ខេត្តសៀមរាប៖មន្ត្រីប៉ូលិសខេត្តសៀមរាប បានអះអាងថាមិនមានករណីចាប់ក្មេងដាក់ចូលរថយន្តនៅក្នុងខេត្តសៀមរាប នោះទេ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីមន្ត្រីប៉ូលិស ខេត្តសៀមរាប ចុះស៊ើបអង្កេត ស្រាវជ្រាវ ដល់ផ្ទះ ក្រុមគ្រួសារឪពុកម្ដាយក្មេងទាំងពីរនាក់ដែលបាត់។
ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការប៉ូលិសខេត្តសៀមរាប លោក ភឹង ចិន្តារ៉េត បានថ្លែងថាបន្ទាប់ពីឃើញនូវការ បង្ហោះ facebook «ចាប់មនុស្សដាក់ឡាន» នគរបាលខេត្តសៀមរាប បានចុះស៊ើបអង្កេត ជាមួយគ្រួសាររងគ្រោះ។
គ្រួសាររងគ្រោះ បានប្រាប់ប៉ូលិសថា គាត់ផុសហ្វេសប៊ុកបែបនេះ គឺដើម្បីយកចំណាប់អារម្មណ៍ដើម្បីឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍តែប៉ុណ្ណោះ។
លោក ភឹង ចិន្តារ៉េត ថ្លែងបន្តថាកូនជ្រូក ដែលម្ដាយសន្សំលុយត្រូវបានកូនវាយបំបែកយកលុយអស់ ចំណែកខោអាវរបស់កូនៗក៏បាត់អស់មួយចំនួនផងដែរ។
បើតាមលោក ភឹង ចិន្តារ៉េត សមត្ថកិច្ចសន្និដ្ឋានថា មិនមែនជាករណីចាប់ក្មេងដាក់ឡាន នោះទេអាចក្មេងរត់ចេញពីផ្ទះ ព្រោះម្ដាយរបស់ក្មេង តែងតែអប់រំ និងវាយពួកគេជាញឹកញាប់ ទើបពួកគេរត់បែបនេះ។ ទោះជាយ៉ាងណានគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកក្មេងទាំងទាំងពីរនាក់នេះ។
ប៉ូលិសស្រុកប្រាសាទបាគងឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្រោយទទួលព័ត៌មានពី ឈ្មោះប៉ិច សុខេន ភេទស្រីអាយុ៣៦ឆ្នាំ នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាម្ដាយក្មេងរងគ្រោះ បានរាយការណ៍ថា៖
ជាទម្លាប់កូនប្រុសទាំង២នាក់ ឈ្មោះហ៊ុន គឹមហេង អាយុ១៤ឆ្នាំ និងឈ្មោះហ៊ុន សុខវិសាល អាយុ៩ឆ្នាំ ម៉ោង៦.០០នាទី បានចេញទៅរៀន នៅសាលាអនុវិទ្យាល័យធ្លកអណ្ដូង ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហើយតែងតែមកដល់ផ្ទះនៅម៉ោង១២.៣០នាទី លុះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦.០០នាទី កូនរបស់គាត់ទាំង២នាក់ បានចេញទៅរៀនតាមទម្លាប់ ដូចរាល់ដង ដោយឌុបគ្នា ជាមួយបងប្អូន ហើយរហូតដល់ម៉ោងជិត១ថ្ងៃ ស្រាប់តែមិនឃើញកូនមក គាត់ក៏បានទូរស័ព្ទទៅកូន តែមិនចូល ដោយប្លែកព្រោះរាល់ដងកូនគាត់មិនដែលបិតទូរស័ព្ទទេ។ ម្ដាយបន្តថាគាត់បានទូរស័ព្ទសួរបងប្អូនថា តែអត់ឃើញ ទើបគាត់និងប្ដីបងប្អូននាំគ្នាដើររកតែដើរកមិនឃើញរហូតមកដល់ថ្ងៃនេះ។ ខាងក្រោមនេះលេខទូរស័ព្ទកូនដែលបាត់មានលេខ ០៦៩ ៦១៣៧០៦៕SRP



ខេត្តកំពត៖សម្ដេច ស ខេង បានមានប្រសាសន៍ថា វិស័យកសិកម្មនៅកម្ពុជាបាន និងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ពិសេសចូលរួមចំណែក២០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ សម្ដេច ថា វិស័យកសិកម្ម កាន់តែដើរតួនាទីសំខាន់ នៅក្នុងបរិបទនៃការប្រឈមុខ នឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួលជាអវិជ្ជមាន មួយចំនួនរបស់សាកលលោក។
ខេត្តបាត់ដំបង៖ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ចំនួន៥៨២ គ្រួសារ ដែលរស់ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង នៅផ្សារទំនើបភួ ពុយ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកសុខ លូ អភិបាលខេត្តបានថ្លែងប្រាប់ពលរដ្ឋថា៖ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោត ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ។
លោក សុខ លូ បានមានប្រសាសន៍ផ្ដាំផ្ញើប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព ដោយការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ព្រមទាំងរៀបចំសំអាតបរិស្ថាន សណ្ដាប់ធ្នាប់ជុំវិញផ្ទះសំបែងឲ្យបានស្អាតជានិច្ច។
លោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង។ លោកថាបើសិនជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣រយៈពេល៤-៥ខែហើយ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤បន្តទៀត នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅជិតផ្ទះប្រជាពលរដ្ឋរស់នៅ៕SRP