Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២០

ខេត្តសៀមរាប៖អ្នកនិយមតាមដានព័ត៌មាន តាមរយ:ការអានកាសែត ទស្សនាវត្តី រួមទាំងម្ចាស់តូបផង បានទទូចសុំអោយអាជ្ញាធរខេត្ត មេត្តារក្សាទុកតូបលក់កាសែតមួយ ដែលមានអាយុកាលជាង១០ឆ្នាំមកហើយ។
ការទទូចស្នើសុំរក្សាទុកនេះ គឺបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះរៀបចំសណ្តាប់ធ្នាប់ ដោយតម្រូវអោយរុះរើតូបលក់ដូរផ្សេងៗ ដែលសាងសង់លើចំណីផ្លូវសាធារណ: កាលពីថ្ងៃទី២៣ខែមីនាកន្លងទៅថ្មីៗនេះ ហើយក្នុងនោះក៏តម្រូវអោយរុះរើតូបលក់កាសែតផងដែរ។ ជាមួយគ្នានោះ អាជ្ញាធរទុកពេលត្រឹមតែ១សប្តាហ៍ ក្នុងការរុះរើតូប។ តែបើម្ចាស់មិន ព្រមសហការ កម្លាំងសមត្ថកិច្ចនិងចាត់វិធានការតាមច្បាប់។
ក្នុងករណីនេះ ម្ចាស់តូប អ្នកនិយមតាមដានព័ត៌មាន អ្នកនិយមអាន ពិសេសអ្នកកាសែតក្នុងខេត្តសៀមរាបតែម្តង បានទទូចសុំអោយមានការលើកលែង ដោយរក្សាទុកចំពោះតូបលក់កាសែតមួយនេះ ត្បិតនៅខេត្តសៀមរាប គឺមានតូបលក់កាសែតតែមួយគត់។ ប្រសិនបើបាត់បង់មែននោះ វាហាក់ដូចជាបាត់កូនកញ្ចក់តូចមួយ ដែលធ្លាប់ឆ្លុះមើលទិដ្ឋភាព ក៏ដូចជាសកម្មភាពផ្សេៗក្នុងខេត្តមួយនេះអីយ៉ាងចឹង។
លោកស្រី សំប៊ន ម្ចាស់តូបលក់កាសែត ដែលមានទីតាំងនៅម្តុំផ្សារកណ្តាល រ៉បនិងរបងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានប្រាប់តាមទូរសព្ទ័នាល្ងាចថ្ងៃទី៣០ខែមីនានេះថា ក្នុងថ្ងៃដែលសមត្ថកិច្ចចម្រុះ ចុះទៅណែនាំនិងជូនលិខិត ស្តីពីការរុះរើតូប រូបលោកបានព្យាយាមសុំក្តីមេត្តា ពីសមត្ថកិច្ច និងថ្នាក់ដឹកនាំដែលចុះផ្ទាល់ដែរ។តែគ្រប់យ៉ាង គឺហាក់មិនទទួលបានក្តីសង្ឃឹមឡើយ ដោយពេលវេលាមិនអំណោយ ផល។ លោកស្រីបន្តថា តូបកាសែតនេះ បានដំណើរការលក់តាំងពីអំឡុងឆ្នាំ១៩៩៦មកម្លេះ។ មុនពេលមានប្រពន្ធ័បច្ចេកវិទ្យាទំនើប និងហ្វេសប៊ុក អ្នកនៅខេត្តសៀមរាប ស្ទើតែ៨០ភាគរយទៅអង្គុយអានកាសែត ពិសេស មន្ត្រីរាជការតែម្តង។ ប៉ុន្តែពេលនេះអាជ្ញាធរបែជាតម្រូវអោយរុះរើ ហើយទៅជួលតូបលក់ក្នងផ្សារ។ កាសែតមិនអាចលក់ក្នុងផ្សារដូចទំនិញផ្សេងៗនោះទេ គឺអាចលក់តែតាមដងផ្លូវប៉ុណ្ណោះ។
លោកសំ ប៊ន បញ្ជាក់ថា ប្រសិនបើអាជ្ញាធរពង្រីកផ្លូវ ដោយបង្រួមខឿនថ្នល់ រូបលោកក៏សុខចិត្តកាត់បង្រួមតូបទៅតាមខឿនថ្នល់ដូចគ្នាដែរ ព្រោះថាបើរើទៅកន្លែងផ្សេង គឺសុទ្ធសឹងជាចំណីផ្លូវទាំងអស់។
ក្នុងករណីនេះលោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានមានប្រសាសន៍តាមទូរសព្ទ័ថា ការងារនោះជាសមត្ថកិច្ចរបស់ខេត្ត ចឹងទេសូមសាកសួរទៅខេត្តចុះ។
អភិបាលរងខេត្តសៀមរាប ដែលដឹកនាំកម្លាំងចុះផ្ទាល់ លោកពិន ប្រាកដ បានមានប្រសាសន៍តាមទូរសព្ទ័ដែរថា ករណីតូបកាសែតខាងលើនេះ លោកមិនថាអ្វីនោះទេ។ តែសុំអោយម្ចាស់តូបដាក់សំណើរសុំ ទៅលោកអភិបាលខេត្តផ្ទាល់ទៅ យ៉ាងណានោះគឺមានប្រសិទ្ធិភាពល្អ។ លោកបន្តថា សម្រាប់លោក ពិតជាមិនចង់អោយបាត់បង់តូបកាសែតដូចគ្នាដែរ ព្រោះថា អ្នកចូលចិត្តអានកាសែត គឺរូបលោកផ្ទាល់តែម្តង។
យោងតាមប្រសាសន៍ ឆ្លើយតបរបស់លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក្នុងមនោ សញ្ចេតនា ដ៍គួអោយគោរពនេះ គេរំពឹងថា ជាភ្លើងខៀវមួយ ឆ្ពោះទៅរកការរក្សាទុកតូបលក់កាសែតខាងលើ និងជាក្តីសង្ឃឹម សម្រាប់អ្នកនិយមខាងព័ត៍មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ភ្នំពេញ៖លោក ឌីមីទ្រី ធ្វីតកូស(Dmitri Tsvetkov)ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលក្នុងអាកាសដែលលិកត្រូវបញ្ចប់បេសកកម្មកាទូតនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រសៀលថ្ងៃចន្ទនេះថានៅក្នុងដំណាក់កាលខាងមុខនេះ រុស្ស៊ី នឹងផ្ដល់ជំនួយដល់កម្ពុជាជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយនឹងជួយគាំទ្រដល់កម្ពុជាដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយលោកក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា រុស្ស៊ីកំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស មកផ្ដល់ជូនកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ផងដែរ ។
លោក ឌីមីទ្រី ធ្វីតកូស បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរដោយ លោកបានមកបំពេញបេសកកម្មការទូតរយៈពេល ៦ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសម្ដេចតេជោ ក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំទាំងអស់របស់រាជាណាចក្រកម្ពុជា ដែលការគាំទ្រនេះធ្វើឲ្យលោកបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងបេសកកម្មកាទូត។ ក្នុងរយៈពេល ៦ ឆ្នាំនេះ កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើឯកសារចំនួន ៦២ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៤ ផងដែរ។ ជាមួយនេះ លោកក៏បានរៀបចំឲ្យមានឱកាសដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រីរុស្ស៊ី មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឌីមីទ្រី ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញបេសកកម្មកាទូតនៅកម្ពុជា។
ទន្ទឹមនឹងនេះ សម្ដេចមានប្រសាសន៍ថា លោកឌីមីទ្រី គឺជាឯកអគ្គរដ្ឋទូតមួយដែលបានស្ដារឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីដែលមានវ័យចំណាស់មកហើយមកកាន់ដំណាក់កាលថ្មី។ លើពីនោះទៅទៀតលោកក៏បានរៀបចំឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការ ហើយជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រីរុស្ស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋរុស្ស៊ីដែលតែងតែជួយកម្ពុជាកន្លងមកហើយបន្តជួយដល់កម្ពុជាតទៀតលើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក៏ដូចជាការរៀបចំផ្ដល់ម៉ាសដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
សម្ដេចតេជោ បានមានប្រសាសន៍ផងដែរថា ជាការពិតយើងមានទំនាក់ទំនងរយៈពេលយូរឆ្នាំមកហើយ។ យ៉ាងណាក៏ដោយទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនៅតូចនៅឡើយ ដូច្នេះគប្បីណាយើងជំរុញពិនិត្យមើលសក្តានុពលទាំងឡាយណាដែលអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានកាន់តែធំធាត់ឡើងថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តសៀមរាប៖ថ្លែងប្រាប់អ្នកកាសែតនៅរសៀលថ្ងៃនេះ លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឲ្យដឹងថា ករណីភ្លើងឆេះព្រៃនេះក្រុមការងារបានតាមដានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ដឹងថា បណ្តាលមកពីពលរដ្ឋលួចចូលមករកឃ្មុំនៅតំបន់ចំការចាស់ដែលជាដីពលរដ្ឋធ្លាប់ធ្វើចំការកាលពីអំឡុងពីឆ្នាំ១៩៨០ដល់១៩៩០មកម្លេះ។ជាប្រភេទព្រៃស្បាត បន្លាយួន ល្អិតក្រាស់ ទីតាំងឆេះ ចូលជ្រៅ បង្កភាពលំបាកក្នុងការចូល។ទីតាំងឆេះស្ថិតក្នុងភូមិ តាចេក និងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ជាគោលរបបក្នុងសម័យចូលស្រុក សម្រាប់ធ្វើចំការសណ្តែកនិងឳឡឹក ស្ថិតក្នុងតំបន់ទ្រនាប់ខាងត្បូងបឹងពារាំង លាតសន្ឋឹងដល់មាត់បឹងទន្លេសាប ចំងាយ ប្រហែល ១៨០០មែត្រ ខាងលិចព្រំប្រទល់ឃុំកណ្តែកប្រហែល១,៥ គីឡូមែត្រ។
ជុំវិញតំបន់បឹងពារាំងមិនទាន់មានផ្លូវគោកជុំវិញនៅឡើយតំបន់ព្រៃទ្រណាប់ខាងក្រៅជុំវិញក៏មិនទាន់មានការជីកខាន់ ជាហេតុបង្កការឆេះព្រៃបានគ្រប់ពេលតាមរយ:ការដុតកព្ចាំ្រង។
លោកបន្ថែមថា បងប្អូន សមាជិកសហគមន៍ទាំងអស់មានឆន្ទៈនិងការទទួលខុសត្រូវ គោរពតាមគោលការណ៍ នៃការណែនាំរបស់ថ្នាក់ដឹកនាំជាប់ជាប្រចាំ។ចង់បានចង់ឃើញធនធានធម្មជាតិមានការកើនឡើងវិញតាមរយៈនៃការការពារនិងការថែទាំដោយភាពជាម្ចាស់ការ។ចង់បានតំបន់អភិរក្សបឹងពារាំងក្លាយជាតំបន់ទាក់ទាញទេសចរណ៍។ករណីឆេះនេះបើមើលតាមត្រូន គឺបានបង្ហាញថា ឆេះអស់ប្រមាណ១០ហិកតស។
លោកបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះកំពុងប្រឹងប្រែងជួយបាញ់ទឹកនិងកាយផ្លូវភ្លើង។
ដោយឡែកលោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ករណីឆេះព្រៃនៅតំបន់បឹងពារាំងនេះលោក បានផ្សព្វផ្សាយឲ្យអាជ្ញាធរសង្កាត់ មេភូមិ គ្រប់ភូមិ ប្រជាការពារ និងពលរដ្ឋ មកជួយពន្លត់ភ្លើងនេះអស់រយៈពេល៥ថ្ងៃមកហើយ។តែកម្លាំងសមត្ថកិច្ចនៅតែបន្តជួយពន្លត់រហូតទទួលបានជោគជ័យ។ចំណែក លោកហាយ យ៉ុងប្រធានការិយាល័យ សាធារណការនៃក្រុងសៀមរាប ដែលទទួលផែនការណ៍ពីលោកអភិបាលក្រុងសៀមរាប ដើម្បីដឹកនាំអាជ្ញាធរពាក់ព័ន្ធ រួមមាន មន្ត្រីមន្ទីរបរិស្ថាន,មន្ត្រីន្ទីរសាធារណការ ,ផ្នែកជលផលចុងឃ្នៀស, លោកចៅសង្កាត់ជ្រាវ, ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ-អនុភូមិទាំង០៧ កម្លាំងប្រជាការពារ និងកម្លាំងសហគមន៍បឹងពារាំងសង្កាត់ជ្រាវ ។លោកថា ក្រុមការងារបានចុះអន្តរាគមន៍ជួយ ត្រួសត្រាយព្រៃ ដើម្បីធ្វើផ្លូវ ចូលពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយរយ:ពេល០៥ថ្ងៃមកហើយ(គិតត្រឹមថ្ងៃនេះ)បានប្រមាណ៨០ហើយ។
លោកបញ្ជាក់ថា ករណីនេះសូមពលរដ្ឋបណ្តាញសង្គម និងអ្នកសារព័ត៌មានមេត្តា ជួយផ្សព្វផ្សាយអ្វីដែលជាការពិត កុំបំប៉ោង។
ជុំវិញករណីនេះដែរលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងតាមទូរស័ព្ទ ថា ករណីឆេះនេះលោក បានដាក់ផែនការទៅតាមបទបញ្ជាររបស់អភិបាលខេត្ត ឲ្យកម្លាំងសមត្ថកិច្ចចម្រុះត្រូវតែជួយពន្លត់ភ្លើងនៅតំបន់បឹងពារាំង ដែលជាតំបន់ទេសចរណ៍មួយដ៏ល្អនេះឲ្យបានរលត់ជាស្ថាពរឲ្យខានតែបាន។

លោក នួន ពុទ្ធារ៉ា បញ្ជាក់ថា ការឆេះព្រៃនេះ លោកនឹងចាត់វិធានការមិនឲ្យពលរដ្ឋចូលមកតំបន់ហាមឃាត់ខាងលើនេះដោយគ្មានការអនុញ្ញាតនោះទេ។លោកអភិបាលបញ្ជាក់ថា ទីតាំងខាងលើនេះ ជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ មានទាំងព្រៃលិចទឹក ត្រីនិងសត្វស្លាប ជាច្រើនប្រភេទ ។ ដូច្នេះអាជ្ញាធរ នឹងមានវិធានការការពារឲ្យបានតឹងតែងបន្ថែមទៀត។
សូមជំរាបថាករណីភ្លើងឆេះព្រៃលិចទឹកនៅតំបន់ទេសចរណ៍ធម្មជាតិ បឹងពារាំងចាប់ផ្តើមកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០មកដល់ថ្ងៃទី៣០នេះនៅមិនទាន់រលត់នៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តសៀមរាប៖នៅទីបំផុតបុរសម្នាក់រស់នៅខេត្តសៀមរាប ដែលបានឆ្លងជំងឺកូវីដ១៩ ពីជនជាតិជប៉ុន បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានឲ្យដឹងថា បុរសរូបនេះមានវ័យ
៣៨ឆ្នាំ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី១០ ខែមីនា ឆ្នាំ២០២០ សរុបមានរយៈពេល ២៥ថ្ងៃ ទើបជាសះស្បើយ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការជាសះស្បើយនេះ មានល្បឿនយឺត ដោយសារបុរសរូបនេះ មានជំងឺថ្លើមប្រភេទបេ។
លោកប្រធានមន្ទីរសុខាភិបាល បញ្ជាក់ថា៖ ទោះបីបុរសរូបនេះ បានទទួលស្គាល់ពីវិទ្យាស្ថានជាតិប៉ាស្ទ័រនិងក្រសួងសុខាភិបាល ថាបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក៏ដោយ ក៏មន្ត្រីសុខាភិបាលខេត្ត នៅតែបន្តទំនាក់ទំនង និងស្នើដល់បុរសរូនេះ ត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួសារ ព្រមទាំងមនុស្សនៅក្នុងសហគមន៍ រយៈពេល១៤ថ្ងៃបន្ថែមទៀត។
បុរសវ័យ៣៨រូបនេះ មានសេចក្ដីត្រេកអរ ដែលសមាជិកគ្រួសារ មិត្តភក្តិ រួមនិងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មិនបានឆ្លងជំងឺកូវីត១៩ ពីរូបលោក។ រូបលោក និងនៅតែបន្តគោរពតាមការណែនាំ របស់មន្ត្រីជំនាញសុខាភិបាល ដោយបន្តនៅដាច់ដោយឡែកពីរគេហូតដល់១៤ថ្ងៃ ពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។
បុរសរូបនេះ បានថ្លែងអំណរគុណ ទៅដល់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានថែរក្សា និងព្យាបាលប្រកបដោយវិជ្ជាជីវៈនិងការយកចិត្តទុកដាក់ខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តសៀមរាប៖ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុនសែនគូលេន៣១៧សៀមរាប នៅព្រឹកមិញនេះ
បានអញ្ជើញជួបប្រជុំផ្សព្វផ្សាយ នូវសារអប់រំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការណ៍បង្ការ ទប់ស្កាត់មេរោគ Covid-19 ដល់បងប្អូនយោធិនពិការ និងគ្រួសារយោធិនពិការ។
លោក ពៅ ស៊ា បានពន្យល់អប់រំណែនាំដល់យោធិនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នការពារអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ យោធិនមានបងប្អូនពលករចំណាកស្រុកដែលទើបវិលមកភូមិកំណើត ត្រូវរាយការណ៍មកអាជ្ញាធរភូមិឃុំ ដើម្បីរាបចំដាក់ពួកគាត់នៅដាច់ដោយឡែក និងតាមដានសុខភាពពួកគាត់ចំនួន១៤ថ្ងៃសិន អោយប្រកត់ថាពួកគាត់ មានសុខភាពធម្មតាជាមុនសិន។ យើងអនុវត្តន៍តាមវិធីនេះ ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ១៩យ៉ាងមានប្រសិទ្ធភាព។
យោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ ការពារកុំអោយមេរោគកូវីវ១៩ចូលដល់មូលដ្ឋានរបស់បងប្អូន ។ សូមប្រកាន់ភ្ជាប់នូវរបៀបថែរក្សាអនាម័យឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាដាល នៃមេរោគកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តកំពង់ធំ៖រថយន្ត០២គ្រឿងបុកគ្នាបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនិងរបួសស្រាល០១នាក់ (ប្រុស) និងខូចខាតរថយន្ត០២គ្រឿង។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០២ និង១០នាទីរំលងអធ្រាត្រ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង។
សមត្ថកិច្ចបាបញ្ជាក់ថា រថយន្តម៉ាកសាំងយ៉ុង( ដឹកលៀស) ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ២M.៨៧២៤ បើកបរដោយឈ្មោះ ញ៉ឹក.សុផល ភេទប្រុស អាយុ ៥៧ ឆ្នាំ នៅភូមិប្រិច ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរដឹកលៀសលក់ (របួសស្រាល)។អ្នករួមដំណើរឈ្មោះ គុម អេម ភេទស្រី អាយុ ៤៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា (ប្រពន្ធ) មុខរបរលក់លៀស(របួស បញ្ជូនទៅមណ្ឌលសុខត្រពាំងស្វាយបានស្លាប់)។
ចំណែកភាគ្គីម្ខាងទៀតរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនរិទ្ធមុន្នី ម៉ាកkia(៤៥កៅអី) ពណ៌ស ស្លាកលេខ ភ្នំពេញ៣C.០៩២៦បើកបរដោយឈ្មោះ សា.វ៉ាន់ហៀត ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរបើកបររថយន្ត។សមត្ថកិច្ច (នាំខ្លួនទៅអធិការដ្ឋានគរបាលស្រុកតាំងគោកដើម្បីសួរបំភ្លឺ)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថាមូលហេតុបឋមអាចបង្កដោយអ្នកបើកបររថយន្តម៉ាកសាំងយ៉ុងបើកបរក្នុងស្ថានភាពងងុយ និង អ្នកបើកបររថយន្តដឹកអ្នកដំណើរម៉ាក kia ឈប់ខ្ជីខ្ជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ ក្រោយអញ្ជើញចូលរួមកិច្ចប្រជុំសភា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួន០៨ចំនុច ទាក់ទងទៅនូវវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា៖
១) សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩ ។ ដោយសម្តេចតេជោបានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ក្នុងបំណងទប់ទល់ នឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។

២) សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់ ។ ប៉ុន្តែសម្តេចតេជោបន្ថែមថា ច្បាប់ថ្មីនេះ នឹងមិន ប្រើប្រាស់ភ្លាមនោះទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ១៩ រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។

៣) សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឲ្យបន្តនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ២០២០តទៅ។ ការសម្រេចនេះ ដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

៤) សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ ចាប់ពីថ្ងៃទី០១ ខែមេសា ២០២០ តទៅ ។ការប្រកាសទុកពេលរហូតដល់ថ្ងៃទី១មេសានោះ គឺដើម្បីទុកពេលឲ្យថៅកែកាស៊ីណូ នីមួយៗ រៀបចំគិតគូទូទាត់ប្រាក់ខែដល់បុគ្គលិកកម្មករ របស់ខ្លួន ហើយនេះគឺដើម្បីជាវិធានការទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩។ តែការសម្រេចបិទកាស៊ីណូនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមែនធ្វើតាមការបញ្ជា ឬលើកឡើងរបស់បុគ្គលណាម្នាក់ទេ។

៥) ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។ ទន្ទឹមនឹងនោះ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ សូមកុំឲ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ១៩ នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ នោះទេ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ១៩ គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង។

៦) សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវអោយប្រជាពលរដ្ឋបង្វែរការភ័យខ្លាចទៅជាវិធានកាតទប់ស្កាត់ការពារខ្លួនពីជម្ងឺនេះ។ សម្តេចតេជោបានអរគុណដល់បណ្តាញផ្សព្វផ្សាយ យុទ្ធនាការអប់រំ , អ្នកនិពន្ធបទចម្រៀង និងការផលិតវីដេអូអប់រំខ្លីៗ ។ ក្នុងនោះសម្តេចតេជោសុំអោយបងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃជាង៥ម៉ឺននាក់នោះ ត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែក១៤ថ្ងៃ រងចាំការធ្វើតេស្តសិន និងត្រូវចេះការពារខ្លួនឯងទប់ស្កាត់ការចម្លងទៅក្រុមគ្រួសារ។

៧) សម្តេចតេជោ ហ៊ុន សែន ស្នើសូមអោយគ្រប់វិស័ឯកជន និងវិស័យឯកជនទាំងអស់ត្រូវមានការយោគយល់គ្នាក្នុងការប្រកបរបរអាជីវកម្ម ដើម្បីកាត់បន្ថយនូវការបង់រៀងៗខ្លួន ដូចជាការពន្យានៃការបង់ការប្រាក់ បង់ថ្លៃជួយផ្ទះ បង់ផ្ទះទិញ ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលកំពុងតែជួបបញ្ហាក្នុងរយៈពេលខ្លីនេះ។

៨) សម្តេចតេជោ ហ៊ុន សែន បានអរព្រះគុណចំពោះព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និង សម្តេចម៉ែ និងបណ្តាសប្បុរសជនទាំងអស់ដែលបានប្រទាន និងបរិច្ចាគក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩នេះ។ ថវិកាដែលទទួលបានរហូតមកដល់ពេលនេះគឺមានជាង១០លានដុល្លារ បូករួមប្រាក់រៀល ។ សម្តេចតេជោបានប្រកាសថាជំហ៊ានដំបូងសម្តេចតេជោនឹងប្រើប្រាស់ថវិកានោះទៅទិញម៉ាសចំនួន៣លានម៉ាសន្ថែមទៀតសំរាប់ប្រជាពលរដ្ឋយើង និងទិញខោអាវពេទ្យប្រមាណ៥ពាន់សម្រាប់ ដែលខោអាវពេទ្យនោះមួយផ្នែកយកពីស្វាយរៀង មួយផ្នែកយកពីកំពង់ចាម និងទិញពីក្រៅប្រទេសបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តសុំអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ជម្ងឺនេះទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តកំពង់ធំ៖លោកសុខ លូ អភិបាលខេត្ត នៅព្រឹកមិញនេះជាមួយក្រុមការងារ បានចុះសួរសុខទុក្ខ និងផ្សព្វផ្សាយពីវិធានការ ការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាភូមិក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម និងលោកខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្តដោយមានការ ចូលរួមពីលោកលោកស្រី  អភិបាលរងខេត្ត  ថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្តនាព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ ២០២០នេះ  បានអញ្ជើញទទួលឧបករណ៍ សម្រាប់បាញ់ថ្នាំ សម្លាប់មេរោគ កូវីដ១៩  ចំនួន៣០ធុង   ដែលក្រុមហ៊ុនខាងស៊ាងលី បានផ្តល់ជូន រដ្ឋបាល ខេត្តកំពង់ចាម  តាមរយៈ លោកហេង  វណ្ណនី  អភិបាលរងខេត្ត  ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាល  នៃមេរោគកូរ៉ូណា កូវីដ១៩ នៅ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម  ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បានធ្វើការកោតសរសើរ  និងថ្លែងអំណរគុណ ចំពោះ កាយវិការ សប្បុរសធម៌  ដ៏ប្រពៃរបស់ ក្រុមហ៊ុនខាង ស៊ាង លី  ដែលបានចូលរួមចំណែក  ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការ រីករាលដាល  នៃវីរុសកូរ៉ូណា (កូវីដ-១៩)  ដោយបានជួយឧបត្ថម្ភ  ក្នុងការផ្ដល់ជាសម្ភារៈ ធុងសម្រាប់បាញ់ថ្នាំសម្លាប់ មេរោគ ដ៏កាចសាហាវ នេះស្របតាមតម្រូវការ នាពេលបច្ចុប្បន្ន នេះ។

ជាមួយគ្នានោះ លោក អភិបាលខេត្ត  បានថ្លែងផងដែរថាឧបករណ៍នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់  ក្នុងការបាញ់សម្លាប់វីរុសកូរ៉ូណា (កូវីដ-១៩) និងមេរោគផ្សេងៗទៀត ដូច្នេះ យើងត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ឲ្យចំគោលដៅ  ដើម្បី ជា ការរួមចំណែក  បើកយុទ្ធនាការ បង្ការទប់ស្កាត់ ការ រីករាលដាលនៃ វីរុសកូរ៉ូណា  នៅតាមស្ថាប័នសាធារណៈ និងឯកជន ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ  លោកអភិបាលខេត្ត ក៏បានប្រគល់ធុងបាញ់ថ្នាំទាំងនោះ បន្តទៅឲ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត  កងរាជអាវុធហត្ថខេត្ត  ស្នងការរដ្ឋាននគរបាលខេត្ត  ពន្ធធនាគារខេត្ត  មន្ទីរសុខាភិបាលខេត្ត  និង សម្រាប់ រដ្ឋបាលខេត្តកំពង់ចាមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តសៀមរាប៖ម្ចាស់ផ្ទះជួល មួយកន្លែង នៅក្នុងក្រុងសៀមរាប ប្រកាសមិនយក ថ្លៃសេវាអ្នកជួលស្នាក់នៅ រយ:ពេល០៣ខែ។ នេះបើតាមការឲ្យដឹងពីលោកដឺមី។

លោកដឺមី​ បានសរសេរសារបង្ហោះនៅក្នុងហ្វេសប៊ុករបស់លោកថា(ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារដែលជាម្ចាស់ផ្ទះមួយមានបន្ទប់ជួលចំនួន១០បន្ទប់។ ដែលមានបងប្អូនស្នាក់នៅគ្រប់បន្ទប់ទាំងអស់ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារតែមានជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ខ្ញុំបាទជាម្ចាស់ផ្ទះនេះមិនយកថ្លៃបន្ទប់ជួលចំនួន៣ខែ ដោយចាប់ពីរខែនេះទៅ៕ សូមអរគុណ

សូមជំរាបផងដែរថាលោកដឺ មី ក៏ជាម្ចាស់អាជីកម្មលក់ម៉ូតូនៅខាងកើតស្តុបស្នាយលីង ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ០៦។ ទីតាំងលក់ម៉ូតូរបស់លោកដឺ មី យីហោគង់ សុខា។ បងប្អូនអាចទៅទិញម៉ូតូឬបង់រំលោះបានជាមួយហាងខាងលើផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តកំពង់ធំ៖មន្ត្រីរដ្ឋបាលព្រៃឈើទំរីង នៅថ្ងៃ២៦ខែមីនាឆ្នាំ២០២០ សហការជាមួយកម្លាំងប្រតិបត្តិការសឹករងកំពង់ធំកម្លាំងអាវុធហត្ថស្រុកសណ្តាន់និងអាជ្ញាធរឃុំមានរិទ្ធ បានចុះប្រតិបត្តិចុះបង្ក្រាបបទល្មើស ព្រៃឈើនៅចំណុចភូមិរ៉ងខ្នាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថាករណីនេះរកឃើញឈើអារប្រភេទលេខ០២(ឈើទាល)ចំនួន១៣០សន្លឹកស្មើនិង៦ម៉ែត្រ៣៥១០គូបនិងគោយន្តកន្ត្រៃ០២គ្រឿងសន្និធិក្នុងផ្ទះរបស់ឈ្មោះ ម៉ន សៃ។ វត្ថុតាងល្មើសបានរឹបអូស យកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើ។ បើតាមមន្ត្រីរដ្ឋបាលព្រៃឈើ ជាមួយគ្នានេះកាលថ្ងៃទី២៧ខែមីនាឆ្នាំ២០២០ សង្កាត់រដ្ឋបាលព្រៃឈើទំរីងបានទទួលឈើអារប្រភេទលេខ០២(ឈើទាល)ចំនួន៧៥សន្លឹកស្មើនឹង៣ម៉ែត្រ៣៧៩៥គូបពីប៉ុស្តិរដ្ឋបាលឃុំមានរិទ្ធិផងដែរ។ ករណីនេះរៀបចំចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ជាកូនមេភូមិបានសម្លាប់ខ្លួនដោយលោតពីលើដើមឈើ។ហេតុការណ៍បានកើតឡើងវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២០ នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកស្វាយលើ បានឲ្យដឹងថាជនរងគ្រោះ មានកំពស់ ១៦៥ម៉ែត្រ ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿង សាកសពមានសភាពហើមស្អុយរលួយ មានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ។

ជុំវិញករណីកម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងបច្ចេកទេសវិទ្យាសាស្ដ្រ បានសហការជាមួយ កងរាជអាវុធហត្ថស្រុកស្វាយលើ នគរបាលរដ្ឋបាលបឹងមាលា ប្រជាការពារភូមិ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានបញ្ជាក់ឲ្យដឹងថា យុវជនដែលបានស្លាប់នោះមានឈ្មោះ ហ៊ា ព្រលឹងភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ហើយត្រូវជាកូនរបស់លោកហៃ ហ៊ា មេភូមិចាន់ហៀរ។

យោងតាមការបំភ្លឺពីម្ដាយជនរងគ្រោះបានអោយដឹងថាកន្លងមកជនរងគ្រោះមានសភាពប្លែកជាងមួយខែហើយក៏មិនដែលចេញទៅណានោះទេ ចូលចិត្តសំងំមើលតែទូរស័ព្ទ។ លុះមកដល់ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ខ្លួនបានស្ដីបន្ទោសលើជនរងគ្រោះដោយសាជនរងគ្រោះ មិនដែលធ្វើអ្វី និង បានដកទូរស័ព្ទចេញពីជនរងគ្រោះ។  ភ្លាមនោះជនរងគ្រោះ បានតបថាចំមើលខ្ញុំទៅចងករហើយ។ តែខ្លួនមិនចាប់អារម្មណ៍ លុះដល់ពេលល្ងាចមិនឃើញកូនមកផ្ទះក៏បានដើរកតែរកមិនឃើញ។រហូតមកដល់ថ្ងៃទី២៨ខែមីនាឆ្នាំ២០២០ក៏ប្រទះឃើញសាកសពកូនរបស់ខ្លួនបានដេកស្លាប់នៅលើដីក៏បានរាយការណ៍ជូនសមត្ថកិច្ច។

យោងតាមការធានាអះអាងរបស់ឪពុកម្ដាយរបស់ជនរងគ្រោះថាកូនរបស់ខ្លួនពិតជាឡើងលោតសម្លាប់ខ្លួនពិតប្រាកដ់មែន ពុំមានពាក់ព័ន្ធនិង អំពើឃាតកម្មនោះទេ។

សូមជម្រាបថា សាកសពជនរងគ្រោះត្រូវបានរកឃើញចម្ងាយ ១០០០ ម៉ែត្រពីផ្ទះជនរងគ្រោះ សពផ្កាប់មុខនៅលើដីក្បាលទៅទិសខាងកើតចម្ងាយ ៥ម៉ែត្រពីដើមស្នួល និងខ្សែនីឡុងពណ៌សរចំនួន១ខ្សែចងជាប់និថង់ពណ៌ស្វាយនៅក្នុងថង់មានសំបុត្រមួយច្បាប់ និង ស្បែកជើងនៅក្បែគល់ស្នួល យើងឃើញមានស្នាមប្រវ៉ាយតោងឡើងនៅលើដើមស្នួលនិងមានស្នាមបាក់មែកស្នួលចំនួនពីរមែកដែលមានកម្ពស់ប្រហែល ៣០ ម៉ែត្រពីដី។

បើតាមសមត្ថកិច្ចថាក្រោយការពិនិត្យ ធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page633 Page634 Page635 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
© 2026 srpostnew.com. All Rights Reserved!
×