ខេត្តសៀមរាប៖ការកូដកម្ម នៅភូមិវប្បធម៌កម្ពុជា នៃខេត្តសៀមរាប ដែលបានអូសបន្លាយជិត ១ ខែមកហើយនោះ ពេលនេះបានឈានដល់ដំណាក់ កាល ចាក់ភ្លេងខ្មោចបំពងសម្លេងហើយ។
ការធ្វើរបៀបនេះ ត្រូវបានអះអាងថា ក្រុមអ្នកតវ៉ា មានការឈឺចាប់ រងទុក្ខបីដូចជាមានមនុស្សស្លាប់អីយ៉ាងចឹង។ ក្រុមអ្នកតវ៉ា នៅព្រឹកថ្ងៃទី៣ខែកញ្ញនេះ បានលើក ឡើងថា ពួកគេបានស្នើសុំដល់ខាងក្រុមហ៊ុនអោយចូលចរចាគ្នានូវ៣ចំណុច។
ទី១ ចូលចរចា អំពីអនុសញ្ញារួមដោយស្មោះត្រង់។
ទី២ រក្សាការិយាល័យសិល្ប:និងតួនាទីនៅដដែល
និងទី៣ សងប្រាក់ឈ្នួលនិងប្រាក់ថ្លៃអាហារដែលបានកាត់កន្លងមក។ ប៉ុន្តែមកទល់ពេលនេះ ភាគីខាងក្រុមហ៊ុនមិនព្រមចរចាអ្វីទាំងអស់។
លោកអេង មុន្នី បុគ្គលិកបំរើការនៅភូមិវប្បធម៌ ផ្នែកគ្រូបង្ហាត់សិល្ប: បានអោយដឹងថា ពួកគេបានធ្វើ កូដកម្មដោយគ្មានហិង្សានេះ ចាប់តាំងពីថ្ងៃទី១៤ ខែ សីហាមកហើយ។ ប៉ុន្តែក្នុងចំណោមជាង៣០០នាក់ គឺមានតែ៦៤នាក់ទេដែលធ្វើកូដកម្មនេះ។
លោកបន្តថា ក្រុមហ៊ុនបានកាត់ប្រាក់ឈ្នួល ២៥ដុល្លារ និងប្រាក់អា ហារ៥ដុល្លារក្នុង១ខែ សម្រាប់ពួកយើង៦៤នាក់ដែលទទួលបានប្រាក់ខែចាប់ពី២០០ដុល្លារឡើងទៅ។ ករណីនេះពួកយើងបានចរចាគ្នានៅសាលាខេត្តច្រើន ដងហើយដែរ តែមិនមានលទ្ធផលនោះឡើយ។
លោកអេង មុន្នី អោយដឹងទៀតថា គិតមកទល់ពេលនេះមានរយ:ជិត១ខែមកហើយ នៅតែគ្មានផ្លូវដោះស្រាយ ចឹងហើយទើបពួកយើងសម្រេចចាក់ភ្លេងខ្មោចបំពងសម្លេងបែបនេះ។
លោកបញ្ជាក់ថា ការចាក់ភ្លេងខ្មោចនេះ គឺបង្ហាញពីការឈឺចាប់ ដែលពួក គេ ជួបទុក្ខសោក ប្រៀបដូចជាមានមនុស្ស(បុគ្គលិក) ស្លាប់នៅទីនេះអីចឹង។ ចឹងទេពួកយើង អាចនឹងប្រគុំតន្ត្រីនៅទីនេះទៀត ប្រសិនបើនៅតែមិនមានដំណោះស្រាយ។
ករណីនេះលោកស្រីលឹម សុភក្រ័ អ្នកគ្រប់គ្រង នៅភូមិវប្បធម៌កម្ពុជា នៃខេត្តសៀមរាប បានបញ្ជាក់យ៉ាងខ្លីថា យើងបានចរចាគ្នាច្រើនដងហើយ តែមិនសម្រេច ចឹងទេបើចង់ដឹងលម្អិតសូមទាក់ទងទៅមន្ទីរការងារខេត្ត ព្រោះឯកសារនៅទីនោះទាំងអស់។
ប្រធានមន្ទីរការងារខេត្តសៀមរាប លោកចន្ទ័ សុខុមចិត្តា នៅព្រឹកថ្ងៃទី៣ខែកញ្ញានេះ មិនបានពន្យល់អំពីសកម្មភាពធ្វើកូដកម្ម និងការចរចានោះទេ នោះទេ ដោយទូរសព្ទ័ហៅចូលច្រើនដង តែគ្មានការឆ្លើយតប។ លោកចន្ទ័ សុខុមចិត្តា បានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ថាការដែលលោកមិនបានលើកទូរស័ព្ទដោយសារជាប់រវល់ប្រជុំ។
ចំណែកលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដែលជាអ្នកសម្របសម្រួលករណីនេះ បានថ្លែងតាមទូរសព្ទ័ថា រឿងនេះវាហាក់ដូចជាតានតឹងបន្តិច ដោយគូភាគី មិនបន្ទន់ចិត្តក្នុងការចរចាសោះ។
លោកបន្តថា យើងបានព្យាយាមពន្យល់ដល់គូភាគីច្រើនដងមកហើយ តែនៅមិនសម្រេច ចឹងទេរសៀលនេះ លោកនឹងហៅគូភាគីមកនិយាយម្តងទៀត ហើយសង្ឃឹមថា គ្រប់យ៉ាងអាចល្អ។
សូមបញ្ជាក់ថា កូដកម្មទាមទារ៣ចំណុច របស់បុគ្គលិកនៅភូមិវប្បធម៌ បានធ្វើឡើងចាប់តាំងពីថ្ងៃទី ១៤ខែសីហា ហើយមកទល់ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០ ស្ថានការហាក់នៅតែក្តៅនៅឡើយ។ ចឹងទេនៅថ្ងៃបន្តមិនដឹងថា អាចមានអ្វីនោះទេ តែគេរំពឹងថា អាចរលត់ទៅវិញ ក្រោយថ្នាក់ដឹកនាំខេត្តហៅចរចាជាថ្មី៕SRP