ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា បានធ្វើការណែនាំដល់រដ្ឋបាលក្រុងពិនិត្យមើល ដោះស្រាយសំណង់អាណាធិបតេយ្យ ដែលមាននៅក្នុងក្រុងបាត់ដំបង ដើម្បីធ្វើការរៀបចំប្រជាពលរដ្ឋ ដែលរស់នៅសំណង់ អាណាធិបតេយ្យទៅកន្លែងផ្សេង ដែលមានការរៀបចំជូនពួកគាត់ ឱ្យមានរបៀបរៀបរយ បើពុំដូចនោះទេ ក្រុងបាត់ដំបង នឹងក្លាយជាទីក្រុងសំបូរទៅសំណង់ អាណាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ពេញទីក្រុង។
លោកសុខ លូ ថ្លែងបែបនេះក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងណែនាំអំពីការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ ការរៀបចំសំយ៉ាបផ្ទះ ចំណតរថយន្ត ក្នងក្រុងបាត់ដំបងនៅរសៀលថ្ងៃពុធ ម្សិលមិញ។
លោក សុខ លូ ក៏បានមានប្រសាសន៍លើកឡើងអំពីការរៀបចំសណ្ដាប់ធ្នាប់ ការរៀបចំសំយ៉ាបផ្ទះ និងចំណតរថយន្ត ថាគោលបំណង នៃកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងជាមុនសិន អំពីការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ការរៀបចំសំយ៉ាបផ្ទះ មុននឹងឱ្យប្រជាពលរដ្ឋ ចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមរៀបចំសំយ៉ាបផ្ទះ ទៅតាមប្លង់គំរូរបស់រដ្ឋបាលខេត្ត ពិសេសផ្ទះប្រជាពលរដ្ឋ តំបន់អភិរក្សផ្ទះបុរាណ ក្នុងគោលបំណងតែមួយគត់គឺដើម្បីទាក់ទាញ ផលប្រយោជន៍មកនូវ ភ្ញៀវទេសចរមកទស្សនាកំសាន្ត បង្កើនចំណូលប្រជាពលរដ្ឋ។
លោកបានក៏បានធ្វើការណែនាំបន្តដល់រដ្ឋបាលក្រុង ក្នុងការរៀបចំមន្រ្ដីជំនាញ ដែលយល់ដឹងច្បាស់ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ តាមរយៈការធ្វើសិក្ខាសាលាផ្សព្វផ្សាយ ផ្សព្វផ្សាយ តាមខ្នងផ្ទះ អំពីគោលបំណងនៃការរៀបចំសណ្ដប់ធ្នាប់ និងសំយ៉ាបផ្ទះនេះ ដើម្បីឱ្យគាត់ចូលរួមទាំងអស់គ្នា ហើយយើងធ្វើគឺស្មើភាពគ្នា ដោយមិនត្រូវលើកលែងផ្ទះណាមួយ គឺត្រូវធ្វើឱ្យស្មើភាពគ្នា តាមស្ដង់ដារដែលបានកំណត់ទាំងអស់គ្នា។
លោកបានបន្តទៀតថា នៅថ្ងៃអនាគត រដ្ឋបាលខេត្តនឹងបន្តសាងសង់ និងជួសជុលក្រាលកៅស៊ូបន្ថែមទៀត ប៉ុន្តែត្រូវរង់ចាំដំណើរការសាងសង់ លូរំដោះទឹកកខ្វក់ ដែលជាគម្រោងរបស់ADB ឱ្យហើយរួចរាល់សិន ទើបយើងអាចបន្តការសាងសង់ ជួសជុលការក្រាលកៅស៊ូ ជាបន្តបន្ទាប់ ព្រោះបើមិនដូច្នេះទេ កាលណាដែលយើងជួសជុលរួចហើយ ហើយចាប់ផ្ដើមធ្វើលូ តាមក្រោយទៀត វាធ្វើឱ្យកាន់តែខាតពេលវេលា និងថវិកា កាន់តែច្រើន។ លោកក៏សំណូមពរដល់ប្រជាពលរដ្ឋ ឱ្យមានការអត់ធ្មត់ដោយស៊ូអត់ធ្មត់ ហើយបានសមិទ្ធផលថ្មី ចំណាយពេលតែមួយដង ក៏គ្រាន់បើជាងចំណាយពេល ដល់ទៅ២ដង៕SRP