ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាមន្ត្រីពាក់ព័ន្ធ ឲ្យធ្វើការត្រួតពិនិត្យកន្លែងទទួលបញ្ចាំនានា បេីសិនជាគ្មានច្បាប់អនុញ្ញាតទេ គឺត្រូវបិទអាជីវកម្មនោះចោលតែម្ដងដើម្បីរួមគ្នាទប់ស្កាត់ និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ។
ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង
គ្រឿងញៀន ។
លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចការនឿយហត់របស់កម្លាំងសមត្ថកិច្ចយើង ចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ទៅលើការប្រើប្រាស់នូវវិធានការ និងមធ្យោបាយសរុប ដើម្បីរួមគ្នាទប់ស្កាត់ និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ នោះគឺការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនពីសំណាក់ក្រុមឧក្រិដ្ឋជន។ ដោយមានការពុះពារជំនះនូវគ្រប់ឧបសគ្គរបស់កម្លាំងសមត្ថកិច្ចយើង បានបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះ ហើយបានបញ្ជូនទៅកាន់ស្ថាប័នតុលាការ ដើម្បីវិនិច្ឆ័យទោសជាបន្តបន្ទាប់ ធ្វើឲ្យស្ថានភាពនៃបទល្មើសជួញដូរគ្រឿងញៀននៅក្នុងខេត្តកំពង់ចាម ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០នេះ មានការថយចុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៩។
អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ផ្តេីមចេញពីគ្រឿងញៀននេះដែរ បទល្មើសផ្សេងៗ រួមទាំងបទល្មើសព្រហ្មទណ្ឌ ក៏កេីកមានឡើងផងដែរ ដូច្នេះត្រូវទាមទារឲ្យមានការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសត្រូវពិនិត្យកន្លែងទទួលបញ្ចាំនានា បេីគ្មានច្បាប់អនុញ្ញាតទេ គឺត្រូវបិទអាជីវកម្មនោះចោលតែម្ដង។ ក្រៅពីការងារនៅខាងក្រៅផ្ទះ សូមកុំភ្លេចពិនិត្យមើលក្នុងក្រុមគ្រួសារយេីងផង បេីមានជាប់ពាក់ព័ន្ធសារធាតុញៀន សូមកុំឲ្យមានការខ្មាសអៀនអី គឺត្រូវប្រញាប់បញ្ជួនទៅមន្ទីរពេទ្យជាបន្ទាន់ ដេីម្បីធ្វើការព្យាបាលផ្តាច់ញៀន។
គួរបញ្ជាក់ផងដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទូទាំងខេត្តកំពង់ចាម ចំនួន១៩៩ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៧០៣នាក់ ស្រី៣០នាក់ វត្ថុតាងរួមមាន គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ជាប្រភេទមេតំហ្វេតាមីន មានទម្ងន់ ១,៤១៦,៨៦ ក្រាមទាំងសំបក ជញ្ជីងអេឡិចត្រូន១០គ្រឿង និងសម្ភារពាក់ព័ន្ធនៃការបង្ក្រាបមួយចំនួនទៀត៕SRP
ទីប្រឹក្សា ឆាវឆាវ
២២ កញ្ញា ២០២០