ខេត្តកំពង់ធំ៖លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកមិញនេះបានដឹកនាំមន្ត្រីជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋ ដាំដើមក្ងោក លម្អ
ចំនួន១២០០ដើម នៅសងខាងផ្លូវតាមដីឡូតិ៍លំនៅដ្ឋាន និងតំបន់រដ្ឋបាលរបស់គម្រោងដីសម្បទានសង្គមកិច្ច(Lased II) ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ។
លោកសុខ លូ បានថ្លែងថាការដែលដាំដើមឈើនៅតាមសងខាងផ្លូវនេះ ដើម្បីលើកកម្ពស់សោភណភាពបៃតង និងបង្កើតជាគម្របបរិស្ថានពណ៌បៃតងដល់តំបន់ដីសម្បទានសង្គមកិច្ចផងដែរ។
លោកថ្លែងបន្ដថាដើមក្ងោកនេះវានឹងធ្វើឱ្យតំបន់នេះមានសោភណភាពខៀវ ស្រស់បំព្រងក្នុងរដូវវស្សា និងភាគច្រើននៅរដូវប្រាំងតែងចេញផ្កាផ្តល់សោភណភាពស្អាត និងជួយប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដល់សំខាន់មួយក្នុងស្រុកប្រាសាទបល័ង្គដែលអាចទាក់ទាញភ្ញៀវនានានៅពេលខាងមុខ។
លោកបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវរួមគ្នាថែរក្សាការពារសមិទ្ធដែលទទួលបានកន្លងមកនេះ ពិសេសរួមគ្នាដាំដើមក្ងោក និងថែរក្សា ជាម្លប់ដ៏ត្រជាក់នៅតំបន់នេះផងដែរ។
លោកក៏បានជំរុញលើកទឹកចិត្ដដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះបន្លែ បង្ការ ការចិញ្ចឹមសត្វ ជាដើមដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរ៕SRP