
ខេត្តសៀមរាប៖ក្រុមអ្នកជំនាញ ជួសជុលស្រះខាងជើងនៃ ប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវ បុរាណវិទ្យា រួចរាល់ហើយ ព្រមទាំងបានជួសជុល ច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០០០០ម៉ែត្រគូប។
ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាត ឱ្យភ្ញៀវទេសចរចូលទៅ ផ្តិតរូបភាពប្រាសាទអង្គរវត្ត ពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុល និងលើកតម្លៃ រចនាសម្ពន្ធ ស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។
លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនិងជាប្រធានគម្រោងជួសជុលរចនាសម្ពន្ធស្រះខាងជើងឱ្យដឹងថា ការងារទាំងនេះបានចាប់ផ្តើមកិច្ចការស្រាវជ្រាវ តាំងពីឆ្នាំ២០១៨ និងអនុវត្តការជួសជុលនៅឆ្នាំ២០២០។ បច្ចុប្បន្នមិនទាន់ បើកឱ្យភ្ញៀវចូល ផ្តិតរូបភាពទេ ព្រោះរចនាសម្ពន្ធ ស្រះខាងជើង ខូចខាតខ្លាំង មិនទាន់ជួសជុលរួចរាល់ទាំងស្រុង។ ស្របនឹងពេលនេះ ការរីករាតត្បាតនៃជំងឺកូវីដ១៩ក៏មិនមានភ្ញៀវមកទស្សនាដែរ។ ម្យ៉ាងវិញទៀត ក៏ទុកឱកាស ឱ្យអ្នកជំនាញស្រាវជ្រាវ និងអ្នកជួសជុលងាយស្រួលបំពេញការងារបានល្អផង។
លោកថា នាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរានៅសល់កាំជណ្តើរ ស្រះ៣ជ្រុងទៀត ដែលត្រូវពង្រឹងនិងកំពុងតែកំណាយ មើលស្ថានភាពខូចខាត ជាក់ស្តែងដើម្បី លើកគម្រោងជួសជុលបន្ថែមចំនួន៦៥ម៉ែត្រឱ្យរួចរាល់ក្នុងរយៈពេល២ឆ្នាំទៀត តែបើជួបនឹងករណីស្រាវជ្រាវ វានឹងអាចពន្យារពេលយូរជាងនេះ។
រចនាសម្ពន្ធស្រះខាងជើង ខូចខាត ទ្រុឌទ្រោមដោយសារថ្មភក់ មានប្រតិកម្មខ្លាំង នឹងកម្តៅថ្ងៃជាមួយនឹងទឹកធ្វើឱ្យក្តៅសើមៗ បណ្តាលឱ្យថ្មភក់ងាយសឹករិចរិល ងាយនឹងបាក់បែក ហើយកន្លែងខ្លះបាត់ថ្ម ដែលធ្វើឱ្យមានចន្លោះ ប្រហោងបណ្តាលឱ្យទឹកហូរ នាំដីច្រោះចូលទៅក្នុងស្រះ។
ដូច្នេះក្រុមការងារ ត្រូវការសិក្សាស្រាវជ្រាវ ពីវិធីសាស្ត្រពង្រឹង ការបិទចន្លោះប្រហោងយ៉ាងម៉េចដើម្បីកុំឱ្យវាច្រោះទៀត។
បើតាម លោក ស្រ៊ុន តិច បញ្ជាក់ថា ការអភិរក្សសំណង់បុរាណ យើងអត់អាចកំណត់ បានដូចសំណង់សម័យទំនើបទេ យើងត្រូវការពេលវេលាយូរដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះ។ យើងមិនអាចធ្វើលឿនពេក ដោយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវ បច្ចេកទេសបុរាណ វិស្វកម្មបុរាណ ការប្រើប្រាស់វត្ថុធាតុដើមនោះឡើយ។
ដូច្នេះមុននឹងយើង ធ្វើពីកន្លែងមួយទៅកន្លែងមួយ យើងត្រូវកំណាយ បើកដីមើលឱ្យអស់ពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ រួចសិក្សាប្លង់ តើត្រូវរៀបម៉េចឱ្យដូចទម្រង់ដើម ដែលសំខាន់សម្រាប់កិច្ចការអភិរក្សមិនអាចកែប្រែវាបានទេ។
ចំពោះស្រះខាងជើង នៃប្រាសាទអង្គរវត្ត ក៏ធ្លាប់មានប្រវត្តិជួសជុលកាលពីឆ្នាំ១៩២២ ដោយលោក ហង់រី ម៉ាកហ្សាល់។ គាត់បានរៀបផ្នែកខាងជើងម្តងរួចមកហើយ ដោយលោកបានកែលម្អលើកថ្មឱ្យមានទម្រង់ចេញជារូបរាងស្រះ៕SRP
អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក យី សុថា