
ខេត្តបាត់ដំបង៖អាជីវករ បានរងការរិះគន់ អ្នកគ្រប់គ្រង អប្សរាផ្សារលើ ដោយសារយកប៉ារ៉ាស់បិទផ្លូវ សាធារណ: ហាមមិនអោយរថយន្តតូចធំឆ្លងកាត់ និងមិនអោយមានការលក់ដូរ ប៉ុន្តែបែធ្វើជាកន្លែងផ្ញើរម៉ូតូ ប្រមូលលុយ តាមអំពើចិត្តទៅវិញ។ អប្សរាផ្សារលើ ស្ថិតនៅក្រុមទី១២ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រជាពលរដ្ឋ និងជាអាជីវករ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅព្រឹកនេះថា ពួកគាត់មានការមិនពេញចិត្ត ចំពោះម្ចាស់គ្រប់គ្រង អប្សរាផ្សារលើ ដែលបានដាក់ប៉ារ៉ាស់បិទផ្លូវ មិនអោយរថយន្តគ្រប់ប្រភេទចរាចរណ៍ ឆ្លងកាត់និងដេញមិនអោយមានការលក់ដូរនៅទីនោះ ដើម្បីការពារ ការបាក់ផ្លូវច្រាំងស្ទឹងបន្ថែម បែជាយកម៉ូតូមកដាក់ផ្ញើ ធ្វើមានធ្វើបានបុគ្គលទៅវិញ។ ការដាក់កន្លែងផ្ញើម៉ូតូបែបនេះ បានបណ្ដាលឲ្យរាំងស្ទះដល់ការងារ ប្រកបរបររកស៊ីរបស់ពួកគាត់ប្រចាំថ្ងៃផងដែរ។ ដូច្នេះពួកគាត់សុំសំណូមពរ ទៅដល់លោកអភិបាលខេត្ត ជួយដោះស្រាយ អោយពួកគាត់បានលក់ដូរ នៅទីនេះផង ហើយបើសិន ជាខាងអាជ្ញាធរចុះរៀបចំធ្វើពេលណា ពួកគាត់ចាកចេញភ្លាម។
ពាក់ព័ន្ធទៅនឹងការរិះគន់នេះ លោក សេង សិរីរតន: ជាអ្នកគ្រប់គ្រង អប្សរាផ្សារលើ បានប្រាប់ថា៖ លោកធ្វើនេះ មិនធ្វើដោយចិត្តឯងទេ គឺធ្វើទៅតាមចំណា របស់ អភិបាលខេត្ត ដោយសារខ្លាចប៉ះពាល់បាក់ច្រាំងស្ទឹង។ ដូច្នេះទើបគាត់សុំធ្វើម៉ិចផ្អាកការលក់ដូរនៅទីនេះ លុះត្រាតែជួសជុលជ្រាំងស្ទឹងហើយ ទើបគិតតាមហ្នឹងទៀត។ ចំពោះការដាក់ផាស៊ីផ្ញើម៉ូតូ លើផ្លូវ លោកថា បើខាងលោកមិនយកម៉ូតូមកដាក់ផ្ញើទេ ពួកគាត់ នឹងមកលក់ដូរនៅទីនោះទៀត។
លោក ផេង សិទ្ធី អភិបាល ក្រុងបាត់ដំបង លោកបានឆ្លើយតបតាមរយៈទូរស័ព្ទថា៖ ពេលនេះ លោកកំពុងជាប់ប្រជុំ ហើយនៅពេលប្រជុំចប់លោកនឹងចុះទៅពិនិត្យមើល។ ដូច្នេះសូមអោយពលរដ្ឋ នៅស្ងៀមសិនទៅ ព្រោះខ្លាចក្រែង ធ្លាក់ទៅវាគ្រោះថ្នាក់ ដល់អាយុជីវិតគាត់ទេ។ ហើយគាត់មិនត្រូវធ្វើអ្វី តាមតែចិត្តគាត់ទេ ពេលប្រជុំចប់ នឹងចុះទៅចាត់ចែងរឿងហ្នឹងហើយ។
គួរបញ្ជាក់ថា យោងតាមលិខិតរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ជម្រាបមកលោកអគ្គនាយកក្រុមហ៊ុន តារ៉ា អុីមផត ខូ.អិលធីឌី(អប្សារាផ្សារលើ) កម្មវត្ថុ ករណីស្នើសុំជួសជុលការបាក់ច្រាំងស្ទឹងនៅខាងកើតផ្សារលើស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់បង យោងលិខិតលេខ ៦៥៦សក.បប ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបមកលោកអគ្គនាយកក្រុមហ៊ុនតារ៉ា អុីមផត ខូ.អិលធីឌី(អប្សារាផ្សារលើ)ជ្រាបថា ករណីការបាក់ច្រាំងស្ទឹងនៅខាងកើតផ្សារលើស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រដ្ឋបាលខេត្តសម្រេចផ្អាកការធ្វើចរាចរណ៍សម្រាប់ឡានធំនិងការលក់ដូរនៅទីនោះជាបណ្ដោះអាសន្ន ដើម្បីការពារការបាក់ច្រាំងស្ទឹងបន្ថែម ព្រមទាំងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ទៅមកនិងអាជីវករលក់ដូរនៅទីនោះដែលអាចកើតឡើងជាយថាហេតុមិនខានឡើយ៕SRPដោយប៊ុនថេត





