Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៣

ខេត្តកំពង់ចាម​៖សម្តេចនាយករដ្ឋមន្ត្រីហ៊ុន​ សែន​ បានផ្ដល់អំណោយដល់ ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយ​ខ្យល់​កន្ត្រាក់​ ខូចខាត​ផ្ទះ​សំបែង​ ចំនួន​៥៧គ្រួសារ​ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​។

ការផ្ដល់អំណោយ​ តាមរយៈ​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅ​សាលា​ស្រុក​ស្ទឹងត្រង់​ នៅរសៀលថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០២៣​។ 

ក្នុងឱកាសចំណែកអំណោយលោក​ អ៊ុន​ ចាន់ដា​  បានពាំនាំនូវការផ្តាំផ្ញើ​ សាកសួរសុខទុក ពី​សំណាក់​ សម្តេចតេជោ​ ហ៊ុន​ សែន​ និង​ជា​ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បាន​ចូលរួម​សោកស្ដាយ​ ចំពោះ​ការ​ខូចខាត​ ផ្ទះ​សំបែង​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បង្ក​ឡើង​​ដោយ​កត្តា​គ្រោះ​ធម្មជាតិ​នេះ​។

លោកអ៊ុន​ ចាន់ដា​ ក៏បាន​ក្រេីនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឱ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ នៅ​ពេល​មាន​​ភ្លៀង​ខ្យល់​ផ្គរ​រន្ទះ​ ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ បាន​គ្រប់​ពេល​ ជាពិសេស​កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញ​ក្រៅផ្ទះ​ ឬ​នៅ​ទីវាល។

លោក អ៊ុន​ ចាន់ដា​ ក៏​បាន​ផ្តាំផ្ញេី​ដល់ប្រជាពលរដ្ឋ​ ឱ្យ​យក​ថវិកា​ ដែល​ទទួល​បាន​ក្នុង​ការ​ឧបត្តម្ភ​នេះ​ ទៅ​ទិញ​សម្ភារ​ ដេីម្បី​កសាង​លំនៅឋាន​ឡើង​វិញ​ ហើយ​ត្រូវ​បន្ត​ប្រកប​មុខរបរ​ទទួលទាន​ ឬ​ធ្វើ​ការ​ដាំដុះ​​ បង្កបង្កើនផល​ឡើង​វិញ​ផងដែរ​។

គួរ​បញ្ជាក់​ថា​ អំណោយដែលផ្ដល់ជូនពលរដ្ឋទាំងចំនួន ៥៧ គ្រួសារ ដោយ​ក្នុង១គ្រួសារ ទទួលបានអង្កចំនួន ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ តង់១។​ ដោយឡែក គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ៥គ្រួសារ ក្នុង​ ១គ្រួសារ ទទួលបានថវិកាចំនួន ២០០.០០០រៀល និង គ្រួសារដែលរងគ្រោះ មធ្យមចំនួន ៥២ គ្រួសារ គឺក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ១០០.០០០រៀល ផងដែរ​។

បេីតាម​លោក បាន ស្រេង អភិបាលរង ស្រុកស្ទឹងត្រង់ បានឱ្យដឹងថា កាលពី​ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ កន្លង​ទៅ​នេះ​ មានភ្លៀងធ្លាក់ លាយខ្យល់យ៉ាងខ្លាំង​ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋក្នុងភូមិចំនួន ៦ ដែល​មាន ៥៧គ្រួសារ ក្នុងនោះ រលំផ្ទះផ្ទះ ៥ខ្នង និងរបើកដំបូល ចំនួន ៥២ខ្នង តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡេីយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៣

ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឃាត់ខ្លួន ប្រធានសហគមន៍ការពារព្រៃឈើម្នាក់ និងអនុភូមិម្នាក់ ករណីកាប់រលំដើមឈើនិងការទន្ទ្រានដីព្រៃឈើនៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំ តាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ លោកមែន វុទ្ធី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រោយទទួលព័ត៌មានពីការកាប់រលំដើមឈើ និងការទន្ទ្រានដីព្រៃឈើ នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣ ក្រុមការងារ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំដោយលោក ប្រាក់ ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងដោយមានការចូលរួម ពីមន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការស៊ើបអង្កេតដោយពិនិត្យជាក់ស្ដែងទីតាំងបទ ល្មើសព្រៃឈើ និងបានជួបប្រជុំជាមួយប្រជាពលរដ្ឋ ជាសមាជិក សហគមន៍ព្រៃឈើភូមិត្រពាំងពពេល ទទួលបានលទ្ឋផល ដូចខាងក្រោម៖១
ទីតាំងប្រព្រឹត្តបទល្មើសទីតាំងប្រព្រឹត្តបទល្មើសនៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយបទ ល្មើសប្រព្រឹត្តឡើងក្នុងដែនព្រៃសហគមន៍ និងតំបន់ទ្រនាប់ព្រៃសហគមន៍។

លោកមែន វុទ្ធី បានបន្តថា បទល្មើសព្រៃឈើនេះ កើតឡើងតាំងពីថ្ងៃទី២០ ខែ កុម្ភៈឆ្នាំ ២០២៣ ផ្តើមឡើងដោយការកសាងផ្លូវដីមួយខ្សែ ប្រវែង ៥ គីឡូម៉ែត្រ តាមព្រំប្រទល់ព្រៃសហគមន៍។ អ្នកផ្ដើមកសាងផ្លូវនិងមេក្លោង ប្រព្រឹត្តបទល្មើស មានឈ្មោះ ទិត សុខាក់ ជាប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិត្រពាំងពពេល និង ឈ្មោះ សរ ឈាន ជាអនុ ភូមិភូមិត្រពាំងពពេល។

បើតាម លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃនេះថា សហគមន៍ព្រៃឈើភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៣ មានផ្ទៃដី ១១៣៦ ហិកតា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចេញប្រកាសទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧។ ប៉ុន្តែដោយឃើញសក្តានុពលព្រៃឈើជាប់តំបន់ព្រៃសហគមន៍ មានលក្ខណៈល្អប្រសើរ រដ្ឋបាលព្រៃឈើ និងសមាជិក សហគមន៍ព្រៃឈើ បានឯកភាពគ្នាពង្រីកផ្ទៃដីជាតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតាបន្ថែមទៀត ដោយបោះបង្គោលព្រំប្រទល់ និង ដាក់ស្លាកសញ្ញាតាមព្រំប្រទល់ផ្ទៃដីដែលបានពង្រីក។ បទល្មើសកាប់រលំដើមឈើ ភាគច្រើនកើតនៅតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតា។

ករណីនេះបច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៣

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទើបឡើងថ្មីត្រូវប្រកាន់ភ្ជាប់នូវអភិក្រម របស់សម្តេចតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល, និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង” និង “បង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ និងធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព ។​​ -មន្រ្តីគឺជាអ្នកបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយនាយនោះទេ។ -ការបម្រើសេវារដ្ឋបាល គឺជាសូចនាករដ៏តម្លាភាពបំផុត ក្នុងការវាយតម្លៃមន្រ្តី ។ -រដ្ឋបាលមូលដ្ឋាន គឺក្តីរំពឹងអំពីជីវភាពប្រចាំថ្ងៃ របស់ប្រជាជនយើង។

ក្នុងពិធីផ្ទេរ និងតែងតាំងប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកគួច ចំរើន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក នៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការដឹកនាំសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ទទួលបានលទ្ធផលល្អប្រសើរ។ ដូច្នេះលោកប្រធានថ្មី និងមន្ត្រីដែលបានតែងតាំងថ្មី ត្រូវបន្តនិរន្តរភាពដឹកនាំសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ខិតខំប្រមូលចំណូលពន្ធឱ្យទទួលបានជោគជ័យ បន្ថែមទៀត និងសម្រេចបានសមិទ្ធផលថ្មីៗ ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន បន្តអភិវឌ្ឍន៍ និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ រដ្ឋបាលក្រុង-ស្រុក ឱ្យកាន់តែល្អប្រសើរ ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់។

បញ្ជាក់ លោក នង សុខុម អត្តលេខ១០៩៩ បច្ចុប្បន្នជាប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី ត្រូវបានផ្ទេភារកិច្ចឱ្យទៅបំពេញការងារជាប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៣

ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម អ៊ូអិណុ អាស៊ឺស៊ិ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ ឯកឧត្តម អ៊ូអិណុ អាស៊ឺស៊ិ បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ជប៉ុន-កម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១៧ ហើយបន្តរហូតមកដល់បច្ចុប្បន្ន ដោយឆ្នាំ២០២៣ នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើងដល់កម្រិតល្អបំផុតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលនឹងការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ។

ឯកឧត្តម ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះការជ្រោមជ្រែងរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រហូតមានវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ ហើយទំនាក់ទំនងដ៏ល្អនេះ ក៏នឹងត្រូវបន្តពង្រឹង និងពង្រីកជាមួយគ្រប់ប្រភេទទ័ព ទាំងជើងគោក, ជើងទឹក និងជើងអាកាស។

ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបញ្ជាក់ផងដែរអំពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀតនៅក្នុងអាណត្តិនៃបេសកកម្មការទូតរបស់ ឯកឧត្តម។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អជិតស្និទ្ធរវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-ជប៉ុន ដោយក្នុងនេះ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព និងការស្តារកសាងកម្ពុជាឡើងវិញក្នុងដំណាក់ទសវត្សរ៍ឆ្នាំ១៩៩០ ហើយរហូតមកបច្ចុប្បន្ននេះ នៅក្រោមការយកចិត្តទុកដាក់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រមុខថ្នាក់ដឹកនាំជប៉ុនជាច្រើនរូប, ប្រទេសទាំងពីរក៏នៅរក្សាបាននូវកិច្ចសហប្រតិបត្តិការស្អិតរមួតលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការពារជាតិ, សេដ្ឋកិច្ច, អប់រំ និងវប្បធម៌ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

ទន្ទឹមគ្នានេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ ដែលជាយន្តការអចិន្ត្រៃយ៍សម្រាប់បង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកឱ្យមានភាពសកម្មជាក់ស្តែង និងរស់រវើក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញនាំអំណោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ៣៦គ្រួសារ នៅឃុំសំបូរ និងឃុំតាំងក្រាំង ស្រុកបាធាយ។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ទោះបីសម្ដេច មិនបានអញ្ជើញ មកដោយផ្ទាល់ តែសម្ដេច លោក តែងតែមានក្តីនឹករលឹក គិតគូរអំពីសុខទុក្ខជាប្រចាំ ចំពោះ ប្រជាពលរដ្ឋ ទាំងអស់ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក រងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា។

បើតាម លោក ផេន សុផល អភិបាលស្រុកបាធាយ ឲ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ ក្នុងនោះ នៅឃុំសំបូរ បានរងនូវផលប៉ះពាល់ចំនួន ៤ភូមិ ស្នើនឹង ចំនួន ៣៣ ខ្នង (រលំផ្ទះ ០៧ខ្នង របើកដំបូលផ្ទះ ២៥ខ្នង និងដំបូលសាលា ០១ខ្នង) និងនៅភូមិតាពយ រលំផ្ទះ ០៣ខ្នង និងរបើកដំបូលផ្ទះ ០៩ខ្នង និងនៅភូមិបាឡាំង រលំផ្ទះ ០១ខ្នង និងរបើកដំបូលផ្ទះ ០៣ខ្នង នៅភូមិសង្កើប រលំផ្ទះ ០៣ខ្នង របើកដំបូលផ្ទះ១០ខ្នង និងសាលារៀន ០១ខ្នង នៅភូមិវាលរបើកដំបូល ០៣ខ្នង ឃុំតាំងក្រាំង ប៉ះពាល់ ចំនួន ០១ភូមិ របើកដំបូលផ្ទះ ចំនួន ០៣ខ្នង និងភូមិជើងឆ្នុក របើកដំបូលផ្ទះ ៣ខ្នង។

សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ទាំង ៣៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ចំនួន ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ តង់១។ ដោយឡែក គ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ០៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ២០០.០០០រៀល គ្រួសារដែលរងគ្រោះមធ្យម ចំនួន ២៨គ្រួសារ ក្នុង ១គ្រួសារ ថវិកា ចំនួន ១០០.០០០រៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ប្រាប់​ថ្នាក់ដឹកនាំ​ធនាគារហ្វីលីព ភីអិលស៊ី​ ត្រូវ​បង្កើត​ជំនឿ​ ឱ្យ​អតិថិជន​ និង​បុគ្គលិក​របស់​ខ្លួន​ មាន​ការ​ជឿជាក់​ និង​ទទួលបាន​សុខមាលភាព​ សង្គម​ ពិសេស​ត្រូវ​ឈរ​លើ​គោលការណ៍​ ច្បាប់​ ក្រៅពី​នោះ​ត្រូវ​ចូលរួម​ជាមួយ​ រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​មូលដ្ឋាន​ ​ដេីម្បី​រួមគ្នា​ថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ព្រោះ​ការ​បេីក​ធនាគារ​ទៅ​បាន​ដោយ​សារ​ប្រទេស​ជាតិ​យើង​​មាន​សុខសន្តិភាព​នេះ​ហើយ​។

លោកថ្លែង​បែប​នេះ​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវ​អគារការិយាល័យ ធនាគារហ្វីលីព ភីអិលស៊ី សាខាកំពង់ចាម នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

អភិបាលខេត្តកំពង់ចាម​ ក៏បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ ប្រកបដោយភាពកក់ក្ដៅ ចំពោះវត្តមានធនាគារ ហ្វីលីព ភីអិលស៊ី នៅលើទឹកដីខេត្តកំពង់ចាម ខណៈ​ធនាគារ ហ្វីលីព ភីអិលស៊ី បានខិតខំធ្វើការប្រែក្លាយទៅជា សាខាមួយដែលបើកបម្រើការសេវាធនាគារ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេវាកម្មហិរញ្ញវត្ថុ នៅកម្ពុជា តាមរយៈប្រតិបត្តិការនៅ៧០សាខាក្នុងប្រទេសកម្ពុជា ដោយឡែកខេត្តកំពង់ចាមក៏មាន៦ សាខា និងមានបុគ្គលិកកំពុងបម្រើការចំនួន​ ១៣០នាក់​ផងដែរ​។

លោកបានថ្លែងថា​ ដោយ​វឌ្ឍនភាពវិស័យកសិកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ វិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្តកំពង់ចាមក៏មានការីកចំរើនគួរឱ្យគត់សំគាល់ផងដែរ​ ដោយក្នុងនោះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត មានចំនួន ៥០គ្រឹះស្ថាន ជាមួយសាខាសរុប ចំនួន១៥៨ បានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនានា​ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាស​។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព ភីអិលស៊ីរ​ បានឱ្យដឹងថា​ ចាប់តាំងពីឆ្នាំ១៩៧៥​ មកបណ្តាញក្រុមហ៊ុន Phillip Capital បានរីកចម្រើនលើសកលលោក ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុអាស៊ីរួមបញ្ចូលគ្នា ដែលមានបុគ្គលិកច្រើនជាង ៥,០០០នាក់ និង អតិថិជនច្រើនជាង មួយលាននាក់ នៅទូទាំងពិភពលោក ហើយទ្រព្យសម្បត្តិស្ថិតនៅក្រោម ការគ្រប់គ្រងលើស ៣៥ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុនលើសពី ១.៥ពាន់លានដុល្លារ​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និង ពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរចក្រភពអង់គ្លេស-កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍, អប់រំ និងការបោសម្អាតមីន ហើយឆ្នាំ២០២៣ ប្រទេសទាំងពីរក៏គ្រោងរៀបចំព្រឹត្តិការណ៍មួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧០ឆ្នាំនៃចំណងការទូតផងដែរ។ ដោយទ្បែក ចំពោះវិស័យការពារជាតិវិញ ឯកឧត្តម ឯកអគ្គរាជទូត បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តនូវកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ដូចដែលស្តែងឡើងតាមរយៈការចាប់ផ្តើមចូលចតនាវារបស់កងទ័ពជើងទឹកចក្រភពអង់គ្លេស កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសការចូលរួមរបស់ចក្រភពអង់គ្លេសនៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន៖ វិស័យយោធា, វិស័យសុខាភិបាល និងការភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរបន្ថែមទៀត។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស សម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថា ជាច្រើនខែមកហើយក្រុមឈ្មួញបានឃុបឃិតគ្នាធ្វើសកម្មភាព កាយដីបឹងធម្មជាតិ កន្លែងអភិរក្សពូជត្រី បឹងពារាំង ដឹកលក់រាប់រយឡានក្នុង១ថ្ងៃៗ យ៉ាងគគ្រឹកគគ្រេង មិនទាន់ឃើញមានអាជ្ញាធរជំនាញពាក់ព័ន្ធចុះទៅទប់ស្កាត់នៅឡើយ។ ករណីនេះត្រូវបានសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ចេញផ្សាយ ប៉ុន្តែបែរជាសហគមន៍បឹងពារាំង ថាជាព័ត៌មានមិនពិតទៅវិញ។

ប្រការដែលឈ្មួញកាយយកអាចម៍ដី បឹងធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថាក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការចែកផលប្រយោជន៍គ្នាទៅវិញទៅមក។

ករណីនេះ អាជ្ញាធរជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដីបឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេងបែបនេះទេ។ ការកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យ បែបនេះ គេនៅមិនទាន់ដឹងថា មានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ។

ដូច្នេះហើយទើបប្រជាពលរដ្ឋ តាមរយ: អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ស្នើសុំឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធមេត្តាបើកស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ដីបឹងធម្មជាតិ បឹងពារាំងនិងរងការបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ សំណាក់ក្រុមឈ្មួញ ក្នុងនោះដីល្បាប់ផ្នែកខាងលើ ដែលមានជីវៈចម្រុះ អាចនាំឲ្យមានត្រីពងកូន ត្រូវបានឈ្មួញដឹកជញ្ជូនចេញមកក្រៅលក់ ដោយគ្មានការទប់ស្កាត់នោះទេ។

ជុំវិញករណីនេះ លោកអ៊ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់តាមតេឡេក្រាមថា សូមយកព័ត៌មានអោយច្បាស់សិនចាំសរសេរបង ព្រោះពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្ស ដែលមានការឯកភាពពីក្រសួងរួចហើយ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

ខេត្តសៀមរាប៖ពលរដ្ឋម្នាក់ ត្រូវបានរន្ទះបាញ់ សម្លាប់នៅល្ងាចថ្ងៃពុធម្សិលមិញ នៅចំណុចតាមផ្លូវរទេះក្នុងព្រៃសហគមន៍ ស្ថិតក្នុងភូមិត្បែងលិច ឃុំត្បែង  ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ជនរងគ្រោះ ឈ្មោះ  ពីង ហេ ភេទប្រុសអាយុ ៣៩ឆ្នាំ រស់នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុខរបរដើររកឃ្មុំ និងដុតធ្យូង។

ប្រភពបានអីដឹងថា ជនរងគ្រោះ មានស្នាមរន្ទះបាញ់ និងនៅលើសក់ក្បាល ស្នាមឆេះខ្លោចសក់ ហើយ
នៅកន្លែងកើតហេតុ នៅលើដើមឈើទាល មានដើមវល្លិ៍គុយឡើង ហើយដើមវល្លិ៍គុយ មានស្នាមដាច់រលាត់ ដោយសារគ្រាប់រន្ទះបាញ់ និងនៅនិងដីលើផ្លូវ ឃើញមានស្នាមរន្ទះបាញ់ឆូត មួយកន្លែង ចម្ងាយពីជនរងគ្រោះដួល ០៥ ម៉ែត្រ។

យោងតាមការធ្វើកោសល្យវិច័យរបស់ជំនាញនិងគ្រូពេទ្យមណ្ឌលសុខភាពត្បែង សន្និដ្ឋានថា រងគ្រោះបានស្លាប់ដោយសារ រន្ទះបាញ់ពិតមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន​ ចាន់ដា​ បានប្រាប់កម្លាំងនគរបាល និងសហគមន៍ ត្រូវពង្រឹងបន្ថែមសំដៅជំរុញ ការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដើម្បីលើកកម្ពស់ការចូលរួមរបស់ ប្រជាពលរដ្ឋ​ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ការជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច-ឆក់-ប្លន់ ល្បែងស៊ីសងខុសច្បាប់ អំពើហិង្សា ក្រុមក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ ផងដែរ​។

អភិបាលខេត្តកំពង់ចាម​ ក៏បានថ្លែងថា​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមខ្លួនជាស្រេច​ ក្នុងការបន្តអនុវត្ត ដោយយកចិត្តទុកដាក់គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ សំដៅបន្តការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យ​មានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់ខេត្តកំពង់ចាម​ នៅថ្ងៃព្រហស្បតិ៍នេះ លោក អ៊ុន​ ចាន់ដា​ ក៏បាន​សម្តែង​នូវ​ការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ដែល​បាន​ខិតខំប្រឹងប្រែង ការពារដល់ សុខ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋាន ពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រហូតដល់ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ទាំង១០៩ឃុំ​ សង្កាត់ ក្នុងចលនាប្រឡងប្រណាំងការអនុវត្ត គោលនយោយបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។​

លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ក៏បាន​ណែនាំ​ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់​ ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអនុវត្តគម្រោង សកម្មភាពនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់ នៅដោយផ្ទាល់ របស់ប្រជាពលរដ្ឋ ជាពិសេស គម្រោងសកម្មភាពផ្នែកសេវាសង្គម គ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតកាចសាហាវនានា។​ ហើយ​ត្រូវពង្រឹង​ សម្របសម្រួល និងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរធនធានសម្រាប់អនុវត្តគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បាន​រំលឹក​​ដល់​ក្មួយៗ យុវជន​ ឱ្យ​ខិតខំកសាងខ្លួនប្រកបដោយគុណសម្បត្តិ ៣យ៉ាងគឺ បញ្ញា សីលធម៌ និងកាយសម្បទា ដែលជាមូលដ្ឋានគ្រឹះ​ដ៏​សំខាន់បំផុតនៃការអភិវឌ្ឍ ធនធានមនុស្ស ក្នុងនោះត្រូវរស់នៅ​ឱ្យ​ឆ្ងាយ ពីការប្រើប្រាស់គ្រឿងញៀន​ ផងដែរ។

លោកថ្លែង​បែប​នេះ​ក្នុងពិធីបិទការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ​ «​ បេះដូងយុវជនឌីជីថលក្នុងយុគសម័យតេជោសន្តិភាព »​ នៅល្ងាច​ថ្ងៃពុធម្សិលមិញ ក្នុងវិទ្យាល័យសម្ដេចជួនណាត ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។

ថ្លែងក្នុងពិធី អភិបាលខេត្តកំពង់ចាម​ ក៏បាន​ដាស់តឿន​​ដល់​ក្មួយៗ ជាយុវជន​ទាំងអស់​ ត្រូវកាន់ខ្ជាប់នូវឥរិយាបថល្អ មានទំនុកចិត្តលើខ្លួនឯង ឧស្សាហ៍ព្យាយាម អំណត់ អត់ធន់ក្នុងការងារ មានសច្ចៈទៀងត្រង់ មានអធ្យាស្រ័យ ចេះជួយយកអាសារគ្នាទៅវិញទៅមក។ ត្រូវ​គោរពប្រតិបត្តិទៅតាមដំបូន្មានឪពុកម្តាយ ស្តាប់​គ្រូ​ពន្យល់ណែនាំ និង​ឧស្សាហ៍ព្យាយាមធ្វើការ សិក្សាស្រាវជ្រាវ ដោយ​ត្រូវ​បង្កើនការអានពង្រីកចំណេះដឹង ពិសេសត្រូវខិតខំប្រើប្រាស់សមត្ថភាព ផ្ទាល់ខ្លួនក្នុងការប្រឡង ដើម្បីរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរក្នុងនាមជាអ្នកសិក្សា និងជាយុវជន​គំរូ​ ហើយនៅពេលទំនេរកុំភ្លេចលេងកីឡា ចំពោះការលេងកីឡា គឺជាការរួមចំណែក​ ក្នុងការអភិវឌ្ឍសុខភាព និងបញ្ញាស្មារតី ព្រមទាំង​ចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ ឱ្យ​បខ្ជាប់ខ្ជួន។

អភិបាលខេត្ត​ បាន​បន្ត​ថា​ ការវិនិយោគលើយុវជន ជាតម្រូវការចាំបាច់ ដើម្បីប្រទេសជាតិ មានធនធានមនុស្ស គ្រប់គ្រាន់សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិ នា ពេលបច្ចុប្បន្ន និងទៅអនាគត តាមមាគ៌ានយោបាយ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងបន្តនិរន្តរភាពនៃបុព្វហេតុជាតិនេះ ជារៀងរហូត។

អភិបាលខេត្តកំពង់ចាម​ ក៏បាន​រំពឹងទុកថា​​ ការបោះជំរំយុវជនខេត្តកំពង់ចាម ​ឆ្នាំ២០២៣​ នាពេលនេះ​ ជាកម្មវិធីអភិវឌ្ឍ និងបង្កើនសមត្ថភាពយុវជន ដែលមិនអាចខ្វះ បាននៅក្នុងការងារអប់រំ ព្រោះការបោះជំរំនេះ ធ្វើឱ្យយុវជនចេះសង្កេត ចេះពិចារណាដោយ បង្កើនស្មារតីធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រឡាញ់ ថែរក្សា ការពារបរិស្ថាន ប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាពជាពិសេស ការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍ របស់យុវជន​ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ សប្បុរសជន​មកពី​ខេត្ត​ Gyeonggi សាធារណរដ្ឋកូរ៉េ​ ដែល​បាន​ឧបត្ថម្ភរថយន្តសង្គ្រោះ​ ចំនួន​៣គ្រឿង​ ជូន​រដ្ឋបាល​ខេត្ត​ សម្រាប់​ប្រេីប្រាស់​ក្នុង​គ្រា​អាសន្ន​។

គួរ​បញ្ជាក់​ថា​ រថយន្ត​សង្គ្រោះ​ ចំនួន​ ​៣គ្រឿង​ ដែល​បាន​ទទួល​ពី​សប្បុរសជន​ មកពី​សាធារណរដ្ឋកូរ៉េ​ រួម​មាន​ រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​ ២គ្រឿង​ សម្រាប់​ជូន​បន្ត​ទៅ​ឱ្យ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់ ១គ្រឿង ទៀត សម្រាប់​ជូន​បន្ត​ទៅ​ឱ្យ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រីសន្ធរ​ ដេីម្បី​ប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូនអ្នកជម្ងឺ ទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅរាជធានីភ្នំពេញ។

ក្នុង​ពិធី​ប្រគល់​ និង​ទទួល​ រថយន្ត​សង្គ្រោះ​មក​ពី​សាធារណរដ្ឋកូរ៉េ​ នៅសៀលថ្ងៃពុធ ម្ម្សិលមិញ អភិបាលខេត្ត​ ក៏បាន​​សម្ដែង​នូវការ​គោរព ជូនពរចំពោះទីស្នាក់ការ​ អគ្គីភ័យ​ខេត្ត Gyeonggi​ មូលនិធិសុខុមាលភាពសង្គម​ Go&D០ និង​លោក An Joong Hyun ព្រមទាំងសហការី​ ឱ្យ​ជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page174 Page175 Page176 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×