ខេត្តសៀមរាប៖សេចក្តីប្រកាសព័ត៌មាន អាយស៊ីស៊ី អង្គរ – សំបូរព្រៃគុក ថ្ងៃទី ២៦-២៧ ខែមករា ឆ្នាំ២០២១ ខេត្តសៀមរាប៕SRP
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២១
ខេត្តសៀមរាប៖សេចក្តីប្រកាសព័ត៌មាន អាយស៊ីស៊ី អង្គរ – សំបូរព្រៃគុក ថ្ងៃទី ២៦-២៧ ខែមករា ឆ្នាំ២០២១ ខេត្តសៀមរាប៕SRP
ខេត្តកំពង់ចាម៖ក្រុកម្លាំងបោសសម្អាត បានរកឃើញ គ្រាប់យុទ្ធភ័ណ មិនទាន់ផ្ទុះជាង៦តោន នឹងសម្ភារមួយចំនួន នៅនាវាច្បាំងបន្សល់ទុកពីសម័យសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧០-១៩៧៥។
ការរកឃើញនេះ នៅក្នុងទឹកទន្លេមេគង្គ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាត គ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានថ្លែងគ្រាប់យុទ្ធភណ្ឌ ដែលកម្លាំងជំនាញប្រមូលបានជាង ៦តោននេះ រួមមាន គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ គ្រាប់ត្បាល់៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ។ ក្នុងនោះក៏បាន រកឃើញវត្ថុតាងរួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល ផងដែរ។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា ក៏បានលើកឡើងអំពីបញ្ហា និងឧបសគ្គ មួយចំនួន ដែលតម្រូវ ឲ្យក្រុមការងារជំនាញ សិក្សាបន្ថែម ព្រោះមានគល់ឈើ គល់ឬស្សី ព្រមទាំងសំណល់ឧបករណ៍ នេសាទចាស់ៗ ជាច្រើន បានដាច់ មកតោងជាប់នឹងនាវា។ ជាហេតុធ្វើឲ្យមានការលំបាក ក្នុងការប្រមូល កាក់សំណល់សង្គ្រាម គ្រាប់យុទ្ធភ័ណ មិនទាន់ផ្ទុះចេញពីខ្មោចនាវាចម្បាំងនេះ។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះ គឺកម្លាំងជំនាញ បាននិងកំពុងប្រតិបត្តិការ លេីការងារនេះ យ៉ាងក្តៅគគុក ដោយបានបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមផ្ទៃទឹកជុំវិញ ទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ ១,៥០០ម៉ែត្រ នៅតាមបណ្តោយដងទន្លេ ប្រមាណជា១៥០ហិកតា។
គួររំលឹកថា បន្ទាប់ពីក្រុមហ៊ុន គ្លូបប៊លហ្គ្រីន បានបូមខ្សាច់ នៅតំបន់នោះ ដេីម្បីដឹកយកទៅរាជធានីភ្នំពេញ បានប្រទះឃើញ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ គឺមាន ១-គ្រាប់AK57ចំនួន៣គីឡូក្រាម ២-គ្រាប់៦០មីលីម៉ែត្រ ចំនួន១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ១គ្រាប់។
ពាក់ព័ន្ធករណីនេះ អាជ្ញាធរមូលដ្ឋាន និងជំនាញ មន្ត្រីស៊ីម៉ាក់ និងក្រុមមុជទឹក បានមកពិនិត្យទីតាំងបូមខ្សច់នោះ ជម្រៅប្រមាណជា១៩ម៉ែត្រ។ ក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវាចម្បាំង) មួយគ្រឿងនេះ។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើសុំគោលការណ៍ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន ដេីម្បី បង្កេីតក្រុមការងារ អន្តរក្រសួង ចុះសិក្សា និងដោះស្រាយ លើករណីនេះ៕SRP
ខេត្តសៀមរាប៖ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត បានសិក្សារៀនសូត្រ និងទទួលបានចំណេះដឹងខ្ពស់មានជំនាញ ពិតប្រាកដ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសនៅថ្ងៃអនាគត់ នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១ នេះ សាកលវិទ្យាល័យអង្គរខេត្តសៀមរាប បានបើការប្រឡង យកអាហាររូបករណ៍លើជំនាញ គិលានុបដ្ឋាកនិងជំនាញ វិសកម្មនិងស្ថាបត្យកម្ម។
ការប្រឡងនេះ មានបេក្ខជន បេក្ខនារី ចូលរួមចំនួន២៩៩នាក់ ក្នុងនោះជំនាញគិលានុបដ្ឋាកមានចំនួន២០១នាក់ និងជំនាញវិសកម្ម និងស្ថាបត្យកម្មចំនួន៩៨នាក់។
លោក សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរខេត្តសៀមរាប បានថ្លែងថា អាហារូបករណ៍ ដែលសិស្សានុសិស្ស ត្រូវប្រឡងយកនៅពេលនេះ គឺមានជំនាញ
គិលានុបដ្ឋាក អាហារូបករណ៍១០០% ចំនួន៥០កន្លែង ដែលផ្តល់ដោយប្រទេសជប៉ុន សម្រាប់សិស្ស ដែលប្រឡងជាប់ អាហារូបករណ៍នេះនិងទទួលបានថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភ ក្នុង១ខែចំនួន៨០ដុល្លារអាមេរិក និងអាហារូបបករណ៍១០០% លើជំនាញវិសកម្ម និងស្ថាបត្យកម្មចំនួន១៥កន្លែង ដែលផ្តល់ដោយឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប ដោយទទួលបានថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភក្នុង១ខែចំនួន៨០ដុល្លារ ដូចគ្នាដែរ។
លោកសុខ តុញ ក៏បានបន្តថា នេះជាឱកាសដ៏ល្អសម្រាប់ប្អូនៗ ចាប់យកឱ្យបាន ព្រោះវានិងផ្តល់ចំណេះដឹង ចំណេះធ្វើ ជាពិសេសនិងជួយធ្វើឱ្យជីវភាពគ្រួសាររបស់ប្អូនៗ ធូរធាជាងមុន។
ការសិក្សាជំនាញទាំងពីរនេះ មិនត្រឹមតែបានសិក្សា នៅក្នុងសាកលវិទ្យាល័យអង្គរ ប៉ុណ្ណោះទេ ប្អូនៗសិស្សានុសិស្ស និងមានឱកាសទៅសិក្សាបន្ត នៅបណ្តាប្រទេសផ្សេងៗ ដែលជាដៃគូ របស់សាកលវិទ្យាល័យអង្គរផងដែរ។ ជាពិសេសអ្នករៀនជំនាញគិលានុបដ្ឋាក ក៏មានឱកាសចូលទៅធ្វើការ នៅមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ ដោយសារតែសាលានិងមន្ទីរពេទ្យ នេះ បានចុះកិច្ចព្រមព្រៀងនិងគ្នារួចហើយ។
បើតាម លោក ម៉ួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ធនធានមនុស្ស ផ្នែកគិលានុបដ្ឋាក គឺកំពុងតែមានត្រូវការច្រើន ហើយសម្រាប់ នៅក្នុងខេត្តសៀមរាប នេះ គឺមានតែសាកលវិទ្យាល័យអង្គរ ទេ ដែលបានបើកបង្រៀនផ្នែកនេះ ដូច្នេះប្អូនៗ ត្រូវខិតខំឱ្យអស់ ពីសមត្ថភាព ដើម្បីទទួលបានអាហាររូបករណ៍ សិក្សា ព្រោះវាជាឱកាសដ៏ល្អសម្រាប់ប្អូនៗ ផងដែរ៕SRP

ខេត្តសៀមរាប៖លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់ និងសហការី នៅថ្ងៃទី២៥ មករា នេះ បានចុះពិនិត្យការងារមួយចំនួន ជាពិសេស នៅច្រកចេញចូលនៃរដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែក និងរដ្ឋបាលឃុំ ព្រមទាំងពិនិត្យជាក់ស្តែង ការរស់នៅ និងអាស្រ័យផល របស់ប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាបផងដែរ៕SRP
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបជាមួយប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីរៀបចំនីតិវិធីស្តីពីការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ គ្រប់គ្រងដីធ្លី ពីប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលលេីដីរបស់រដ្ឋ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម។
កិច្ចជំនួបពិភាក្សានេះ ធ្វេីឡើង នៅថ្ងៃទី២៥ ខែមករា ព្រឹកមិញនេះ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងមន្ត្រីពាក់ព័ន្ធផងដែរ។
គួររំលឹកផងដែរថា ក្នុងអំឡុងដើមខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់មន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តរួមគ្នា ដេីម្បីការពារដីធ្លីជាកម្មសិទ្ធិ របស់រដ្ឋ ក៏ដូចជាផ្ទៃបឹងធម្មជាតិនានា ដែលថ្នាក់ដឹកនាំគ្រប់ជំនាន់ បានរក្សាទុក្ខ សម្រាប់ជាប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយៗ ដោយមិនត្រូវអនុញ្ញាត ឲ្យជនឆ្លៀតឱកាស រំលោភបំពាន យកបានឡេីយ៕SRP
ខេត្តសៀមរាប៖ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប លោកស៊ិន សង្ហា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១ បានចេញពីការបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស។
ជនត្រូវចោទ៖ ឈ្មោះ តែ ម៉េងសួង ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែង កំណើតនៅភូមិ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល ទីលំនៅមុនពេលឃាត់ខ្លួននៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្រិតវប្បធម៌ថ្នាក់ទី៧ មុខរបរមិនពិតប្រាកដ។ ទោស ពីមុន ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ពីបទល្មើសគ្រឿងញៀន។
សុំបញ្ជាក់ថា ជនរូបនេះ ត្រូវបាននគរបាលស្រុកប្រាសាទបាគង និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលប៉ុស្តិ៍ឃុំត្រពាំងធំ រួមជាមួយប្រជាការពារភូមិ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីបាន ប្រព្រឹត្តលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ នៅភូមិស្វាយ ជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP
ខេត្តសៀមរាប៖យោងតាមសេចក្ដីរាយការណ៍ព័ត៌មានបឋមឲ្យដឹងនៅមុននេះបន្តិចថា រថយន្តទូរីស បានធ្លាក់ចូលទៅក្នុងប្រឡាយទឹកបះជើង បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងនៅម៉ោង ០៥និង៣០នាទី ថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២១ នៅទល់មុខស៊ុបគោខ្មែរ តាមផ្លូវ ៦០ ម៉ែត្រ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បើតាមប្រភពបានឲ្យដឹងថារថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ ខាងលើ ម៉ាកតូរិស១២កៅអីពាក់ ស្លាកលេខភ្នំពេញ ២S៤៦៨៣ បើកបរទិសដៅពីត្បូងទៅជើង មកដល់ចំណុច បានរេចង្កូត ធ្លាក់ចូលប្រឡាយទៅខាងឆ្វេងដៃ។
ទោះជាយ៉ាងណា គេនៅពុំទាន់ដឹងថា មានមនុស្ស រងរបួសឬយ៉ាងណានោះទេ ដោយសមត្ថកិច្ចជំនាញ នៅមិនទាន់ បញ្ជាក់លម្អិតនៅឡើយទេចំពោះករណីនេះ៕SRP
ខេត្តសៀមរាប៖យ៉ាងហោចណាស់ មានមនុស្ស៣នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ដោយសាររថយន្តបែកកង់ រួចរេចង្កូតបុកម៉ូតូ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧និង២០នាទី
នៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣២.៣៣៣ ភូមិដូនទ្រឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
បើយោងតាមប្រភពបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២X៨១៤៩ បើកបរដោយ ឈ្មោះ រិន ភិរក្យ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិអូតាគី ឃុំអូតាគី ស្រុកបាត់ដំបង ខេត្តបាត់ដំបង ដឹកប្រពន្ធ ឈ្មោះវ៉ាន់ សៅឌី អាយុ៣២ឆ្នាំ របួសស្រាល ក្នុងទិសដៅពីលិច ទៅកើត បានបុកម៉ូតូ មានទិសដៅពីកើត ទៅលិច ម៉ាកហុងដាឌ្រីម សេរី២០១៥ បើកបរដោយឈ្មោះ ប៊ុត ហៃម៉េង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិ តាង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ(ពាក់មួក) (ស្លាប់នៅពេទ្យខេត្ត)ដឹកមនុស្ស០២នាក់៖
១.ឈ្មោះ អ៊ួក ចៀន អាយុ៣៦ឆ្នាំ ជាប្រពន្ធ(អត់មួក) ។(ស្លាប់នៅពេទ្យខេត្ត)
២.ឈ្មោះ ម៉េង នី ភេទស្រី អាយុ១១ឆ្នាំ ជាកូន (អត់មួក) (ស្លាប់នៅពេទ្យខេត្ត) ចំណែករថយន្តនិងម៉ូតូខូចខាតធ្ងន់។ ដោយឡែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លន។
ពាក់ព័ន្ធករណីនេះ កម្លាំងជំនាញ បានចុះវាស់វែង ដកហូតវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបន្ត៕SRP
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមករា ម្សិលមិញ បានដឹកនាំក្រុមការងារ អញ្ជេីញចុះពិនិត្យ កសិដ្ឋានចិញ្ចឹមសត្វ ស្ថិតនៅក្នុងឃុំស្រក ស្រុកកំពង់សៀម នឹងផ្លូវក្រាលកៅស៊ូប្រភេទDBSផងដែរT
បេីតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានបញ្ជាក់ថា លោក អ៊ុន ចាន់ដា រួមជាមួយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ អ្នកបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្លូវដែលជាសមទ្ធិផល របស់រាជរដ្ឋាភិបាលតាមរយ: ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងខេត្តកំពង់ចាម ដោយបានចុះពិនិត្យផ្លូវប្រវែង២៨គីឡូម៉ែត្រ ពីភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដល់ផ្លូវ៧១C កាត់ឃុំទួលព្រះឃ្លាំង និងឃុំសូភាស ស្រុកស្ទឹងត្រង់ ដែលកំពុងអនុវត្តដោយក្រាលកៅស៊ូប្រភេទDBST (ជាថវិកាពហុឆ្នាំរបស់នាយកដ្ឋាន)។
គួរបញ្ជាក់ថា ទន្ទឹមនឹងការចុះពិនិត្យផ្លូវខាងលេីនេះ លោកអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ ជាមួយនឹងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងចិញ្ចឹមសត្វជ្រូក និងសត្វមាន់ និងការដាំដុះដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ ឃុំស្រក ស្រុកកំពង់សៀមផងដែរ៕SRP
ខេត្តសៀមរាប៖លោកបណ្ឌិតឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី លោម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃសៅរិ៍ ទី២៣ ខែ មករា ម្សិលមិញ បាននាំយកអំណោយ របស់មូលនិធិ ថៃ យ៉ា ជាគ្រឿងឧបភោគ បរិភោគ មានអង្ករ ៣០តោន ត្រីខ ២ពាន់យួរ អំបិល២ពាន់កញ្ចប់ ទឹកស៊ីអ៉ីវ ២ពាន់យួរ អាល់កុល ២ពាន់ដប និងថវិកា ២០លានរៀល ចែកជូនប្រជាពលរដ្ឋ ជួបការលំបាកចំនួន ២០០០គ្រួសារ មកពី១០ឃុំក្នុងស្រុកក្រឡាញ់ នៅក្នុងបរិវេណវត្ត ខ្នារ តេជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
អភិបាលខេត្ត ក៏បានឧបត្ថម្ភ ដល់រដ្ឋបាលស្រុកក្រឡាញ់ នូវម៉ាស់ ៩ពាន់ម៉ាស់ ជែលលាងដៃ ១០កេស ស្មើ ២៥០ដបផងដែរ៕SRP
ខេត្តសៀមរាប៖តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាង ជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូល នៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រ ទីក្រុង រួមជាមួយការគិតគូរ ដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាព របស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។
បណ្តាញផ្សព្វផ្សាយ របស់រដ្ឋបាល ខេត្តសៀមរាបបានបង្ហាញថា ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិំ សរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារ ចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅ ក្រៅគម្រោង សាងសង់ខ្សែផ្លូវទាំង៣៨នេះ។
ក្រោយពីបញ្ចប់ការស្ថាបនា ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធ ប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ំ សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិ នៃជំងឺកូវីដ-១៩។
សូមជម្រាបថានៅរសៀលថ្ងៃទី២៣ ខែមករា ម្សិលមិញ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះមើលសកម្មភាព ការស្ថាបនាផ្លូវ នៅខេត្តសៀមរាប។
ជាមួយនឹងការចុះពិនិត្យការស្ថាបនាផ្លូវនេះ លោក ហ៊ុន ម៉ានី បានបង្ហោះសាររបស់ខ្លួននៅលើគេហទំព័រហ្វេសប៊ុកថា «ទិដ្ឋភាពនៃការសាង់សង់ផ្លូវនេះបានសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ការណ៍នេះមិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ។ ផ្ទុយទៅវិញ ការអភិវឌ្ឍនេះគឺជាការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងជាការត្រៀមទទួលទេសចរមកកាន់ខេត្តសៀមរាបក្រោយវិបត្តិកូវីដ១៩»៕SRP
ខេត្តសៀមរាប៖លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីរបស់ខ្លួន នៅព្រឹកថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២១ នេះ បានចុះបង្ហាញផ្លូវសម្រាប់អ្នកជិះកង់។
ការចុះបង្ហាញផ្លូវសម្រាប់អ្នកជិះកង់នេះ ចាប់ផ្ដើមពីចំណុច អតីតកន្លែងលក់សំបុត្រទៅអង្គរវត្ត។
បើតាមមន្ត្រីអាជ្ញាធរជាតិអប្សរាបានថ្លែងថា ផ្លូវសម្រាប់អ្នកជិះកង់នេះ ក៏ជាផ្លូវសម្រាប់អ្នករត់ហាត់ប្រាណផងដែរ។ ដោយផ្លូវនេះ គឺអ្នកជិះកង់និងអ្នករត់ហាត់ប្រាណ មិនមានការព្រួយបារម្ភអំពី គ្រោះថ្នាក់ចរាចរណ៍ឡើយ។
សូមជម្រាបថាផ្លូវសម្រាប់អ្នកជិះកង់នេះ មានទទឹង០២ម៉ែត្រ នឹងមានចម្ងាយជាង២០ គីឡូម៉ែត្រ ដែលបានសាងសង់ឡើងដោយអាជ្ញាធរជាតិអប្សរា ដើម្បីបំរើដល់វិស័យទេសចរណ៍ ជាពិសេសអ្នកនិយមជិះកង់នឹងរត់ហាត់ប្រាណ៕SRP


