Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២០

ខេត្តសៀមរាប៖មន្ត្រីស៊ីម៉ាក់ម្នាក់បានស្លាប់និងម្នាក់ទៀតបានរងបួសដោយសារគ្រោះថ្នាក់ចរាចណ៍។ ហេតុការណ៍បានកើតឡើងនៅទី២៥ខែតុលាឆ្នាំ២០២០ វេលាម៉ោង ១៦និង២០នាទី នៅត្រង់ចន្លោះបង្គោលគីឡូលេខ ២៩១.២៩២ ចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប លើផ្លូវជាតិលេខ ៦ រវាងម៉ូតូនិងរថយន្ដ។

អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹម សម្បត្ដិ បានប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»ថាករណីនេះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី ០១១ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1K 8441 បើកបរដោយឈ្មោះស៊ា គឹមសៀង   ភេទប្រុសអាយុ២១ឆ្នាំសញ្ជាតិខ្មែរ បុគ្គលិកស៊ីម៉ាក់ រងបួសធ្ងន់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ «

https://www.srpostnews.com/wp-content/uploads/2020/10/audio_2020-10-26_09-00-43.ogg

»ដោយឌុបឈ្មោះ សុខ កក្ដដា (រងរបួសធ្ងន់) ភេទប្រុសអាយុ២៥ ឆ្នាំសញ្ជាតិខ្មែរ ជាបុគ្គលិកស៊ីម៉ាក់   បើកបរមានទិសដៅ ពីលិចទៅកើត បុកជាមួយរថយន្ដម៉ាកFORLAND ពណ៌សពាក់ ស្លាកលេខ ភ្នំពេញ3C.0435 បើកបរដោយឈ្មោះ មិនស្គាល់ អត្ដសញ្ញាណ មានទិសដៅពីកើត ទៅលិច ក្រោយពេលកើតហេតុរួចអ្នកបើករថយន្ដចុះរត់គេចខ្លួនបាត់។ បើតាមអធិការស្រុកប្រាសាគង បញ្ជាក់ថា គ្រោះថ្នាក់ចរាណ៍នេះមូលហេតុអ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្ដាំ។

ជុំវិញហេតុការណ៍ដ៏រន្ធត់នេះដែរ  លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅព្រឹកនេះថា៖នាល្ងាចថ្ងៃទី២៥  ខែតុលា  ឆ្នាំ២០២០  នៅឃុំត្រពាំងធំ  ស្រុកប្រាសាទបាគង  ខេត្តសៀមរាប   ឃាតករតាមដងផ្លូវ (គ្រោះថ្នាក់ចរាចរណ៍)បានសម្លាប់យុវជនដ៏ក្លាហានមួយរូប ជាមន្ត្រីជំនាញកំចាត់មីននៃអង្គភាពស៊ីម៉ាក់គឺ ស៊ា  គឹមសៀង! ។

លោក ហេង រតនា បន្តថា ចន្លោះឆ្នាំឆ្នាំ១៩៩៣ -១៩៩៨ គ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមបានសម្លាប់និងធ្វើឱ្យរងរបួសប្រជាជនកម្ពុជាប្រមាណជាង៤,០០០នាក់  ក្នុងមួយឆ្នាំៗ  ដែលក្លាយជាឃាតករលេខ១នៅកម្ពុជា  បើទោះបីជា  ការបោះឆ្នោតកើតឡើងនៅឆ្នាំ១៩៩៣ក៏ដោយតែសង្គ្រាមនៅតែបន្តរហូតចុងឆ្នាំ១៩៩៨  ។ អង្គភាពស៊ីម៉ាក់ជាកម្លាំងស្នូលនៃការកំចាត់ឃាតករនេះ ដែលធ្វើឱ្យជនរងគ្រោះធ្លាក់ចុះមានចំនួនតិចជាង១០០នាក់ក្នុងមួយឆ្នាំៗ (២០១៩)។

លោក ហេង រតនា បានបន្ថែមទៀតថាបច្ចុប្បន្ននេះ  ដោយសារភាពរីកចម្រើន ខាងមធ្យោបាយដឹកជញ្ជូន  និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នោះ  ឃាតករតាមដងផ្លូវ  (ចរាចរណ៍)  បានក្លាយយមរាជលេខ១វិញម្តង  ក្នុងការឆក់យកជីវិតប្រជាជនកម្ពុជា! សូមប្រជាពលរដ្ឋទាំងអស់គ្នា  ចូលរួមគោរពច្បាប់ចរាចរណ៍  ដើម្បីសុវត្ថិភាពខ្លួនឯងផងនិងអ្នករួមដំណើរលើដងផ្លូវផង។ លោក ហេង រតនា៖សូមចូលរួមសោកស្តាយបំផុតជាមួយគ្រួសារសពនិង សូមវិញ្ញាណខន្ត  ស៊ា  គឹមសៀង  បានទៅកាន់ទីសុខន្តិភពកុំបីឃ្លៀងឃ្លាតឡើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២០

ភ្នំពេញ៖បើមិនមានអ្វីប្រែប្រួលនោះទេ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុង «ខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១» ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។

ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។

ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២០

ខេត្តកំពង់ចាម​៖អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ការងារ បង្កបង្កើនផលស្រូវលើកទី២ របស់ពលរដ្ឋ នៅតំបន់មេទឹកពោធិ៍តាត្រេស ភូមិក្រដាស (ក) នៃឃុំតាំងក្រសាំង ស្រុកបាធាយ លើផ្ទៃដី ២៦៩,៥ហិកតា។

មន្ត្រីបានឲ្យដឹងថាកាលពីដើមឡើយ តំបន់មេទឹកពោធិតាត្រេសនេះ គឺជាអាងស្តុកទឹក ដ៏ធំមួយ សម្រាប់ប្រជាកសិករប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវប្រាំង។ ដោយមុនពេលមានភ្លៀងធ្លាក់ជោគជាំ នាប៉ុន្មានថ្ងៃកន្លងទៅនេះ កសិករ នៅក្នុងតំបន់ខាងលើ បានពង្រោះស្រូវប្រាំង ក្នុងជំហានទី២ រួចមកហើយ ប៉ុន្តែ ជាអកុសល ក៏មានភ្លៀងធ្លាក់មកផ្ទួនៗគ្នា ទើបបណ្ដាលឲ្យ ស្រូវពង្រោះ របស់ពួកគាត់ បានរងការលិចលង់ទាំងស្រុង ដោយជំនន់ទឹកភ្លៀង ដែលហូរធ្លាក់មកពីដៃបឹងទន្លេសាប។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែតុលា ព្រឹកមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម បានដឹកនាំក្រុមមន្ត្រីចុះពិនិត្យការងារបង្កបង្កើនផល ជាលើកទី២ និងផលប៉ះពាល់ស្រូវពង្រោះ របស់ប្រជាកសិករ នៅតំបន់មេទឹកពោធិ៍តាត្រេស ខាងលើ។

នៅក្នុងឱកាសចុះពិនិត្យលោក អ៊ុន ចាន់ដា បានណែនាំ ដល់ក្រុមមន្ត្រីឲ្យចុះសិក្សា និងវាយតម្លៃលើទំហំ នៃការខូចខាតស្រែស្រូវ របស់ប្រជាកសិករ ឲ្យបានឆាប់រហ័ស ដើម្បីធ្វើការស្ដារឡើងវិញ បន្ទាប់ពីទឹកស្រក។

បើយោងតាមរបាយការណ៍ ស្ដីពីផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ចាម របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា នៅទូទាំងខេត្តកំពង់ចាម បានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្ដាក្រុង ស្រុក មួយចំនួន បានធ្វើឲ្យប៉ះពាល់ដំណាំស្រូវវស្សាចំនួន ១.០៥២,៥ហ.ត នៅក្នុងស្រុក ចំនួន ៣ គឺ ៖ ស្រុកបាធាយ ជើងព្រៃ និងស្រុកស្ទឹងត្រង់។ ក្រៅពីនោះ ជំនន់ទឹកភ្លៀង ក៏បានធ្វើឲ្យប៉ះពាល់ និងខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធ អស់មួយចំនួន ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២០

ខេត្តត្បូងឃ្មុំ៖វង់ល្បែងជល់មាន់ បៀរអាប៉ោងនិងយូគី មួយកន្លែង នៅក្នុងខេត្តត្បូងឃ្មុំ ដែលគ្មានស្លាកយីហោ បានបើកលេង យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធបានឡើយ។
ករណីនេះពលរដ្ឋ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអសន្តិសុខនៅក្នុងមូលដ្ឋានពួកគាត់។

សេចក្ដីរាយការណ៍បានឲ្យដឹងថាទីតាំងល្បែង ជល់មាន់ នឹងអាប៉ោង យូគី គឺ នៅចំណុចចំការកៅស៊ូចុះពីផ្លូវជាតិលេខ៨A ប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកលេងជារៀងរាល់ថ្ងៃតែម្ដង។

ពលរដ្ឋបានឲ្យដឹងថាការដែលអាជ្ញាធរសមត្ថកិច្ច បណ្ដោយឲ្យមានល្បែងស៊ីសង បែបនេះ បានផ្ទុយពីគោលនយោបាយ ភូមិ.ឃុំ មានសុវតិភាព ដែលក្រសួងមហាផ្ទៃ បានដាក់ចេញដើម្បីលុបបំបាត់ ល្បែងស៊ីសងផងដែរ។
សូមបញ្ជាក់ថា ការបើកកាស៊ីណូ ភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងនោះទេ។

បើសេចក្ដីរាយការណ៍បានបង្ហើបឲ្យថា ទីតាំងជល់មាន់ខាងលើ ពួកក្រុមល្បែងបានបើកការភ្នាល់ដាក់់លុយរាប់លានរៀល ក្នុងមួយគូៗ។

ពលរដ្ឋបានបន្ថែមថាចាប់តាំងពីមានវង់ល្បែងខាងលើមក នៅក្នុងមូលដ្ឋានពួកគាត់តែងកើត នូវអំពើចោរកម្មនិងបទល្មើសផ្សេងៗជាញឹកញាប់ផងដែរ។

ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរមកកិច្ចខេត្តត្បូងឃ្មុំនឹងមានវិធានការទប់ស្កាត់ល្បែងស៊ីសងនេះ ជាក់ជាមិនខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២០

ខេត្តកំពត៖វិវាទដីធ្លីរវាង ក្រុមហ៊ុនចិន និង លោក មាស ប៊ុនឡី ខណៈនេះសំណុំរឿងបានធ្លាក់ដល់ដៃ លោក ដួង តារា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់
សម្ដេចតេជោ ហ៊ុន សែន ហើយ។

ចំពោះករណីទំនាស់នេះ មហាជនសង្ឃឹមថា លោក ដួង តារា នឹងជួយរកដំណោះស្រាយ ដោយយុត្តិធម៌ និងតម្លាភាព ព្រោះមជ្ឈដ្ឋានជាច្រើនបានអះអាងថា ដីដែលកំពុងមានទំនាស់ដែលមានទំហំជាង៣៥៧ហិកតា ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នេះ ត្រូវបានលោក មាស ប៊ុនឡី ទិញពីប្រជាពលរដ្ឋចំនួន៤៥គ្រួសារ
ជាយូរឆ្នាំមកហើយ។

ពាក់ព័ន្ធនឹងទំនាស់វិវាទខាងលើ បើតាមការអះអាងពីមន្ត្រីជំនាញបានបញ្ជាក់ដែរថា ចំណុចដីទំនាស់នេះមានទំហំប្រមាណ៣៥៧ហិកតា ជាដីសាធារណៈរបស់រដ្ឋ គឺមិនទាន់មានប្លង់កម្មសិទ្ធិណាមួយនៅឡើយទេ ប៉ុន្តែដីនេះត្រូវបានប្រជាពលរដ្ឋចំនួន៤៥គ្រួសារអាស្រ័យផលនាពេលកន្លងមក។លុះក្រោយមកប្រជាពលរដ្ឋចំនួន៤៥គ្រួសារខាងលើ បានលក់បន្តទៅឲ្យទៅ ឈ្មោះ មាស ប៊ុឡី ដើម្បីធ្វើការវិនិយោគ។

ប្រភពបានបន្តថា ចំពោះក្រុមហ៊ុនចិនដែលអះអាងថាមានដីនៅចំណុចនោះហាក់ជាការស្រពិចស្រពិលមួយ ព្រោះក្រុមហ៊ុនចិនគ្មានឯកសារគតិយុត្តិណាមួយមកបង្ហាញឲ្យបានច្បាស់លាស់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើឯកសារជាច្រើន ដែល លោក មាស ប៊ុនឡី យកមកបង្ហាញ មជ្ឈដ្ឋានភាគច្រើនផ្តោតការចាប់អារម្មណ៍ ព្រោះថា លោកមានឯកសារជាច្រើន ដែលមានការទទួលស្គាល់ពីអាជ្ញាធរដែនដី និងជំនាញគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលខេត្តកំពត ដើម្បីផ្តល់អទិភាព ដល់លោកធ្វើការវិនិយោគនិងធ្វើការអភិវឌ្ឍន៍នៅលើដីទំហំ៣៥៧ហិកតានេះ។

ទាក់ទិននឹងរឿងរ៉ាវដីធ្លីចំណុចខាងលើនេះដែរ បើយោងតាមលិខិតលេខ១៥៤ ល.ស ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ របស់ អភិបាលខេត្តកំពត គោរពជូន សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី ដោយបានសំណើរសុំកាត់ដីទំហំ ៣៥៧.០២៦៧ ហិកតា ចេញពីផែនទីគម្របព្រៃឈើបម្រុង ទុកអចិន្ត្រៃយ៍ ឆ្នាំ២០០២ និងសុំធ្វើអនុបយោគលើទំហំដី ៣៤២.០២៦៧ ហិកតា ជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ និងរក្សាទុកដីទំហំ១៥ ហិកតា ជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

សូមបញ្ជាក់ផងដែរថា អំឡុងពេលថ្មីនេះ លោក ដួង តារា បានបង្ហោះសារ ក្នុងផេកផ្លូវការរបស់លោក ដោយបានសង្កត់ធ្ងន់ថា ករណីអ្នកវិនិយោគចិនយំអត់ចេញ..ក្រុមហ៊ុនចិនមួយនេះបានទទួលការអនុញាត្តឲ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន។

តាមការរៀបរាប់ជំហានដំបូង គឺតំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រើនរយហិកតា នៅខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លារអាមេរិក ប៉ុន្តែក្រោយមកក៏មានមន្ត្រីជាទាហានម្នាក់បានឈូសឆាយយកដីគាត់..។

ជាមួយគ្នានេះ លោក មាស ប៊ុនឡី សូមច្រានចោលទាំងស្រុង នូវការចោទប្រកាន់នេះ ហើយក៏សូមសំណូមពរដល់ លោក ដួង តារា មេត្តាជួយពិនិត្យ លើឯកសារនានា ហើយដោះស្រាយ ដោយយុត្តិធម៌ និងតម្លាភាព ព្រោះថា ដីទំហំ ៣៥៧.០២៥៧ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតព គឺជាដីដែលលោកបានទិញពីប្រជាពលរដ្ឋ
ចំនួន ៤៥គ្រួសារ ដោយមានឯកសារត្រឹមត្រូវយ៉ាងពិតប្រាកដ។

ចំពោះក្រុមហ៊ុនចិន ដែលអះអាងថា មានដីស្ថិតក្នុងទីតាំងខាងលើអាចចាត់ទុកជាជនរងគ្រោះម្នាក់ដែរទៅចុះ ព្រោះក្រុមហ៊ុនចិននោះ ទំនង ចាញ់បោកជនជាតិខ្មែរ បីទៅបួននាក់ ដែលជាមនុស្ស ដែលចិនទុកចិត្ត ហើយចិនបានប្រគល់លុយរាប់លានដុល្លារ ដើម្បីឲ្យជួយទិញដីពីប្រជាពលរដ្ឋ ប៉ុន្តែជនខិលខូចប៉ុន្មាននាក់ខាងលើ បានយកលុយទាំងនោះ មកចែកគ្នាធ្វើជាអ្នកមាន រហូតមកដល់បច្ចុប្បន្ន លុះទឹកដល់ច្រមុះក៏នាំគ្នាទៅចង្អុលដីរបស់លោកដើម្បីយករួចខ្លួនតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២០

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ នៅព្រឹកថ្ងៃអាទិត្យ ទី​ ២៥​ ខែតុលា ឆ្នាំ២០២០នេះ បានបន្តអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.២៥០គ្រួសារ រស់នៅក្នុងសង្កាត់​ចំនួន៦​ (ក្នុងចំណោមសង្កាត់ទាំង​ ៨) នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំព្រះរាជបន្ទូលរបស់​ ព្រះករុណា​ ព្រះមហាក្សត្រ​ និង​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យយកចិត្តទុកដាក់​ និងគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានសម្តែងនូវមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក ការសោកស្តាយយ៉ាងក្រៃលែង​ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់​ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កឡេីងដោយការប្រែប្រួលអាកាសធាតុ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចផ្ទាល់ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់​ និងមិនទុក​ប្រជាពលរដ្ឋណាម្នាក់ចោលឡេីយ។

សូមបញ្ជាក់ថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ៦ដប​ ទឹកសុទ្ធអរុណា​ ១កេស​ ឃីត​ ១កញ្ចប់​ (មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២)​ នំប៉័ងផ្អែម​ ១នំ​ និងទឹកបរិសុទ្ធ​ ១ដប។

សូមជម្រាបជូនថា​ ក្នុងរាជធានីភ្នំពេញមានខណ្ឌ៤ លើខណ្ឌ១៤ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង​ ក្នុងនោះមាន​ផ្ទះចំនួន ១០.៨៨៣ខ្នង រងផលប៉ះពាល់ និងមានអ្នករងគ្រោះសរុបចំនួន ១០.៨២៥គ្រួសារ។​ ខណ្ឌរងគ្រោះទាំង៤ មានខណ្ឌដង្កោ ៥.៥៨៧គ្រួសារ​ ខណ្ឌពោធិ៍សែនជ័យ ៣.១៨១គ្រួសារ​ ខណ្ឌច្បារអំពៅ ១.៦៧២គ្រួសារ​ និងខណ្ឌកំបូល ៣៨៥គ្រួសារ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

ខេត្តបាត់ដំបង៖លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល នៅ ថ្ងៃទី២៤តុលា២០២០នេះ
បានចុះពិនិត្យ ការងារកែលំអរ វិទ្យាល័យ បវេល ស្រុកបវេល ខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

ខេត្តបាត់ដំបង៖លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង តំណាង សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញនាំយកអំណោយដែលផ្ដល់ជូនដោយបងប្អូនសមាគមខ្មែរ- ចិន ប្រចាំរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២០០គ្រូសារ នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។  អំណោយដែលបានផ្តល់ជូនពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងគឺ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១បាវ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ មី ១កេះ ត្រីខកំប៉ុង ១យួរ និងថវិការ២ម៉ឺនរៀល។

ក្នុងឱកាសនោះលោក សក់ សេដ្ឋា បានមានប្រសាសន៍ ជម្រាបជូនពលរដ្ឋ រងគ្រោះ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចក្រឡាហោម និងលោកជំទាវ ចំពោះស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ទាំងនៅក្នុងគ្រាប្រឈមនឹងជំនន់ទឹកភ្លៀង និងក៏បន្ទាប់ពីទឹកជំនន់បានស្រកចុះទៅវិញ។

លោកក៏បាននាំនូវសេចក្ដីអំពាវនាវរបស់សម្ដេចស ខេង និងលោកជំទាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋ រងគ្រោះ ទាំងអស់បន្តប្រកាន់គោលការណ៍អនាម័យ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចៀសផុតពីគ្រោះថ្នាក់ ព្រមទាំងផលប៉ះពាលនានា ជាពិសេសនៅបន្ទាប់ពីការស្រកចុះនូវជំនន់ទឹកភ្លៀង និងសូមបងប្អូនខិតខំបង្កបង្កើន ផលឡើងវិញ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ការលក់ដូរបង្កើនចំណូលក្នុងគ្រួសារផងដែត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

ខេត្តបាត់ដំបង៖សេចក្ដីរាយការណ៍បានឲ្យដឹងនៅមុននេះបន្តិចថា៖វង់ល្បែងស៊ីសងដ៏ធំមួយកន្លែង បានកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រោយផ្ទះ របស់ឯកឧត្ដមម្នាក់នៅខេត្តបាត់ដំបង។

សេចក្ដីរាយការណ៍បានបញ្ជាក់ថាទីតាំងបើកលេងល្បែងរបៀរនិងអាប៉ោង ខាងលើ ស្ថិតនៅត្រង់ចំណុចផ្ទះដំបូលប្រក់ស័ង្កសី ភូមិគាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយផ្ទះឯកឧត្តមអ៊ុយ រី «ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង តែម្តង»។

ល្បែងស៊ីសងខាងលើ ត្រូវបានប្រភពរាយការណ៍ថា ជារបស់ លោក អួន តាល់ ដែលបុរសដ៏ល្បីល្បាញម្នាក់ បើកល្បែងស៊ីសងនៅខេត្តបាត់ដំបង។

ការបើកល្បែងស៊ីសងខាងលើ គឺមានបុរស ម្នាក់ឈ្មោះ«រើន» ជាអ្នករត់ការពីក្រោយខ្នងលោកតាល់។

សុំរំលឹកថា៖ លោកសាត គឹមសានស្នងការ ខេត្តបាត់ដំបង ដែលទើបប្រកាសកាលពីថ្មីៗនេះ បានបញ្ជាក់ប្រាប់ថា ក្នុងខេត្តបាត់ដំបង គឺមិនអនុញាត ឲ្យមានល្បែងសុីសងគ្រប់ប្រភេទនោះទេ។

ក្រោយមានការប្ដេជ្ញាចិត្ត ពីសំណាក់ លោកសាត គឹមសាន ដើម្បីទប់ស្កាត់បង្ក្រាប ល្បែងស៊ីសង ក្នុងខេត្តបាត់ដំបង គេសង្កេតឃើញថា ទីតាំងល្បែងជាច្រើនកន្លែង ត្រូវបានបិទស្ងាត់ជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែសម្រាប់ទីតាំងល្បែងរបស់ លោកតាល់ និងលោក រើន នៅតែដំណើរការ ផ្គើនទៅនឹងបទបញ្ជារបស់ស្នងការខេត្តបាត់ដំបង ដោយមិនកោតខ្លាចញញើតអ្វីទាំងអស់។

ពាក់ព័ន្ធករណីបើកល្បែងស៊ីសងខាងលើនេះ «បណ្ដាញសៀមរាបប៉ុស្តិ៍» មិនអាចទាក់ទងលោកសាត គឹមសាន ស្នងការខេត្តបាត់ដំបងដើម្បីបំភ្លឺបាននៅឡើយទេ។
ទោះយ៉ាងណា ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ សង្ឃឹមជឿជាក់ថាលោកស្នងការខេត្តបាត់ដំបង និងមានវិធានការចុះបង្ក្រាបជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

លោកឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកគាស់ក្រឡ និងលោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នឹងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ នៅថ្ងៃទី២៣ ខែតុលាម្សិលមិញ ក្នុងនាមតំណាង សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាង ៣០០គ្រួសារ ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកប៊ុន ហុន បានមានប្រសាសន៍នាឱកាសនោះថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ស ខេង ការផ្តល់ជូនអំណោយទាំងនេះដល់ប្រជាពលរដ្ឋ កើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ក្នុងនាមជាប្រជាជាតិខ្មែរ ដោយមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយអ្វីទាំងអស់។
លោកក៏បានអំពាវនាវប្រជាពលរដ្ឋប្រញាប់ប្រញាល់នាំគ្នាដាំបន្លែបង្ការសម្រាប់ហូបចុកខ្លួនឯង ឬលក់ដូរដើម្បីបានប្រាក់ខ្លះផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លោក ឡាំ ជា ក៏បានណែនាំដល់ប្រជាពលរដ្ឋសូមបន្តប្រុងប្រយ័ត្នចំពោះបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងកើតមាននៅក្នុងស្រុក រួមទាំងបណ្ដាស្រុកមួយចំនួនទៀត ក្នុងខេត្តបាត់ដំបង និងត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ចំពោះវិធានការផ្សេងៗ កុំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុ។

ក្រុមការងារក៏បានចុះពិនិត្យការសាងសង់ទីស្នាក់ការកណ្ដាលសម្រាប់ស្នាក់នៅរបស់ក្រុមការងារចុះជួយស្រុកគាស់ក្រឡ រួមទាំងចុះពិនិត្យស្ថានភាពទឹកដែលបានផ្ទុកក្នុងស្រះទំហំប្រមាណ ៣ហិកតា ជាអំណោយរបស់សម្ដេច ស ខេង ផ្ដល់ជូនពលរដ្ឋនៅស្រុកគាស់ក្រឡ ទុកប្រើប្រាស់ប្រចាំថ្ងៃ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

សម្តេច ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥ពាន់គ្រួសារទៀត នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅនៅក្នុងស្រុកម៉ឡៃ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តសមរភូមិក្តៅក្នុងអតីតកាល តែត្រូវបានរាជរដ្ឋាភិបាលពន្លត់ភ្លើងសង្គ្រោម ក្រោយការធ្វើសមាហរណកម្មឆ្នាំ១៩៩៨ ដែលពេលនេះតំបន់ម៉ាឡៃបានក្លាយជាកន្លែងមានសុខសន្តិភាព កន្លែងទីផ្សារ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រោះដោយទឹកជំនន់នេះ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ ពេលនេះពេលយើងកំពុងមានទុក្ខនោះ គឺមានកម្លាំងមហាជនជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋយើង ដែលរហូតមកដល់ពេលនេះយើងទទួលបានការបរិច្ចាគថវិកាពីបណ្តាសប្បុរសជនប្រមាណជាង៨លានដុល្លារ។

សម្តេចតេជោបានបន្តទៀតថា ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង។ ក្នុងដំណាក់កាលនៃជម្ងឺកូវីដ១៩នេះ សម្តេចតេជោ នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូងការពារខ្លួនជាប់ជាប្រចាំ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។​ សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។

សូមជម្រាបថាចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២០

ថ្លែងយ៉ាងដូច្នេះក្នុងពេលអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥ពាន់គ្រួសារ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានគិតរួចជាស្រេចហើយថា ក្រោយទឹកជំនន់ រាជរដ្ឋាភិបាលបានត្រៀមពូជស្រូវចំនួន២,០០០តោន ដែលជាពូជស្រូវមិនប្រកាន់រដូវ ដោយក្នុងមួយគ្រួសារនឹងទទួលបាន ១០០គីឡូក្រាម ហើយផ្តល់ជូនសម្រាប់តែអ្នកដែលខូចខាតតែប៉ុណ្ណោះ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋមិនធ្វើស្រូវ តែពួកគាត់ដាំដំណាំនោះ គឺរាជរដ្ឋាភិបាលនឹងផ្តល់នូវពូជចំនួន០៦មុខដំណាំ ដើម្បីទុកបង្ករបង្កើនផលក្រោយទឹកស្រកវិញ ថែមទាំងមានគ្រឿងចក្រកសិកម្មមកបម្រើជូនប្រជាកសិករផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអោយក្រសួងពាក់ព័ន្ធទាំងអស់ត្រូវមានការវាយតម្លៃនៃការខូចខាតរបស់ប្រជាពលរដ្ឋក្នុងពេលទឹកជំនន់ ជាពិសេសក្រសួងកសិកម្ម ដោយយើងដោះស្រាយជូនតែអ្នកដែលខូចខាតទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page515 Page516 Page517 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×