ្មោះប៉ិច  សុធា  ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរជាគ្រូបង្រៀន  ទីលំនៅភូមិដូង  ឃុំបល្ល័ង្គ  ស្រុកបារាយណ៍  ខេត្តកំពង់ធំ។

ចំណែកជនសង្ស័យឈ្មោះសុខ  លើម  ភេទប្រុសអាយុ៣៣ឆ្នាំ  មុខរបរមិនពិត្យប្រាកដ  ទីលំនៅភូមិថ្នល់  ឃុំដា  ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

លោកប៉ិច សុធា ដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានបញ្ចេញម៉ូតូពីក្នុងផ្ទះមកក្រៅហើយក៏រៀបចំផ្ទះបន្តិចបន្តួច។មួយសន្ទុះក្រោយមកក្រឡេកមើលម៉ូតូក៏ឃើញបុរសម្នាក់បណ្ដើរម៉ូតូរបស់គាត់ដល់ថ្នល់ជាតិ ហើយលោកក៏រត់តាមដេញទាន់ហើយរាយការណ៍ទៅកម្លាំងអាវុធហត្ថដែលនៅក្បែរផ្ទះគាត់តែម្ដង។សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូប្រគល់ឲ្យម្ចាស់វិញ។ចំណែកជនសង្ស័យកសាងសំណុំរឿងទៅតាមផ្លូវច្បាប់៕SRP