ភ្នំពេញ៖លោកហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរសារមួយនៅរសៀលថ្ងៃនេះថា «ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមាន អង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីកាជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះអត្ថបទដែលកាសែតបានចុះផ្សាយ។
តាមគណនីហ្វេសប៊ុក លោក ហ៊ុយ វណ្ណៈ បានសរសេរបន្តថា ១- តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី? តើយើងបានយល់ដឹងថាមាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែរទេ? ហើយតើយើងកំពុងចង់យកច្បាប់នេះទៅទុកឯណា?
២- ខ្ញុំមិនគាំទ្រការបញ្ចេញមតិនិងការផ្សាយមួលបង្កាច់ ញុះញង់ បំផ្លិចបំផ្លាញសង្គមជាតិនោះទេ។ ប៉ុន្តែ ដីកាដែលចេញជាបន្តបន្ទាប់នេះ គឺជាការប៉ុនប៉ងរបស់បុគ្គល១ក្រុម កំពុងព្យាយាមបង្ខំឱ្យ កាសែត លុបចេញនូវអត្ថបទដែលលាតត្រដាងទង្វើណាមួយ ដែលខ្លួនគ្មានភាពស្មោះត្រង់ក្នុងការបំភ្លឺ និងបកស្រាយ។
សូមជម្រាបផងដែរថា កន្លងមកមានករណីប្ដឹងអ្នកសារព័ត៌មាន នឹងប្ដឹងចាងហ្វាងការផ្សាយសារព័ត៌មានមួយចំនួន ទៅអាជ្ញាធរនឹងទៅស្ថាប័នតុលាការ ដោយចោទពីបទផ្សេងៗគ្នា។ យ៉ាងណាក៏ដោយករណីបែបនេះ សុំសាមីខ្លួនអាចសុំការបំភ្លឺឬការបកស្រាយពីអង្គភាពសារព័ត៌មានទាំងនោះបានមុនឈានដល់ការប្ដឹង។ ដូចគ្នានេះដែរសុំស្ថាប័នច្បាប់និងអាជ្ញាធរពាក់ព័ន្ធ មេត្តាយក ច្បាប់ស្តីពីរបបសារព័ត៌មាន មកដោះស្រាយផងដែរ៕SR