ក្រសួងបរិស្ថានបានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង
ក្រសួងបរិស្ថាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថាករណីដែលមានត្រីងាប់នៅតំបន់ទឹកអូរឫស្សីដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកទឹកផុស គឺបណ្តាលមកពីការគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវ របស់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលមានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោម តាមស្តង់ដារទឹកសាធារណៈ។ ដើម្បីការពារ ទប់ស្កាត់ផលប៉ះពាល់ជាយថាហេតុពីការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី នៅក្នងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះ ក្រសួងបរិស្ថាន បានចាត់វិធានការដូចខាងក្រោម៖
១-ស្នើដល់ពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ប្រើប្រាស់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយហាមប្រើប្រាស់ទឹក ចាប់យកត្រី ឬយកសត្វដែលងាប់ បណ្តាលមកពីទឹកអូរនេះជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។
២-តម្រូវឱ្យក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់គ្រប់សកម្មភាពរបស់ខ្លួន ទោះក្នុងរូបភាពណាក៏ដោយ រហូតដល់មានការណែនាំជាថ្មី។
ជាមួយគ្នានេះ ក្រសួងងនឹងអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដល់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ចំពោះករណីប្រព្រឹត្តល្មើស បង្កឱ្យមានការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី។
និង ក្រុមហ៊ុនត្រូវកែតម្រូវបច្ចេកទេស អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។SRP