ខេត្តកំពង់ចាម៖អំណោយជាម៉ាស់ចំនួន៣០,០០០ម៉ាស់ និងអាល់កុលចំនួន១២០លីត្រ ស្មើនឹង២៤០ដប របស់គណៈកម្មាធិការប្រជាជនខេត្តតៃនិញនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម។ ការទទួលនាព្រឹកមិញនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង-ស្មាច់ ក្នុងខេត្តត្បូងឃ្មុំ ដោយអនុប្រធាន គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម លោក ហាន កុសល អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
លោកហាន កុសល បានពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមចែករំលែក និងចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩។នេះជាកាយវិការប្រកបដោយសប្បុរស និងបង្ហាញ ឲ្យឃើញពីសាមគ្គីភាព មិត្តភាព រវាងខេត្តទាំងពីរ (កំពង់ចាម -តៃនិញ) ជួយគ្នាក្នុងគ្រាលំបាក ហើយសម្ភារៈទាំងនេះ ផងដែរ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់ បម្រើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩៕SRP

