ខេត្តកំពង់ចាម៖:កំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនធ័ ចំនួន១៤ឈុត ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ត្រូវបានផ្ដល់ជូនឃុំទាំង១១ និងវិទ្យាល័យទាំង៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
ការផ្ដល់នេះតាមរយៈ លោក ណុប រ័ត្ននិមល សមាជិក យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យ សម្តេចហ៊ុន សែន តំណាង លោកហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេច ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចហ៊ុន សែន។
ពិធីនេះត្រូវបានធ្វេីឡើង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ម្សិលមិញ ដោយមានការ ចូលរួមពីលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និនិងលោក ខ្លូត ផន អនុប្រធានប្រចាំការបក្សខេត្ត ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ចំនួន៣២៤នាក់ នៅស្រុកកងមាស លោក អ៊ុន ចាន់ដា បានរំលឹកថា ជំនាន់ប៉ុលពត គេសម្លាប់ និស្សិតបញ្ញវន្ត អ្នកចេះដឹងចោលស្ទេីរគ្មានសល់ ក្រោមការរំដោះជាតិមាតុភូមិ ឲ្យមានសុខសន្តិភាព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងវីរបុរសស្នេហាជាតិពិតប្រាកដ របស់គណបក្សប្រជាជនកម្ពុជា បានផ្ដល់ឱកាសឲ្យយុវជនយេីង សិក្សារៀនសូត្រ កសាងធនធានមនុស្ស ដូច្នេះសូមឲ្យប្អូនៗ ជាយុវសិស្សត្រូវខិតខំរៀនសូត្រ ដេីម្បីបន្តវេនដឹកនាំការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានការរីកចម្រើនរុងរឿងទៅថ្ងៃអនាគត។
លោក អ៊ុន ចាន់ដា ក៏បានសំណូមពរសូមឲ្យយុវជនចងក្រង ជាក្រុមឃោសនឹក ផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចម្រើន និងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ក៏ជាសកម្មភាពដឹកនាំរស់រវើករបស់គណបក្សប្រជាជនកម្ពុជា។
ដោយឡែកមន្ត្រីការងារនៅថ្នាក់មូលដ្ឋាន ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងចងក្រងជាផែនការសកម្មភាពយុទ្ធសាស្ត្រ ដេីម្បីស្នេីដល់ថ្នាក់ខេត្ត សុំផ្តល់ជាធនធានសម្រាប់ ចុះបំពេញការងារ ផងដែរ៕SRP



