ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានដាក់បទបញ្ជាឲ្យមានការធ្វើអធិការកិច្ច ប្រកបដោយការទទួលខុស ត្រូវចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យជនជាប់ឃុំឃាំងរត់រួចពីពន្ធនាគារ ខេត្តស្ទឹងត្រែងដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ។
ការដាក់បញ្ជាឲ្យធ្វើអធិការកិច្ចយ៉ាងដូច្នេះ ក្រោយពីមានជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ។
តាមរយ:ទំព័រផេកហ្វេសប៊ុក សម្ដេចស ខេង បានលើកឡើងថាខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ។
តាមលទ្ធផលនៅពេលនេះសមត្ថកិច្ចយើងបានចាប់ខ្លួនជនជាប់ឃុំចំនួន៥នាក់ មកវិញហើយ ក្នុងចំណោមជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ។ ជនជាប់ឃុំដែលសម្ថកិច្ចចាប់បានមកវិញនោះគឺមានជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ទូច វ៉ាត់ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញ ដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស៣០ឆ្នាំ។
២.ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស២០ឆ្នាំ។
៣.ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ មានបទល្មើស ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកំរិតទោស០៤ឆ្នាំ។
៤.ឈ្មោះ ចាក លីប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិឡាវ មានបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន កំរិតទោស អស់មួយជីវិត ។
៥.ឈ្មោះ ហន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការ ប្រើទារុណកម្ម និងមានកំរិតទោស២៧ឆ្នាំ។ ទន្ទឹមនឹងនេះទណ្ឌិត២នាក់ជាជនជាតិឡាវដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ។
សម្ដេច បានបន្តថាអ្វីដែលខ្ញុំចង់បញ្ជាក់នៅពេលនេះគឺលទ្ធផលប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវនិងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ។
លទ្ធផលនេះបានបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹងនិងចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ។
សម្ដេចបានបន្តទៀតថាក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ដែលទទួលខុសត្រូវ ថែរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះហើយសង្ឃឹមថាការចាប់ខ្លួនទណ្ឌិត២នាក់ទៀតនឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនេះខ្ញុំក៏សូមអំពាវនាវផងដែរដល់បងប្អូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសូមបន្តគាំទ្រនិងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការគាំទ្រនិងចូលរួមបន្ត អនុវត្តតាម ពាក្យស្លោកជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិយើង៕SRP