នៅទីបំផុត សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ សម្រេចដក ឧត្តមសេនីយ៍ត្រី កែវ សារ៉វុធ អគ្គនាយករងសវនកម្មផ្ទៃក្នុងម្នាក់ មកជាមន្ត្រី។
នេះបើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេចអធិបតីហ៊ុន ម៉ាណែត សៀមរាប ប៉ុស្តិ៍ ទើបទទួលបាន
នៅថ្ងៃសៅរ៍នេះ៕SRP
នៅទីបំផុត សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ សម្រេចដក ឧត្តមសេនីយ៍ត្រី កែវ សារ៉វុធ អគ្គនាយករងសវនកម្មផ្ទៃក្នុងម្នាក់ មកជាមន្ត្រី។
នេះបើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេចអធិបតីហ៊ុន ម៉ាណែត សៀមរាប ប៉ុស្តិ៍ ទើបទទួលបាន
នៅថ្ងៃសៅរ៍នេះ៕SRP
ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដាក់បទបញ្ជា ជំរុញឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាបង្ក្រាបបទល្មើសនានា និងពង្រឹងការ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាព បន្ថែមទៀត ដើម្បីរក្សាបាននូវសុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង រាល់សកម្មភាព ដែលបង្កឱ្យមានអសន្តិសុខ ដល់សង្គមជាតិ។
ការដាក់បទបញ្ជា ពីសំណាក់អភិបាលខេត្តសៀមរាប នៅថ្ងៃសុក្រនេះ ក្នុងឱកាស អញ្ជើញប្រកាស
ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប និងសមាជិកក្រុមប្រឹក្សា ២១រូប អាណត្តិទី៤ ឲ្យចូលកាន់មុខតំណែងជាផ្លូវការ។
នៅសាលប្រជុំសាលាក្រុងសៀមរាប នៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2024 នេះ ឯកឧត្តម ប្រាក់ សោភ័ណ
បានបញ្ជាក់បន្ថែមថា ការផ្តល់សេវាសាធារណៈ នានាជូនប្រជាពលរដ្ឋ ជាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យ ប្រជាពលរដ្ឋ គ្រប់រូប និងសង្គមជាតិទាំងមូល មានសុខ សុវត្ថិភាព ល្អ លើកកម្ពស់ សោភណភាព អនាម័យបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ និងគ្រោះថ្នាក់ ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ ព្រមទាំងលើកទឹកចិត្ត ឱ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងមូលដ្ឋាន។
អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា ដើម្បីតបទៅនឹងគុណតម្លៃ នៃការជឿទកចិត្ត របស់ប្រជាពលរដ្ឋ ដែលបានចាត់តំណាង ឱ្យបោះឆ្នោតជ្រើសរើស ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង នាពេលនេះ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។
អភិបាលខេត្តសៀមរាបរូបនេះបានបញ្ជាក់ថា ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាព ការងារ ការគោរពច្បាប់ គោរពគោលការណ៍នានា របស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ការ របស់មន្រ្តីនៅក្នុងការ បំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច របស់ខ្លួនទាំងមូល៕SRP
រថយន្តធន់ធ្ងន់២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យមនុស្ស៧នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់។គ្
ហេតុការណ៍បានកេីតមានឡេីងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតក្នុងភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ រថយន្តម៉ាក ហ៊ីយុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុកជាមួយ រថយន្តម៉ាកហ៊ីយុនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន អ្នកបើកបរ បណ្ដាលឱ្យស្លាប់ភ្លាមៗកន្លែងកើតហេតុ។
បើតាមការវាស់វែងពីសមត្ថកិច្ចស្រុកត្បូងឃ្មុំ បានឱ្យដឹងថា រថយន្តទាំង២ បើកបរមានទិសដៅ បញ្រ្ចាសទិសគ្នា រថយន្តពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្ត ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-4487 បើកបរមកពីត្បូងទៅជើង បណ្តាលឱ្យរថយន្តទាំង០២គ្រឿងខូចខាតកម្រិតធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ចំនួន០៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន០៣នាក់ លុះបញ្ជូនទៅដល់មន្ទីពេទ្យមិត្តភាពកម្ពុជា.ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់១នាក់។
សមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ ចុះមកដល់វាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំឱ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕
ម្មករកាត់ស្មៅបានប្រទះឃេីញសាកសពមានសភាពស្អុយរលួយនៅក្នុងប្រឡាយចិញ្ចេីមផ្លូវជាតិលេខ៧៦ ចំណុចប៉ាឆាដុតសពកូវីតជិតភ្នំបាយឆៅ ក្នុងសង្កាត់រមនាក្រុងសែនមនោរម កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
សាពសពបុរសដែលស្លាប់មានឈ្មោះស្រ៊ុន រ៉ាវ៉ាន់ ជាភ្នាក់ងារសារព័ត៍មាន CPN News ប្រចាំខេត្តមណ្ឌលគិរី។
តាមសន្និដ្ឋានរបស់នគរបាលជំនាញ សាកសពស្លាប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវ ដោយសារទីតាំងមានសភាពកោងខ្លាំង។
តាមសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះ បានចេញពីផ្ទះនៅឃុំដាក់ដាំ ស្រុកអូររាំង ដោយប្រាប់ប្រពន្ធថា ទៅយកព័ត៌មាននៅស្រុកកោះញែក តាំងពីថ្ងៃទី១ ខែមិថុនា មកម្ល៉េះ ហើយបាត់ដំណឹងតែម្តង ទើបរកឃើញនៅពេលនេះ។
ខេត្តសៀមរាប៖ត្រឹមតែលុយប៉ុណ្ណឹងសោះ បែជា ម្ចាស់សួនក្រអូបឃុនរាមបន្ទាយស្រី លោកវណ្ណ វណ្ណារ៉ា ហាក់បីលាក់មុខ មិនព្រមចេញមុខ ទទួលខុសត្រូវជួបជាមួយម្ចាស់លុយដែលខ្លួនបានជំពាក់ ចេញសែកនោះទេ។
លោកស្រីទូច ដាឡែន បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា៖ លោកវណ្ណ វណ្ណារ៉ា ម្ចាស់សួនក្រអូបឃុនរាមបន្ទាយស្រី បានខ្ចីលុយលោកស្រីចំនួន 6 ពាន់ដុល្លារ តាំងពីឆ្នាំ 2021 ដោយបានដំកល់សែកមួយសន្លឹក ជាវត្ថុអះអាង។
តាមរយៈលិខិតចូលមកសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ស្រីទូច ដាឡែន បានស្នើសុំ ឱ្យអង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ជួយចុះផ្សាយ អំពី កូនបំណុលរបស់លោកស្រី ដែលមានឈ្មោះ លោកវណ្ណ វណ្ណារ៉ា ម្ចាស់សួនក្រអូបឃុនរាមបន្ទាយស្រី។
ក្នុងលិខិត ដែលបានពឹងពាក់ឲ្យសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ជួយចុះផ្សាយ លោកវណ្ណ វណ្ណារ៉ា ម្ចាស់សួនក្រអូបឃុនរាមបន្ទាយស្រី ក្នុងទំព័រសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ក្នុងការបើកមុខ របស់លោកវណ្ណ វណ្ណារ៉ា ផងដែរ។
លោកស្រី ទូច ដាឡែន បានបញ្ជាក់ថា ចាប់តាំងពីលោកវណ្ណ វណ្ណារ៉ា បានខ្ចីលុយលោកស្រីមក គឺលោកវណ្ណ វណ្ណារ៉ា មិនបានសងលុយមកលោកស្រីវិញនោះទេ ថែមទាំងប្លុកហ្វេសប៊ុកនិងតេឡេក្រាម ធ្វើឱ្យលោកស្រីមិនអាចទាក់ទង លោកវណ្ណ វណ្ណារ៉ា បានជុំវិញការជំពាក់លុយនេះ។
ពាក់ព័ន្ធទៅនឹង ការចោទប្រកាន់ សំណាក់លោកស្រីទូច ដាឡែន ចោទថា លោកវណ្ណ វណ្ណារ៉ា ជំពាក់លុយមិនព្រមសងបែបនេះ លោកវណ្ណ វណ្ណារ៉ា ធ្លាប់បានប្រាប់សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ដោយលោកទទួលស្គាល់ថា ពិតជាបានជំពាក់លុយ លោកស្រីទូច ដាឡែន ពិតប្រាកដមែន ថែមទាំងអោយលោកស្រីទូច ដាឡែន ប្ដឹងរូបលោកថែមទៀតផង។
បន្ថែមពីនេះ លោកវណ្ណ វណ្ណារ៉ា បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ តាមប្រព័ន្ធតេឡេក្រាមថា « រឿងនេះមិនពាក់ពន្ធ័និងបងទេ ព្រោះបងមិនមែនតុលាការ ចាំមេធាវីខាងខ្ញុំរៀបចំឯកសាររួចរាល់ហើយគេនិងផ្តល់ដំណឹងជូន ព្រោះយើងមានរឿងត្រូវជជែកគ្នាដែរទាំងខាងបងនិងម្ចាស់លុយ សូមអគុណបង🙏»។
សូមបញ្ជាក់ នៅក្នុងលិខិតរបស់ ស្រីទូច ដាឡែន ដែលបានស្នើសុំឲ្យសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ចុះផ្សាយ ជុំវិញ លោកវណ្ណ វណ្ណារ៉ា ជំពាក់លុយហើយគេចវេសមិនព្រមទំនាក់ទំនងសងនោះ លោកស្រីសុំទទួលខុសត្រូវ ព្រោះរៀបរាប់ខាងលើ៕SRP
ខេត្តសៀមរាប៖លោកស្រី កែ សុខចិន្ដា បានធ្វើលិខិត ចំនួនពីរទំព័រ ឆ្លើយតប ចំពោះអង្គភាព សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ដែលបានចុះផ្សាយថារំលោភយកដីរបស់គេ។
ការចុះផ្សាយរបស់គេហទំព័រ សៀមរាប ប៉ុស្តិ៍ គឺយោងតាមការបញ្ជាក់របស់លោក ទ្រិញ ឡាក់ឃាំង ដែលជាប្រភពច្បាស់លាស់ មានឯកសារគ្រប់គ្រាន់ បានផ្ដល់ឱ្យសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនមែនអង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ជាអ្នកអត្ថាធិប្បាយខ្លួនឯងនោះទេ។
លិខិតចំនួនពីរទំព័រ មានស្នាមមេដៃអស់លោកស្រី កែ សុខចិន្ដា មន្ទីរព័ត៌មានខេត្តសៀមរាប ផ្ញើចូលមកអង្គភាព សៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 មានដូចខាងក្រោម៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមអភិបាលខេត្តជេជូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីអំពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ គឺដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តពិសេសជេជូ ព្រមទាំងបានសម្ដែងនូវការអំណរគុណចំពោះសម្តេចធិបតី ដែលបានគាំទ្រក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ជាមួយរាជធានីភ្នំពេញនាពេលនេះ និងខេត្តសៀមរាបនាពេលកន្លងមកផងដែរ។ បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្តក៏បានជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយនឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រសំដៅជំរុញឱ្យមានការហោះហើរត្រង់នេះ។ ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់អំពីការស្វែងរកឱកាស សម្រាប់ការវិនិយោគលើវិស័យផ្សេងៗទៀត រួមមាន៖ វិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិស័យថាមពលស្អាត ជាដើម ក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្រ្ត រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាលខេត្ត និងគណៈប្រតិភូ និងបានអបអរសាទរចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត រវាងរាជធានីភ្នំពេញ និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ដែលនេះជាផ្នែកមួយក្នុងការរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីការពិភាក្សារវាងសម្តេចធិបតី និងឯកឧត្តមអភិបាលខេត្ត នៅទីក្រុងសេអ៊ូល ក្នុងអំឡុងពេលដែលសម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ អំពីការតភ្ជាប់រវាងខេត្តជេជូ និងព្រះរាជាណាចក្រកម្ពុជា តាមរយ:ការផ្តោតសំខាន់លើការជំរុញនូវកំណើនទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់ រវាងខេត្តជេជូ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ឯកឧត្តមអភិបាលខេត្ត ក្នុងការបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការស្វែងរកឱកាសសម្រាប់ការពង្រីកការវិនិយោគ នៅក្នុងវិស័យសក្តានុពលនៅកម្ពុជា។
ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរឯកឧត្តមអភិបាលខេត្ត ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕SRP
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោកប្រធានធនាគារ ADB បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ ជាមួយគ្នានេះ លោកប្រធានធនាគារ ADB ក៏បានបង្ហាញជំនឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានធនាគារ ADB ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ ការណ៍នេះ បង្ហាញអំពីការប្តេជ្ញាចិត្តកាន់តែរឹងមាំចំពោះភាពជាដៃគូដ៏រឹងមាំ រវាងធនាគារ ADB និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ បន្ថែមលើនេះ លោកប្រធានធនាគារ ADB ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ (១) វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ (២) ការវិនិយោគលើប្រជាជន ដោយផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង (៣) ការគាំទ្រសម្រាប់ភពផែនដី ដោយផ្តោតសំខាន់លើវិស័យបរិស្ថាន និងអាកាសធាតុ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកប្រធានធនាគារ ADB ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសារទរចំពោះការបើកដំណើរការជាផ្លូវការស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ធនាគារ ADB ចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីកែទម្រង់ជាច្រើន ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈកំណែទម្រង់លើវិស័យអប់រំ សុខាភិបាល ការកសាងមូលធនមនុស្ស និងវិស័យសំខាន់ៗមួយចំនួនទៀត។ ជាងនេះទៅទៀត សម្តេចធិបតី បានគូសបញ្ជាក់អំពីការជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីកសាងនូវកម្លាំងពលកម្ម ប្រកបដោយគុណភាព និងសមត្ថភាព តាមរយៈការបណ្តុះបណ្តាល និងបច្ចេកវិទ្យាទំនើបផងដែរ។
មុននឹងបញ្ចប់ សម្តេចធិបតី បានគូសរំលេចពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសម្តេចធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍន៍ថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការ ដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ។
ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕SRP
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងនាយនគរបាលចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ដ្រ ឱ្យមកជាមន្រ្តី។
នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត ស សុខា។
ក្នុងសេចក្ដីប្រកាសដែលត្រូវបានចែករំលែកជាសាធារណៈបានបញ្ជាក់ថា៖
១- លោកឧត្តមសេនីយ៍ទោ សុខ សុមនោ អត្តលេខ ៥៣៨១២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី
២- លោកឧត្តមសេនីយ៍ទោ ភូ សុផល អត្តលេខ ៥៦២៨២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី
៣ – លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង អត្តលេខ ១៧៤០៧ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី
៤ – លោកវរសេនីយ៍ឯក អិន លុច អត្តលេខ ៥៨១១៩ ពីនាយរងការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី៕SRP
ខេត្តសៀមរាប៖ក្នុងពិធីសន្និបាតសាមញ្ញ របស់សមាគមអ្នកបើកបរដឹកភ្ញៀវទេសចរ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃអាទិត្យ ម្សិលមិញ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានផ្តល់អនុសាសន៍ ដល់សមាជិក សមាជិកសមាគម អ្នកដឹកភ្ញៀវទេសចរ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវអនុវត្តនូវគោលការណ៍ចំនួន៧ចំណុចដូចខាងក្រោម៖
1- ត្រូវមានអាកប្បកិរិយា សុភាពរាបសាររាក់ទាក់ និងហាមទារលុយពីភ្ញៀវទេសចរ លើសពីការកំណ ត់ ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិ ខណៈបច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរមក ទស្សនាខេត្តសៀមរាប នៅមានកម្រិតនៅឡើយ។ ជាការពិតណាស់ អាកប្បកិរិយា ទន់ភ្លន់ សុភាពរាបសារ គឺជាការទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរ ដែលទើបមកដល់ខេត្តសៀមរាប និងដើម្បីឱ្យភ្ញៀវទេសចរគិតថា ប្រជាពលរដ្ឋខ្មែរ មានស្នាមញញឹម រួសរាក់ទាក់ មានសុជីវធម៌ ជាជនជាតិមួយដែលគួរឱ្យចង់រាប់អាន។
2- មិនត្រូវដឹកភ្ញៀវទេសចរទៅខុសគោលដៅ និងមិនត្រូវទាមទារប្រាក់បន្ថែម ដែលសមាគមបានកំណត់នោះឡើយ។ ប្រការនេះធ្វើឱ្យមានបាតុភាពមិនល្អកើតមានឡើង ដែលនាំឱ្យមានផល អវិជ្ជមានដល់វិស័យទេសចរណ៍ របស់យើង ដែលកំពុងតែងើបឡើងវិញក្រោយពីវិបត្តិជាសកល នៃជំងឺកូវីដ-១៩ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
3- ត្រូវពង្រឹងឱ្យបានជាប់ជាប្រចាំនូវភាសាបរទេស និងជួយផ្សព្វផ្សាយអំពីវប្បធម៌ ទូទៅរបស់ខ្មែរ ជាពិសេស ទាក់ទងនឹងប្រាសាទ ណែនាំអំពីរមណីយដ្ឋានទេសចរណ៍ នានា នៅក្នុងខេត្តដល់ភ្ញៀវទេសចរ និងពីការរីកចម្រើន ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបរបស់យើង។
4- ត្រូវតែមានភាពស្មោះត្រង់៖ ភ្ញៀវគឺជាទ្រព្យរបស់យើង មានភ្ញៀវមានលុយ។ ចុះបើយើងគ្មានភាពស្មោះត្រង់ជាមួយភ្ញៀវ នោះគេនឹងមិនមកទស្សនាខេត្តសៀមរាប ក៏ដូចជាកម្ពុជាទៀតនោះទេ។ ភាពស្មោះត្រង់របស់យើង វាមិនអាចធ្វើឱ្យយើងក្លាយជាអ្នកមានបានភ្លាមៗនោះទេ តែវានឹងធ្វើឱ្យភ្ញៀវនឹកឃើញយើង ឱ្យតម្លៃយើង ហើយគាត់នឹងមកទស្សនាខេត្តរបស់យើងម្តង ឬច្រើនដងទៀត ប្រសិនណាគាត់ខកចិត្ត ជាមួយនឹងប្រជាជន នៃប្រទេសផ្សេង ដែលមិនមានការ ស្មោះត្រង់ជាមួយពួកគាត់។
5- ត្រូវមានធម៌មេត្តាក្នុងខ្លួន៖ ជាអ្នកបម្រើសេវាដឹកជញ្ជូនភ្ញៀវទេសចរ ត្រូវចាំថាបើគ្មានធម៌មេត្តា ក្នុងខ្លួនទេ គឺគ្មាននរណាចង់មកនៅក្បែរយើងនោះដែរ។ ជាអ្នកបម្រើសេវាដឹកភ្ញៀវ សូមកុំមើល ងាយភ្ញៀវ ប្រមាថភ្ញៀវ វាយតម្លៃភ្ញៀវតែសំបកខាងក្រៅឱ្យសោះ។
6- ត្រូវមានការអធ្យាស្រ័យយោគយល់៖ ចំណុចនេះចង់បញ្ជាក់ថា យើងជាអ្នកដឹកជញ្ជូនភ្ញៀវពេល ដឹងថាការដឹកភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានាក្នុងខេត្ត ឬក្រៅខេត្តមិនចំណេញ ឬក៏ចំណេញតិចតួចក្តី ប៉ុន្តែនៅតែផ្តល់សេវាប្រកបដោយការទទួលខុសត្រូវខ្ពស់។ អ្នកដែល បម្រើសេវាដល់ភ្ញៀវទេសចររបៀបនេះ គឺជាអ្នកដែលមានការអធ្យាស្រ័យ ជាមួយភ្ញៀវ។ ភ្ញៀវ ណាដែលមិនចេះយើងប្រាប់ ភ្ញៀវណា មិនយល់យើងជួយ ហើយភ្ញៀវណាមិនដឹងយើងពន្យល់ អ្នកដឹកភ្ញៀវប្រភេទនេះ គឺជាបំណងប្រាថ្នា របស់ភ្ញៀវទេសចរគ្រប់គ្នា ដែលចូលមកខេត្តរបស់យើង ព្រោះគេទុកចិត្តយើង គែទទួលបានអារម្មណ៍ល្អពីយើង គេទទួលបាននូវភាពកក់ក្តៅពី យើង។
7- ត្រូវចេះរក្សាចំណងមិត្តភាពរវាងភ្ញៀវ ដែលបានមកទស្សនាខេត្តរបស់យើងឱ្យជាញាតិ៖ យើង ជាអ្នករកស៊ីទទួលទានលើវិស័យទេសចរណ៍ ពិសេសអ្នកដឹកភ្ញៀវទេសចរនេះតែម្តង គឺត្រូវចេះ រក្សានូវចំណងមិត្តភាពរវាងភ្ញៀវដែលបានមកទស្សនាខេត្តរបស់យើង ក៏ដូចជាប្រទេសកម្ពុជា ឱ្យដូចជាញាតិរបស់យើង។ ភ្ញៀវខ្លះគេមិនជឿយើងទាំងស្រុងនោះទេ តែគេជឿភ្ញៀវគ្នាគេនោះ ទៅវិញច្រើនជាង បើសិនជាយើងមិនចេះរក្សាញាតិ នោះទេ គ្មាននរណាមកអួតអំពីយើងនោះទេ ហើយត្រូវចាំថាភ្ញៀវ បើគេមិនស្រឡាញ់ គេមិនចូលចិត្តយើង សូមកុំរំពឹង គ្រាន់តែឈ្មោះរបស់យើង ក៏គេមិនចង់រំលឹកផង ហើយកុំសង្ឃឹមថាគេទៅណែនាំអ្នកដទៃទៀតមកទស្សនាខេត្តសៀមរាបឱ្យសោះ។
អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានបន្តពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ បម្រើនសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការងារ បង្កើនផលរបស់ប្រជាកសិករ លើផលិតកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ការងារសន្តិសុខ និងសុវត្ថិភា ព ជូនភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ការរៀបចំលើកកម្ពស់ និងកែលម្អរសោភ័ណភាព ក្រុង និងខេត្ត ឱ្យសក្តិសម ជាទីក្រុងវប្បធម៌ ប្រវតិ្តសាស្រ្ត ដ៏ចំណាស់របស់កម្ពុជា ការពង្រឹងគុណភាព សេវាកម្ម ទេសចរណ៍ របស់ប្រតិបត្តិករទេសចរណ៍ ប្រកប ដោយគុណភាព គុណតម្លៃ និងស្នាមញញឹមផងដែរ៕SRP
ខេត្តសៀមរាប៖អាជ្ញាធរបានដាក់គោលដៅ១០ចំណុចស្តីពីការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នៅខេត្តសៀមរាប។
កិច្ចប្រជុំ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំ ដោយមានការចូលរួមពីលោក លោកស្រី មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នេះអាជ្ញាធរបានធ្វេីការការណែនាំ ដូចខាងក្រោម៖
១.ចាត់វិធានការចាំបាច់ក្នុងការពង្រឹងការគ្រប់គ្រងធនធាន ធម្មជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិតាមគ្រប់រូបភាពនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
២.ត្រូវដាក់ចេញនូវ ផែនការ និងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅក្នុងតំបន់ ការពារ និងអភិរក្សធម្មជាតិស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយប្រើប្រាស់នូវមធ្យោបាយសរុប និងកម្លាំងសរុបព្រមទាំងធ្វើការបែងចែក និងប្រគល់ការទទួលខុសត្រូវដល់អង្គភាព និងមន្ត្រីពាក់ព័ន្ធឱ្យទទួលបន្ទុកអនុវត្ត ភារកិច្ចរៀងៗខ្លួនក្រោមការត្រួតពិនិត្យ និងតាមដានជាប្រចាំ។ ប្រសិនបើមានភាពអសកម្មក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាព កាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ក្នុងតំបន់ការពារ និងតំបន់អភិរក្សធនធានធម្មជាតិ ត្រូវរាយការណ៍ និងលើកសំណើមកក្រសួងមហាផ្ទៃ ឬក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលភារកិច្ចមន្ត្រីដែលត្រូវទទួលខុសត្រូវនៅតំបន់នោះ ឬចាត់ វិធានការសម្រួលភារកិច្ចមន្ត្រីដែលទទួលខុសត្រូវតំបន់នោះក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន។
៣.ក្នុងករណីចាំបាច់ ឬមានបទល្មើសពាក់ព័ន្ធនឹងព្រៃឈើ និងធនធានធម្មជាតិណាមួយកើត ឡើងដែលហួសពីសមត្ថភាពដោះស្រាយរបស់ខ្លួន ត្រូវស្នើសុំការអន្តរាគមន៍តាមឋានានុក្រមជាបន្ទាន់ពីគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ។
៤.រដ្ឋបាលឃុំ សង្កាត់ និងភូមិ ដែលជាអ្នកនៅផ្ទាល់នឹងមូលដ្ឋានត្រូវចូលរួមឱ្យបានសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ និងត្រូវរាយការណ៍ជាបន្ទាន់នៅពេលកើតមានសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុស ច្បាប់ក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៥.ត្រូវខិតខំស្រាវជ្រាវស្វែងរក មេខ្លោង មេខ្យល់ ជនល្មើសដែលនៅពីក្រោយខ្នង អ្នកផ្តល់ថវិកាគាំទ្រញុះញង់ឱ្យមានការកាប់បំផ្លាញព្រៃ ទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ដោយអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់។ ទន្ទឹមនោះត្រូវចាត់វិធានការ រដ្ឋបាល ឬវិធានការច្បាប់ យោងទៅតាមកម្រិតនៃបទល្មើសចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលឃុបឃិត ឬពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ។
៦.មិនត្រូវចុះហត្ថលេខាទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លី ដែលពុំ មានឯកសារ និងអំណះអំណាងគ្រប់គ្រាន់តាមផ្លូវច្បាប់ ជាពិសេសការបញ្ជាក់លើឯកសារសុំសិទ្ធិកាន់កាប់ និងឯកសារទិញ-លក់ដី ដោយខុសច្បាប់ក្នុងតំបន់ការពារ និងតំបន់អភិរក្សធនធានធម្មជាតិ។ ត្រូវមោឃភាព ឬបដិសេធនូវរាល់ឯកសារទិញលក់ និងឯកសារផ្ទេរសិទ្ធិ កាន់កាប់ដីធ្លីដែលស្ថិតនៅក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិ ហើយត្រូវដកហូតដីធ្លីទាំងនោះរក្សា ទុកជាទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីមានសមត្ថកិច្ចណាដែលបញ្ជាក់ ឬចុះហត្ថលេខាលើឯកសារ លិខិតស្នាមមិនស្របច្បាប់នានា តាមច្បាប់ជាធរមាន។
៧.ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺអំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ព្រមទាំងគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងដោះស្រាយដីធ្លីរបស់ប្រជាពលរដ្ឋ ក៏ដូចជាអប់រំឱ្យប្រជាពលរដ្ឋយល់ច្បាស់ពីឧបាយកលបំផុស អូសទាញរបស់ពួកមេខ្យល់ ឬជនខិលខូចមួយចំនួនដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេង ចំណេញផ្នែកនយោបាយពីបញ្ហាដីធ្លីនេះ។
៨.ត្រូវខិតខំលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកពាក់ ព័ន្ធនានាចូលរួមទប់ស្កាត់ លុបបំបាត់ និងផ្តល់ព័ត៌មានបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទនៅតំបន់ការពារ និងអភិរក្សធនធានធម្មជាតិដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងត្រូវរៀបចំប្រព័ន្ធ HOTLINE ដើម្បី ទទួលព័ត៌មាន ឬបណ្ដឹងពីប្រជាពលរដ្ឋលើបញ្ហានេះ។
៩.ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីដំឡើងឱ្យបាន ផែនទីកំណត់ព្រំ និងការបោះបង្គោលព្រំ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពីដីព្រៃអភិរក្ស និងតំបន់ការពារធម្មជាតិ។
១០.ក្នុងការចាត់ចែងអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការពង្រឹងការគ្រប់គ្រងតំបន់អភិរក្ស និង តំបន់ការពារធនធានធម្មជាតិ រដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ និងស្នើសុំយោបល់ពីក្រសួង ស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធនីមួយៗ៕SRP
ខេត្តសៀមរាប៖ម្ចាស់ដីកសិកម្មស្របច្បាប់ ដែលទទួលបានប្រទានកម្ម ជាកម្មសិទ្ធិ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៣៨ ស.ជ.ណ.ដប ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានធ្វើការព្រមានចាត់វិធានការផ្លូវច្បាប់ លើអធិការរង នៃអធិការនគរបាលស្រុកវ៉ារិន មួយរូបនិងគូកន ប្រសិនបើមិនព្រមដកខ្លួនចេញ ពីការចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតាទេនោះ។
អធិការរងនៃអធិការនគរបាលស្រុកវ៉ារិន ដែលរងការចោទថា បានចូលទៅរំលោភបំពានកាន់កាប់គ្រប់គ្រងលើដីស្របច្បាប់របស់ប្រជាពលរដ្ឋ ជិត៣៥ ហិកតា មានឈ្មោះនី សាវ៉ុន ប្រពន្ធឈ្មោះ យ៉ឺន គឹមយឿន និងគូ កនម្នាក់ទៀត ឈ្មោះកែ សុខចិន្តា ភេទស្រី។
លោកទ្រិញ ឡាក់ឃាំង តំណាងឲ្យឪពុកម្តាយក្មេក ដែលមានកូនបង្កើតប្រុសស្រី១១នាក់ ដែលជាម្ចាស់ដីស្របច្បាប់ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ បានប្រាប់«ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍» ថា ដីរបស់លោកដែលកំពុងរងការរំលោភបំពាននេះ ជាប្រភេទដីកសិកម្ម មានព្រំប្រទល់ជាប់គ្នាក្នុងស្រុកបន្ទាយស្រីនិងស្រុកវ៉ារិន។ ដីខាងលើនេះឪពុកនិងម្តាយក្មេក របស់លោកបានគ្រប់គ្រងអាស្រ័យផលតាំងពីឆ្នាំ ២០០៥មកម្លេះ។ ដីនៅ ក្នុងស្រុកបន្ទាយស្រី ក្នុងឆ្នាំ២០១២.២០១៣ គឺបានចុះបញ្ជីដីធ្លីជាប្រព័ន្ធ LMAP រួចរាល់ហើយដោយក្រុមនិស្សិតស្មគ្រ័ចិត្ត។
លោកទ្រិញ ឡាក់ឃាំង បានបន្តថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ម្តាយរបស់លោក រួមទាំងប្រជាពលរដ្ឋ ១២៧ គ្រួសារទៀត បានទទួលវិញញាបនបត្រសម្គាល់អចលនវត្ថុ ស្របច្បាប់ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តសៀមរាប ដូចមានក្នុងVEDIO និងរូបភាពខាងក្រោម។ បច្ចុប្បន្ននេះ ស្រាប់តែលេចមុខឈ្មោះកែ សុខចិន្តា. ឈ្មោះនី សាវ៉ុន និងប្រពន្ធឈ្មោះ យ៉ឺន គឹមយឿន ចូលមកគ្រប់គ្រងកាន់កាប់ដីហើយអះអាងថា ជាដីរបស់ពួកខ្លួន ខណ:ដីរបស់គ្រួសាររបស់លោកមានប័ណ្ណសម្គាល់គាត់រួចហើយ។
លោកទ្រិញ ឡាក់ឃាំង បានបន្ថែមទៀតថា ឈ្មោះកែ សុខចិន្តា អះអាងថាមានលិខិតស្នាមត្រឹមត្រូវចំនួន៤០ហិតា ស្ថិតនៅខាងស្រុកវ៉ារិនទាំងអស់។
លោកទ្រិញ ឡាក់ឃាំង អោយដឹងទៀតថា ដីរបស់គ្រួសារឪពុកក្មេកលោកដែលអធិការរងឈ្មោះនី សាវ៉ុន និងប្រពន្ធឈ្មោះយ៉ឺនគឹមយឿន រំលោភកាន់កាប់ប្រហែល៦.៥០ ហិកតាជាប្លង់រឹង ស្ថិតក្នុងស្រុកបន្ទាយស្រី និង២ហិកតា ជាប្លង់ភូមិឃុំស្ថិតក្នុងស្រុកវ៉ារិន។ ចំណែកឈ្មោះ កែ សុខចិន្តា រំលោភកាន់កាប់ប្រហែល១៨ហិកតា ជាប្លង់រឹង ស្ថិតក្នុងស្រុកបន្ទាយស្រី និង៧ហិកតាជាប្លង់ភូមិឃុំស្ថិតក្នុងស្រុកវ៉ារិន ត្បិតដីរបស់លោកមានព្រំប្រទល់ជាប់គ្នានៃស្រុកទាំងពីខាងលើ។
ដោយឃើញក្រុមមនុស្សខាងលើ ចូលមករំលោភបំពានលើដី ស្របច្បាប់បែបនេះ រូបលោក ក៏បានដាក់ពាក្យសុំអន្តរាគមន៍ ទៅអភិបាលនៃគណអភិបាលខេត្តសៀមរាប ដើម្បីមានវិធានការ តាមរយ:លិខិតចុះថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។
ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាប ក៏បានចេញលិខិតលេខ៧៦១/២៣លសអោយអភិបាលស្រុកទាំងពីរ សហការគ្នាពិនិត្យនិងស្រាវជ្រាវ អោយបានច្បាស់លាស់ និងផ្តល់ជារបាយការណ៍ ដើម្បីរដ្ឋបាលខេត្តឆ្លើយតបម្ចាស់ស្នើសុំវិញ។
លោកទ្រិញ ឡាក់ឃាំង បានអោយដឹងទៀតថា លោកបានធ្វើលិខិតបំភ្លឺ និងបានភ្ជាប់នូវឯកសារគតិយុត្តិជាច្រើន ដាក់ជូនលោកអភិបាលស្រុកទាំងពីរ និងលោកបានចូលរួមប្រជុំជាមួយលោកអភិបាលរងស្រុកបន្ទាយស្រី និងលោកអភិបាលរងស្រុកវ៉ារិនចំនួនពី២ដង ដោយលើកទីមួយ នៅទីតាំងដី នឹងលើកទីពីរនៅសាលប្រជុំស្រុកវ៉ារិននាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដោយលោកអភិបាលរងស្រុកវ៉ារិនបានមានប្រសាសន៍ថា លោកអាចសម្របសម្រួលរឿងដី ដែលស្ថិតនៅដែនសមត្ថកិច្ចខ្លួនប៉ុណ្ណោះ ចំពោះបញ្ហាដែលភាគីណាមួយមានប័ណ្ណរឹង សូមឲ្យប្តឹងជំទាស់ទៅតុលាការទៅ លោកអាចសម្របសម្រួល បាន តែដីមិនទាន់មានប័ណ្ណកម្មសិទ្ធិតែប៉ុណ្ណោះ បន្ទាប់មកទៀត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ខាងស្រុកវ៉ារិន ក៏បានអញ្ជើញភាគីទាំងអស់ ទៅទីតាំងដីពេលទៅដល់ទីតាំងដីស្រាប់តែភាគី យុឺន គឹមយឿន និងឈ្មោះ កែ សុខចិន្តា រួមទាំងបុរសម្នាក់ទៀតបក្សពួក បានបញ្ជាលោកអភិបាលរងស្រុកវ៉ារិន ឈ្មោះស៊ុយ សាង នាំមន្ត្រីរបស់ខ្លួន និងក្រុមមនុស្ស ដែលរំលោភបំពានដី របស់លោកទៅចុចវាស់វែងបាញ់ប្លង់លើដី របស់លោកទាំងស្រុកវ៉ារិន និងស្រុកបន្ទាយស្រីទៅវិញ។ ដែលទង្វើហួសពីដែនសមត្ថកិច្ចរបស់ខ្លួននេះបង្ហាញថា មានចេតនាបើកភ្លើងខៀវ ក្នុងការឃុបឃិត រំលោកបំពានលើពលរដ្ឋស្លូតត្រង់។
ក្រៅពីសំណូមពរ ក៏ដូចជាការទទូចសុំ អាជ្ញាធរគ្រប់ជាក់ថ្នាក់ ពិនិត្យនិងផ្តល់ភាពយុត្តិធម៌ លោក ទ្រិញ ឡាក់ឃាំង ក៏ត្រៀមចាត់វិធានការ ដោយដាក់ពាក្យប្តឹងទៅតុលាការផងដែរ ប្រសិនបើ បុគ្គលទាំង៣រូបខាងលើ មិនព្រមដកខ្លួនចេញពីការរំលោភបំពាន ត្បិតដីខាងលើនេះជាដីស្របច្បាប់ ដែលទទួលបានពីការប្រទានកម្មរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។
ជុំករណីនេះ ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តី នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក នី សាវ៉ុន និងឈ្មោះ យ៉ឺន គឹមយឿន រួមឈ្មោះកែ សុខចិន្តា នៅឡើយរហូតដល់ម៉ោងផ្សាយនៅព្រឹកថ្ងៃពុធនេះ៕SRP

