ខេត្តព្រៃវែង៖ពលរដ្ឋក្រីក្រចំនួន ២៥០គ្រួសារមកពីពីឃុំផ្សេងគ្នា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ទទួលបានអំណោយសប្បុរសធម៌ ពីគ្រួសាររបស់លោកស្រី ចែ ហៃ ស្ថិតនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។
លោកស្រី ចែ ហៃ ម្ចាស់អំណោយបានឲ្យដឹងថា អំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋ នៅពេលនេះ គឺជាសក្ខីភាព មួយសបញ្ជាក់ឲ្យឃើញបេះដូងសប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយគ្មានការប្រកាន់ ទៅលើពណ៌សប្បុរ ជនជាតិឬសាសនានោះឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្ត អាណិត ស្រលាញ់ រាប់អាន គ្មានគិតគុណបុណ្យ ឬផលប្រយោជន៍ផ្ទាល់ខ្លួន និងការតបស្នងអ្វីទាំងអស់។
លោកស្រីបានបន្តថា អំណោយសប្បុរសធម៌ទាំងនេះ គឺចែកជូនជារៀងរាល់ឆ្នាំ ពិសេសមុនរដូវបុណ្យភ្ជុំឬក៏សែនក្បាលទឹក។ ម្យ៉ាងទៀត គឺដើម្បីរួមគ្នាទប់ស្កាត់ និងការពារ ការរីករាលដាលជំងឺកូវីដ១៩ មកក្នុងសហគមន៍។
អំណោយរួមមាន អង្ករ១០គីឡូ មី៥កញ្ចប់ ទឹកសុីអុីវ១ដប អំបិល១គីឡូ និងប្រេងខ្យល់ ថ្នាំសង្កូវមួយចំនួនផងដែរ៕SRP