ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាបនិងសមត្ថកិច្ចមួយចំនួនទៀតនៅព្រឹកថ្ងៃទី០៣ខែឧសភាម្សិលមិញ បានចុះត្រួតពិនិត្យ រថយន្តដឹកឈើ០២គ្រឿង របស់ក្រុមហ៊ុនខេអាយយូ ផ្លេនថេសិន(ខេមបូឌា) ក្នុងទីតាំងដេប៉ូ របស់លោកស្រី តាំង សុខនី នៅស្រុកប្រាសាទបាគង។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកឈើរបស់ក្រុមហ៊ុនខេអាយយូ ផ្លេនថេសិន(ខេមបូឌា) ទាំង២គ្រឿងខាងលើបានដឹកចេញពីរោងម៉ាស៊ីនអារកែឆ្នៃឈើ របស់ហ៊ុនខេអាយយូ ផ្លេនថេសិន(ខេមបូឌា) នៅស្រុកលំផាត់ ខេត្តរតនគិរី ដោយមកយកដាក់នៅរោងសន្ឋិធិ លោកស្រី តាំង សុខនី ស្ថិតនៅភូមិរលួចខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថារថយន្តទីមួយពាក់ស្លាកលេខកណ្ដាល៣A០៧៣២ មានផ្ទុកឈើលេខ០២(ចំនួនសរុប១៨ម៉ែត្រត្រីគុណ,២៧៣ )រថយន្តទីពីរពាក់ស្លាកលេខព្រះសីហនុ៣A១៦៤៤ មានផ្ទុកឈើ(ចំនួនសរុប១៨ម៉ែត្រត្រីគុណ,៦១០ ) រថយន្តទាំង២គ្រឿងនេះ អនុញាត្តឲ្យដឹកជញ្ជូនចេញពីក្រុមហ៊ុនខេអាយយូ ផ្លេនថេសិន(ខេមបូឌា) ដែលស៊ីញ៉េដោយលោក ជាកុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់។
ទោះយ៉ាងណាពាក់ព័ន្ធទៅនឹងការចុះត្រួតពិនិត្យរថយន្តដឹកឈើទាំងពីរគ្រឿងខាងលើនេះ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើបានបញ្ជាក់នៅព្រឹកនេះថា ការត្រួតពិនិត្យនោះលោកមិនបានចូលរួមនោះទេ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើរបស់លោកបានប្រាប់ថា មិនមានឈើលើសចំនួនPCនោះឡើយ។
សូមបញ្ជាក់ថាទីតាំងដែលរថយន្តដឹកឈើរបស់ក្រុមហ៊ុនខេអាយយូ ផ្លេនថេសិន(ខេមបូឌា)មកទម្លាក់នេះ ជារបស់លោកស្រី តាំង សុខនី ដែលបានការអនុញាត្តក្នុងការបើករោងសន្ឋិធិលក់ចែកចាយផល អនុផលព្រៃឈើប្រភេទធំ(ច្រកចេញចូលតែមួយ) ជាបណ្ដោះអាសន្ន ចុះហត្ថលេខាដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៨ខែមេសាឆ្នាំ២០២០៕