សម្តេច ហ៊ុន សែន អញ្ជើញជួប គ្រូពេទ្យស្ម័គ្រចិត្ត ជាង៤០០នាក់ មុនចេញទៅ ព្យាបាលជម្ងឺកូវីដ១៩
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកមិញបានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ តាមរបាយការណ៍របស់ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលបានក្រុមគ្រូពេទ្យស័គ្រចិត្តសម្តេចតេជោបានអោយដឹងថា ក្រោយពីការមានការពីការអំពាវនាវពីក្រសួងសុខាភិបាល ក្នុងការចូលរួមជាកម្លាំងក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។ ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំងកូវីដ១៩នេះ។ បានចាត់ទុកការចូលរួមរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធជំងឺកូវីដ១៩ ថាជាខ្សែត្រៀមទី១ ដើម្បីសង្គមជាតិ និងគ្រួសារ ហើយការចូលរួមនេះ គឺប្រកបដោយទឹកចិត្តដ៏អង់អាច។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកជួបក្រុមគ្រូពេទ្យប្រឆាំងជម្ងឺកូវីដនាពេលនេះ ហើយក៏ជាពេលវេលាមួយដែលសម្តេចតេជោបានថ្លែងជូនសារដ៏សំខាន់ៗទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោបានអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត បើទោះបីជាដឹងថាជម្ងឺនេះជាឃាតករលាក់មុខក៏ដោយ។ ការលះបង់របស់ក្មួយៗក្រុមគ្រូពេទ្យគឺជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។ សម្តេចតេជោក៏បានអរគុណដល់អាណាព្យាបាលរបស់ក្មួយៗទាំងអស់ដែលបានអនុញ្ញាតកូនៗមកចូលរួមក្នុងប្រតិបត្តិការនេះ។ សម្តេចតេជោបានបញ្ជាក់ពីមូលហេតុ ដែលត្រូវយកក្រុមគ្រូពេទ្យនេះស្ម័គ្រចិត្តនេះ គឺយើងបន្ថែមលើកក្រុមគ្រូពេទ្យជំនាញដែលមានជាង២,០០០នាក់នោះ ហើយយើងមិនត្រឹមតែព្យាបាលតែកូវីដ១៩ទេ គឺយើងមានជម្ងឺផ្សេងៗទៀត ហើយប្រតិបត្តិការនេះក៏ជាពេលអោយពួកគាត់បានទទួលការបណ្តុះ បណ្តាលជំនាញវិជ្ជសាស្ត្រផងដែរ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា បើគ្មានអាវុធមិនគ្រប់គ្រាន់ទេ គឺមិនអោយចូលប្រយុទ្ធទេ បើគ្មានបរិក្ខាពេទ្យគ្រប់គ្រាន់ទេ គឺមិនអោយចេញព្យាបាលអ្នកជម្ងឺនោះឡើយ។